ជប៉ុននឹងបើកដំណើរស្ថានីយរ៉ាដាមួយនៅសមុទ្រចិនខាងកើតនៅថ្ងៃចន្ទនេះដើម្បីជាកន្លែងមួយសម្រាប់ការស៊ើបការណ៍ជាអចិន្ត្រៃយ៍ស្ថិតនៅជិតកោះតៃវ៉ាន់និងកម្រងកោះដែលមានជម្លោះ ទាមទារដោយក្រុងតូក្យូ និងប៉េកាំង។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា មូលដ្ឋានកងកម្លាំងការពារខ្លួនឯងថ្មីនេះស្ថិតនៅលើកោះ Yonaguni នៅចុងភាគខាងលិចខ្សែបណ្ដុំកោះរបស់ជប៉ុននៅសមុទ្រចិនខាងកើត ចម្ងាយប្រមាណ១៥០គីឡូម៉ែត្រភាគខាងត្បូងនៃកោះមានជម្លោះដែលគេស្គាល់ថាជាកោះសេនកាគូ (Senkaku) សម្រាប់ប្រទេសជប៉ុន និងដាយអូយូ (Diaoyu) សម្រាប់ប្រទេសចិន។
សាស្រ្តាចារ្យនៅសាកលវិទ្យាល័យនីហុន និងជាអតីតឧត្តមសេនីយ៍ក្នុងកងកម្លាំងការពារខ្លួនរបស់ជប៉ុនលោក Nozomu Yoshitomi បានមានប្រសាសន៍ថា ស្ថានីយ៍រ៉ាដាថ្មីនេះនឹងធ្វើឲ្យប្រទេសចិនក្ដៅក្រហាយ។
លោក Nozomu Yoshitomi បន្ថែមថាក្រៅពីជាកន្លែងសម្រាប់ស្ដាប់សំឡេង កន្លែងនេះអាចត្រូវបានប្រើជាមូលដ្ឋានសម្រាប់ប្រតិបត្តិការយោធានៅក្នុងតំបន់ផងដែរ។ លោកថា ការដាក់ពង្រាយនេះគឺសក្តិសមជាមួយការបង្កើនកងទ័ពកាន់តែធំឡើងនៅតាមបណ្តោយខ្សែកោះនេះដែលលាតសន្ធឹងប្រវែង១៤០០គីឡូម៉ែត្រពីដីគោករបស់ជប៉ុន។
ក្រុមអ្នកបង្កើតគោលនយោបាយបានប្រាប់ភ្នាក់ងារព័ត៌មាន Reuters កាលពីឆ្នាំមុនថា នេះជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននៅប៉ាស៊ីហ្វិកខាងលិច ខណៈដែលទីក្រុងប៉េកាំងទទួលបានការគ្រប់គ្រងលើសមុទ្រចិនខាងត្បូងជិតខាង។
គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងតួក្យួកំពុងមានជម្លោះជាមួយទីក្រុងប៉េកាំងក្នុងការដណ្តើមកាន់កាប់កោះនៅសមុទ្រចិនខាងកើតដែលជប៉ុនហៅថា Senkaku តែចិនអះអាងថាជារបស់ខ្លួនដែរហើយឲ្យឈ្មោះថា Diaoyus៕












