ការព្យាយាមបញ្ចេញខ្សែអាត់សំឡេងជាលក្ខណៈឯកជនទាក់ទិនទៅនឹងលោក កឹម សុខា ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយថ្មីដើម្បីទម្លាក់ប្រជាប្រិយភាពមេដឹកនាំបក្សប្រឆាំង។ របត់នយោបាយថ្មីនៃការទម្លាយខ្សែអាត់សំឡេងនេះធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិប្រកាសពីយុទ្ធសាស្ត្រថ្មីឲ្យសកម្មជនរបស់ខ្លួនឆ្ពោះប្រឹងរត់ទៅកាន់ទីលានបោះឆ្នោត មិនឈ្លោះ មិនឆ្លង និងមិនឆ្លើយ បើទោះបីសកម្មជនរបស់ខ្លួន១៥នាក់ត្រូវបានចាប់ឃុំខ្លួន មេដឹកនាំលោក សម រង្ស៊ី កំពុងនិរទេសខ្លួននិងអនុប្រធានលោក កឹម សុខា ត្រូវតំណាងរាស្ត្របក្សកាន់អំណាចបោះឆ្នោតដកចេញពីអនុប្រធានទី១នៃរដ្ឋសភាក៏ដោយ។
ខ្សែអាត់សំឡេងជាង៣០ភាគដែលគេចុះផ្សាយលើគេហទំព័រក្នុងស្រុកមួយដែលគេស្គាល់ថាស្និតនឹងបក្សកាន់អំណាច ហើយមិនទាន់មានប្រភពឯករាជ្យណាបញ្ជាក់ថាជាសំឡេងសន្ទនាពិតរបស់ប្រធានស្រ្តីលោក កឹម សុខា ឬក៏យ៉ាងណានោះ ធ្វើឲ្យអ្នកតាមដាននិងអ្នកប្រើប្រាស់បណ្តាញសង្គមយល់ថាជាឈុតឆាកនយោបាយដែលមិនបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែសម្រាប់និស្សិតមួយក្រុមដែលអះអាងថាមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយបានចាត់ទុកករណីបែកធ្លាយសំឡេងនេះថាជារឿងសំខាន់សម្រាប់សង្គមជាតិទៅវិញ។ ពួកគេបានដាក់ញត្តិទៅរដ្ឋសភាដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងស្វែងរកជួបលោក កឹម សុខា តាមវេទិកាសាធារណៈនានា ទាមទារឲ្យដឹកនាំបក្សប្រឆាំងរូបនោះបកស្រាយទៅនឹងខ្សែអាត់សំឡេងនេះ។
ជាលទ្ធផលរដ្ឋសភាប្រើអំណាចរដ្ឋឲ្យលោក កឹម សុខា បកស្រាយរឿងបុគ្គលផ្ទាល់ខ្លួននេះតបទៅនឹងការចង់បានរបស់ក្រុមនិស្សិតមួយក្រុមនោះ ចំណែកអង្គភាពប្រឆាំងអំពើពុករលួយវិញបានប្រកាសពីយន្តការបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា តាមពាក្យបណ្តឹងរបស់ក្រុមនិស្សិតនេះផងដែរ។
តើរបត់នយោបាយថ្មីនេះបញ្ចប់នៅពេលណា? ហើយអាចធ្វើឲ្យលោក កឹម សុខា បាត់តំណែងជាមេដឹកនាំបក្សប្រឆាំងឬទេ?
សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា វិភាគថាវិធានការរបស់ស្ថាប័នរដ្ឋកន្លងទៅលោកថាហាក់បង្ហាញរូបភាពនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោក សូ ចន្ថា វិភាគទៀតថាបើវិធានការនោះធ្វើឡើងតាមចន្ទៈនយោបាយដូចមជ្ឈដ្ឋាននានាគិតទុក លោកថាគណបក្សដែលកំពុងគ្រប់គ្រងអំណាចគ្មានសំឡេងគ្រប់គ្រាន់សម្រាប់ដកឬព្យួរអភ័យឯកសិទ្ធិលោក កឹម សុខា ទេ។ លោកថាលោក កឹម សុខា នៅតែមានលទ្ធភាពដឹកនាំគណបក្សសង្គ្រោះជាតិដដែល។ លោកបន្តថា៖ “ករណីដាក់ទៅ(ប្តឹង)អង្គភាពប្រឆាំងអំពើពុករលួយ គេត្រូវស៊ើបអង្កេតឲ្យបានច្បាស់ថាតើពុករលួយហ្នឹងវាយ៉ាងម៉េច ថាតើជាការលួចលុយជាតិ ការលួចលុយសកម្មជន លុយបក្ស ឬក៏យ៉ាងម៉េច យើងអត់ទាន់ច្បាស់នៅឡើយ ខ្ញុំគិតថាការដកអភ័យឯកសិទ្ធិបានទាល់តែមានសំឡេង២ភាគ៣ ហើយនៅពេលនេះដែលខ្ញុំគិតថាលោក កឹម សុខា មិនប្រឈមនឹងរឿងនេះទេបាទ”។
គេនៅចាំបានថាក្រោយពីក្រុមនិស្សិតដាក់ញត្តិទៅកាន់រដ្ឋសភាលោក ហ៊ុន សែន ដែលគេស្គាល់ថាបុរសខ្លាំងនោះ បានគំរាមដោយមិនបញ្ចេញឈ្មោះថាករណីនេះបើរដ្ឋាភិបាលលូកដៃ លោកថានឹងធ្ងន់ជាងនេះដោយលោកអះអាងថាលោកមានឯកសាបញ្ជាក់ថាអ្នកនយោបាយម្នាក់បាននាំស្រីចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។
អ្នកវិភាគនយោបាយឯករាជ្យលោក អ៊ូ វីរៈ លើកឡើងប្រហាក់ប្រហែលនឹងសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា ដែរដោយលោកថាបើពិនិត្យពីទិដ្ឋភាពច្បាប់រាល់ចំណាត់ការទាំងអស់មិនអាចរំលោភបំពានលើអភ័យឯកសិទ្ធិតំណាងរាស្ត្របានទេ។ ប៉ុន្តែលោកថា បើស្ថាប័នរដ្ឋចាត់វិធានការករណីនេះក្រោមឥទ្ធិពលនយោបាយ លោកថាមេដឹកនាំបក្សកាន់អំណាចអាចនៅតែមានប្រៀបលើមេដឹកបក្សប្រឆាំង។ លោកថា៖ “តាមផ្លូវច្បាប់អត់អាចទេ ប៉ុន្តែរឿងតុលាការស្រុកខ្មែរ និងផ្លូវច្បាប់ខ្ញុំជឿថា គាត់(បក្សកាន់អំណាច)អត់ប្រើច្បាប់ទេ យើងមើលទាក់ទងនឹងឯកឧត្តម ហុង សុខហួរ និងករណីផ្សេងៗគាត់អត់ប្រើ(ច្បាប់)អញ្ចឹងរឿងនយោបាយគាត់អាចប្រើតុលាការនិងប្រើគ្រប់រូបភាពទាំងអស់ដើម្បីគាបលោក កឹម សុខា បាន”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចអាចបញ្ចប់ពាក់កណ្តាលទីនៅពេលមានការរិះគន់កាន់តែខ្លាំងពីមតិមហាជនឬអាចរុញឲ្យដល់គោលដៅទាល់តែលោក កឹម សុខា អាចលាចេញពីតំណែង។
បញ្ចប់ពាក់កណ្តាលទី លោក មាស នី វិភាគថាពេលបញ្ចេញខ្សែអាត់សំឡេងលោក កឹម សុខា កាន់តែច្រើនលោកថា មហាជនក៏ទាមទារឲ្យសមត្ថកិច្ចនិងរដ្ឋាភិបាលបំភ្លឺករណីឃាតកម្មសម្លាប់តារាចម្រៀង ពិសិដ្ឋ ពីលីកា ផងដែរ។ ករណីនេះលោកថា បើស្ថាប័នពាក់ព័ន្ធរួមទាំងរដ្ឋាភិបាលផងរកឃាតករនឹងអ្នកពាក់ព័ន្ធមិនឃើញ លោកថាពលរដ្ឋរិតតែដកសេចក្តីទុក្ខចិត្តពីបក្សកាន់អំណាច។
មូលហេតុមួយទៀតលោកថាបក្សកាន់អំណាចអាចនឹងរុញករណីនេះរហូតដល់លោក កឹម សុខា ព្រមទទួលយកលក្ខខណ្ឌអ្វីមួយ។
លោកថា៖ “ល្បែងដែលលេងមកលើ កឹម សុខា នេះហាក់ដូចជាមានបំណងពីរដែលគណបក្សកាន់អំណាចចង់បានគឺ ទី១គណបក្សកាន់អំណាចនៅមិនសុខដោយសារតែតំណែងអនុប្រធានទី១នៃរដ្ឋសភាដែលគេបានបណ្តេញលោក កឹម សុខា ចេញនោះមិនត្រូវបានគេយកទៅដាក់វិញដែលគណបក្សសង្ក្រោះជាតិបានប្តេជ្ញាថាមិនដាក់។ អញ្ចឹងគណបក្សប្រជាជនត្រូវរកមធ្យោបាយដាក់រឿងហ្នឹងទៅវិញ នេះជាការប៉ាន់ស្មានពីខាងក្រៅទេ។ ហើយការដាក់ហ្នឹងមានប្រយោជន៍អ្វីខ្លះ គឺចង់ឲ្យសភាហ្នឹងហៅថាសភាគ្រប់ទឹកឡើងវិញ”។
លោកបន្តថានៅពេលថ្មីនេះមានព័ត៌មានថាគេបានបំផុសឲ្យលោក ប៉ុល ហំម ទៅកាន់តំណែងជាអនុប្រធានទី១នៃរដ្ឋសភាជំនួសតំណែងចាស់របស់លោក កឹម សុខា និងចង់ឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៊ី ដែលជាយុទ្ធសាស្ត្របំបែកបំបាក់។ លោកថា៖ “អញ្ចឹងកាលណាធ្វើបែបហ្នឹងគណបក្សប្រជាជននឹងបានលេសមួយត្រង់ថាលោក កឹម សុខា ហ្នឹងគឺបានធ្វើរដ្ឋប្រហាទម្លាក់លោក សម រង្ស៊ី រួចហើយយកតំណែងហ្នឹងមកកាន់ខ្លួនឯង អញ្ចឹងអ្វីដែលខ្ញុំមើលឃើញគឺមានទិដ្ឋភាពពីរហ្នឹង។ អញ្ចឹងរឿងរបស់លោក កឹម សុខា អាចទៅដល់ទីចុងបញ្ចប់ឬអាចបញ្ចប់ពាក់កណ្តាលរឿង វាអាស្រ័យទៅលើសម្ពាធហ្នឹង”។
ទោះជាយ៉ាងណាទាំងអ្នកវិភាគទាំងអ្នកស្រាវជ្រាវសង្គមអះអាងប្រហាក់ប្រហាក់ប្រហែលគ្នាថាយុទ្ធសាស្ត្រនេះមិនធ្វើឲ្យបក្សកាន់អំណាចទទួលបានការគាំទ្រពីសាធារណៈជនច្រើនទេដោយសាតែពួកគេមើលឃើញថារដ្ឋាភិបាល ប្រព័ន្ទយុត្តិធម៌និងរដ្ឋសភាជាស្ថាប័នតែមួយនោះ។ អ្នកវិភាគនិងអ្នកស្រាវជ្រាវក៏បានផ្តល់អនុសាសន៍ដល់បក្សប្រឆាំងដែរថាឆ្លងតាមបទពិសោទធន៍នេះមេដឹកនាំបក្សប្រឆាំងទាំងលោក សម រង្ស៊ី និងលោក កឹម សុខា គួរពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្លួនឲ្យដំណើរការទៅមុខជានិច្ច បើទោះបីមេដឹកនាំទាំងពីរមិនបានដឹកនាំផ្ទាល់ក៏ដោយ។
អ្នកវិភាគបានជំរុញឲ្យមេដឹកនាំទាំងពីរគួរក្រលេកមើលជ្រុងមួយនៃភាពជោគជ័យរបស់បក្សប្រឆាំងនៅប្រទេសភូមានៅពេលដែលមេដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុង សានសូជី ត្រូវមេដឹកនាំបក្សកាន់អំណាចយោធាចាប់ដាក់ពន្ធនាគារ នៅពេលនោះ ចលនានៃក្បាលម៉ាស៊ីនដឹកនាំរបស់បក្សប្រឆាំងរបស់លោកស្រី អ៊ុង សានស៊ូជី នៅតែដំណើរទៅមុខជានិច្ចរហូតបានឈ្នះការបោះឆ្នោតលើបក្សកាន់អំណាចនាពេលថ្មីៗនេះ៕