ក្រសួងធម្មការនិងសាសនាឲ្យដឹងថាក្រុមហ៊ុនណាហ្គាវើលចាប់ផ្តើមជួសជុលរបងនិងគ្រោងនឹងសាងសង់ក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យឡើងវិញតាមកិច្ចសន្យា ខណៈបណ្តាញព្រះសង្ឃតវ៉ានៅព្រឹកថ្ងៃសុក្រនេះឲ្យមានការសាងសង់របងជាថ្មី។
ក្នុងលិខិតជូនដំណឹងមួយចុះថ្ងៃទី២៤ ខែមីនា ក្រសួងធម្មការបានបញ្ជាក់ថារបងនិងក្លោងទ្វារពុទ្ធសាសនបណ្ឌិត្យប៉ែកខាងជើងដែលត្រូវបានរុះរើទាំងស្រុងនោះ ពេលនេះក្រុមហ៊ុនកំពុងជួសជុលហើយក្រុមហ៊ុនណាហ្គាវើលក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ជំនាញដើម្បីសាងសង់ក្លោងទ្វារតាមរចនាបទដើមទាំងស្រុងផងដែរ។
លិខិតដដែលឲ្យដឹងទៀតថាកាលឆ្នាំ២០១៤ក្រុមហ៊ុនណាហ្គាវើលបានស្នើសុំកែសម្រួលក្លោងទ្វារសាសន បណ្ឌិត ដើម្បីដំណើរការសាងសង់ផ្លូវក្រោមដី ដោយបានសន្យាជួសជុសនិងសាងសង់តាមរចនាបទដើម វិញ។
ក្រសួងបញ្ជាក់ថា៖ “…សកម្មភាពទាំងនេះក្រសួងធម្មការ និងសាសនាបានយកកំពុងយកចិត្តទុកដាក់ ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំ”។
នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានសម្តែងការមិនពេញចិត្តចំពោះការជួសជុសរបងពុទ្ធសាសនបណ្ឌិតរបស់ក្រុមហ៊ុនណាហ្គាវើលនេះ ដោយលើកហេតុផលថា ក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាប្រាប់ អ្នកសាព័ត៌មានថាក្រុមហ៊ុនបានសន្យាសាងសង់ថ្មីនិងមានការបុកគ្រឹះត្រឹមត្រូវ មិនមែនជួសជុលនោះទេ។
ព្រះតេជគុណ បុត ប៊ុនតិញ ទាមទារឲ្យក្រុមហ៊ុនសង់ថ្មីទាំងអស់ ដោយព្រះអង្គអះអាងថាមិនដូច្នេះទេ នឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពរបង ប៉ះពាល់ស្ថាប័នសាសនានិងប៉ះពាល់ដល់កេរ្តិ៍មរតករបស់ ព្រះមហាក្សត្រជាដើម។
ព្រះអង្គមានសង្ឃដីកាថា៖ “បើមិនធ្វើអាថ្មីឲ្យត្មាទេ ការទាមទានឹងកើតមានហើយផលប៉ះពាល់ ទី១នឹងអាចប្រឈមមុខការដួលរលំសង្កត់ ទី២ប៉ះពាល់ស្ថាប័នសាសនារបស់ជាតិ ទី៣វាបាត់បង់ កេរ្តិ៍មរតករបស់ព្រះមហាក្សត្រដែលព្រះអង្គប្រទានដីនឹងទុកឲ្យប៉ុន្តែព្រះអង្គសោយទិវង្គត មិនទាន់ បាន១០ឆ្នាំផង សមិទ្ធផលនឹងត្រូវបំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ”។
អ្នកនាំពាក្យក្រសួងធម្មការនិង សាសនា លោក សេង សុមុនី ប្រាប់វីអូឌីថាក្នុងកិច្ចសន្យាក្រុមហ៊ុនណា ហ្គាវើលសន្យាសាងសង់ទាំងស្រុងតែក្លោងទ្វារប៉ុណ្ណោះ ចំណែករបងវិញនឹងធ្វើការជួសជុលប្រសិនបើមាន ការបែកបាក់។ លោកបញ្ជាក់ថាពេលនេះក្រុមហ៊ុនកំពុងជួសជុលបានប្រមាណ៦០ភាគរយ ហើយក្រសួង នឹងជំរុញក្រុមហ៊ុនឲ្យពន្លឿនការសាងសង់ឲ្យបានឆាប់។ លោកបញ្ជាក់ថា៖ “ក្រសួងបានចុះពិនិត្យជាបន្តបន្ទាប់មិនមានឃើញស្ថានភាពអ្វីធ្វើឲ្យខូចគុណភាព។ ដូចព្រះអង្គលើកឡើងនោះទេ។ អញ្ចឹងគឺថាសុំឲ្យក្រុមហ៊ុនបន្តធ្វើឲ្យបានលឿន ព្រោះអីក្រុមហ៊ុនគេមួយៗ គេជួលកម្មករគេមានកាលកំណត់របស់គេ”។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីការថាប្រសិនបើក្រុមហ៊ុននៅតែបន្តសាងសង់ ព្រះអង្គនឹងដឹកនាំ ព្រះសង្ឃដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុនសែននិងព្រះមហាក្សត្រនៅពេលឆាប់ៗនេះ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ ក្រុមហ៊ុនណាហ្គាបានសាងសង់ផ្លូវNaga2ដែលធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យស្ថិតនៅចំកណ្ដាលNagaនិងNaga2 ទើបធ្វើឲ្យព័ត៌មាននៃការលក់/ទិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកើតឡើង។ អគារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៨។ ពុទ្ធសាសនបណ្ឌិត្យនេះសាងសង់ឡើងដើម្បីតម្កល់ទុកសៀវភៅធម៌និងសៀវភៅផ្សេងៗទៀតសម្រាប់ព្រះសង្ឃនិងសិស្សសិក្សាស្រាវជ្រាវជាដើម៕