សកម្មជននៅកូរ៉េខាងត្បូងបានរៀបចំធ្វើជាខិតប័ណ្ណប្រឆាំងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង រាប់ម៉ឺនសន្លឹកបង្ហោះតាមបាឡុងចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់។
ក្រុមអ្នកអភិរក្ស និងសកម្មជនខ្លះរត់ចេញពីទឹកដីកូរ៉េខាងជើង បាននាំគ្នាធ្វើខិតប័ណ្ណរាប់ម៉ឺនសន្លឹកបង្ហោះតាមបាឡុងខ្នាតធំដែលមានផ្ទុកហ្គាសច្រើនអាចហោះបានរាប់ឆ្នាំ។ នេះបើតាមសារព័ត៌មានChannel news Asia។
សកម្មជនរត់គេចពីកូរ៉េខាងជើងលោកប៉ាក ស៊ាងហាក់ និង សហការីរបស់លោកបានបង្ហោះខិតប័ណ្ណ៥០០០០សន្លឹក ដែលភ្ជាប់ជាមួយបាឡុងធំៗចំនួន៣ ចេញពីទីក្រុង Paju នៅជិតព្រំប្រទល់កូរ៉េខាងជើង។
បាឡុងមួយក្នុងចំណោម៣ មានភ្ជាប់រូបលោកគឹម ជុងអ៊ុនបោះពុម្ពយ៉ាងធំ ញញឹមទល់មុខកាំជ្រូចមីស៊ីលយ៉ាងច្រើន។
លោក ប៉ាក និយាយថា លោកមានគម្រោងបង្ហោះលិខិតប្រឆាំងរដ្ឋាភិបាលកូរ៉េខាងជើងឲ្យបាន១០លានសន្លឹក នៅបីខែខាងមុខទៀត ដើម្បីថ្កោលទោសការសាកល្បង អាវុធនុយក្លេអ៊ែ និង ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋកូរ៉េខាងជើងបានដឹងពីអំពើព្រៃផ្រៃក្រោមការដឹកនាំរបស់ត្រកូលគីម៕