កូរ៉េខាងជើងបានផ្សព្វផ្សាយខ្សែវីឌីអូមួយ រយៈពេល៤នាទី១១វិនាទី មានឈ្មោះថា ជោគវាសនាចុងក្រោយ ដែលខ្សែវីឌីអូនេះ ពិពណ៌នាពីយុទ្ធនាការនៃការធ្វើសង្គ្រាមកាលពីអតីតកាល និង ផែនការបាញ់អាវុធនុក្លេអ៊ែកំទេចសហរដ្ឋអាមេរិក។
ក្នុងខ្សែវីឌីអូនោះ បានបង្ហាញពីទិដ្ឋភាពនៃការធ្វើសង្គ្រាមតាំងពីឆ្នាំ១៩៥០មក ហើយកងទ័ពអាមេរិកទទួលរងការខូចខាត និង បរាជ័យជាបន្តបន្ទាប់។ ក្នុងខ្សែវីឌីអូ ក៏បានបង្ហាញ រូបភាពអាវុធនុយក្លេអ៊ែបាញ់ចេញពីនាវាមុជទឹក ហើយហោះទៅលើកប់ពពក រួចមកធ្លាក់ចុះវិញត្រូវចំរដ្ឋសភាអាមេរិក ក្រោយមកមានគ្រាប់មីស៊ីលមួយហោះទៅបុក កំទេចរូបសំណាករបស់លោកប្រធានាធិបតី Lincoln។ ទិដ្ឋភាពផ្សេងទៀតក្នុងវីឌីអូនេះ គឺបង្ហាញអណ្តាតភ្លើង ឆេះឡើង បាក់អគារ ឆេះ និង ដួលរលំទង់ជាតិអាមេរិក។
វីឌីអូដែលមានបញ្ចូលភ្លេង និង សំឡេងគ្រាប់ផ្ទុះនេះ គេបានបង្ហោះនៅក្នុងទំព័រ YouTube របស់កូរ៉េខាងជើងឈ្មោះ of D.P.R.K. Today។
នៅក្នុងខ្សែវីឌីអូនេះ ព្រមានថា ប្រសិនជាចក្រពត្តិនិយមអាមេរិកហ៊ានតែរករឿងបន្តិច យើងនឹងមិនមានការស្ទាក់ស្ទើរទេ ក្នុងការបាញ់កំទេចដោយអាវុធនុយក្លេអ៊ែ។ ពេលនោះសហរដ្ឋអាមេរិក ត្រូវសួរខ្លួនឯងទៅថា តើនៅមានសញ្ញាតិដែលគេ ហៅសហរដ្ឋអាមេរិកនៅលើផែនដីទៀត ឬ អត់?
ខ្សែវីឌីអូរបស់កូរ៉េខាងជើងនេះ ផ្សព្វផ្សាយឡើងបន្ទាប់ពីមានភាពតានតឹងខ្លាំង ក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និង មីស៊ីលកម្រិតវែងនៅដើមឆ្នាំនេះ ហើយត្រូវសហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិបានសម្រេច ដាក់ទណ្ឌកម្មបន្ថែមលើប្រទេសនេះ។ ចំណុចមួយខ្សែវីឌីអូនេះ ក៏ជាការបង្ហាញពីការប្រឆាំងទៅសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិកដែរ។
ទោះយ៉ាងណា មិនមែនជាលើកទី១ទេ ដែលកូរ៉េខាងជើង បានព្រមានធ្វើសង្គ្រាម កំទេចសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងនោះ។ កាលពីឆ្នាំ២០១៣ កូរ៉េខាងជើង ក៏បានផ្សព្វផ្សាយខ្សែវីឌីអូប្រហាក់ហែលគ្នានេះដែរ ដែលបង្ហាញពីទិដ្ឋភាពនៃមីស៊ីលរបស់ខ្លួនបាញ់កំទេចសេតវិមានអាមេរិក៕