ក្រុមយុវជនដែលតែងតែតវ៉ានៅតាមវេទិការបស់គណបក្សសង្គ្រោះជាតិនិងដាក់ញតិទៅកាន់ស្ថាប័នជាតិមួយចំនួនប្រឆាំងលោក កឹម សុខា នោះបានអះអាងថាសកម្មភាពរបស់ពួកគេគឺចំណាយប្រាក់ដោយខ្លួនឯងផ្ទាល់ដើម្បីរកយុត្តិធម៌ជូនជាតិ។
នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ក្រុមយុវជនដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញមានគ្នាជាង១០នាក់បានដាក់ញតិមួយទៀតទៅកាន់រដ្ឋសភាដោយស្នើឲ្យប្រធានរដ្ឋសភាពន្លឿនកោះហៅលោក កឹម សុខា ចូលបំភ្លឺជុំវិញខ្សែអាត់សំលេងសន្ទនាជាមួយស្រ្តីម្នាក់។ តំណាងយុវជនទាំងនោះលោក ស្រី ចំរើន អះអាងថាការដើរដាក់ញតិនិង សកម្មភាពតវ៉ាកន្លងមកមិនមានការឧបត្ថមថវិកាពីស្ថាប័នណានោះទេគឺជាការស្ម័គ្រចិត្តនិងចំណាយប្រាក់ផ្ទាល់របស់យុវជន។
លោក ស្រី ចំរើន លើកឡើងថា៖ “ជាការពិតយុទ្ធនាការដែលពួកយើងធ្វើសព្វថ្ងៃគឺកើតឡើងដោយឆន្ទៈផ្ទាល់ដោយការសម្រេចចិត្តរវាងបងប្អូននិស្សិតៗដែលពួកគាត់ស្មាក់ចិត្តចូលរួមដោយមានការផ្ដល់ជំនួយពីឪពុកម្ដាយបងប្អូនក៏ដូចជាបងប្អូននិស្សិតៗដែលគាត់មានការងារធ្វើគ៏គាត់ជួយជាមូលនិធិនិងវិភាគទានសម្រាប់ពួកយើងប្រតិបត្តិការលើការងារនេះផងដែរ”។
ការចេញតវ៉ានិងដាក់ញតិកន្លងមកយុវជនទាំងនោះត្រូវចំណាយទាំងការហូបចុក ការចាក់សាំង និងសំភារៈប្រើប្រាស់ទំនើបផ្សេងៗទៀតរួមអាយកូម ទូរសព្ទស្មាតហ្វូន។ ចំណែកយុវជន ស្រី ចំរើន មានរថយន្តទំនើបៗនិងអ្នកបើកបរចាំបើកទ្វាជូនទៅជូនមកដូចជាតំណាងរាស្រ្ត។
ស្ទើរជារៀងរាល់សប្តាហ៍យុវជនទាំងនោះបានចេញតវ៉ានៅតាមបណ្តាខេត្តនៅពេលគណបក្សសង្គ្រោះជាតិធ្វើវេទិកា។ បញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើនដាក់ការងើយឆ្ងល់ថាបានជំនួយមកពីណាដែលពួកគេត្រូវចំណាយនោះ៕