រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ដោយនឹងពិន័យជាប្រាក់សម្រាប់អ្នកចោលកាកសំណល់ទាំងនេះនាំឲ្យប៉ះពាល់បរិស្ថាននិងអ្នកប្រកបអាជីវកម្មទាំងនេះដោយមិនមានការអនុញ្ញាតពីក្រសួងបរិស្ថាន។
នៅក្នុងអនុក្រឹត្យចុះថ្ងៃទី១ខែកុម្ភៈដែលវីអូឌីទើបតែទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋាភិបាលបញ្ជាក់ថារាល់ការបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទៅក្នុងប្រភពទឹកឬទីលានចាក់សំរាមឬក៏នៅទីសាធារណៈនានានិងការដុតឬការវាយបំបែកសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានឬសុខភាពសាធារណៈ ត្រូវហាមឃាត់។ ក្រសួងបរិស្ថានជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក។ អនុក្រឹត្យបន្តថាក្រសួងបរិស្ថាននឹងចេញគោលការណ៍ណែនាំបច្ចេកទេសស្តីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកប្រកបដោយសុវត្ថិភាពបរិស្ថាន។
បើតាមអនុក្រឹត្យនោះ លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មប្រមូលទិញ ស្តុកទុក ដោះបំបែក ការធ្វើប្រព្រឹត្តកម្មឬឡដុតសំណល់និងការបង្កើតទីលានបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូវនិកត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ បើតាមអនុក្រឹត្យ បុគ្គលត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់មិនលើស៤ម៉ឺនរៀលចំពោះការបញ្ចេញឬបោះបង់ចោលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូវនិកក្នុងប្រភពទឹកឬទីលានចាក់សំរាមឬទីសាធារណៈនានានិងដុតឬវាយបំបែកសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូវនិកដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន។
សម្រាប់បុគ្គលដែលប្រកបអាជីវកម្មដោយគ្មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់២លានរៀលនិងតម្រូវឲ្យផ្អាកសកម្មភាពជាបន្ទាន់។
រដ្ឋាភិបាលបានបញ្ជាក់ថាអនុក្រឹត្យនេះមានគោលដៅដើម្បីគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកចាប់ពីចំណុចបង្កើតរហូតដល់ការបោះបង់ចោលចុងក្រោយ ទប់ស្កាត់ការនាំចូលសំណល់បរិក្ខារនិងអេឡិចត្រូនិកដើម្បីបោះចោលនិងទប់ស្កាត់ការសាយភាពសារធាតុគ្រោះថ្នាក់ពីសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកចូលទៅក្នុងបរិស្ថាន ដីនិងខ្យល់៕