អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។
អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះបានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។
លោក ឡេង ប៉េងឡុង បានច្រានចោលមតិមួយចំនួនថារដ្ឋសភាបានយកចិត្តទុកដាក់រឿងនេះជាជាងញត្តិរបស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “ញត្តិរបស់ប្រជាពលរដ្ឋធ្វើដូចតែគ្នាទេ ឲ្យតែមកដល់ខ្ញុំ ខ្ញុំធ្វើភ្លាម មិនអាចឲ្យយឺតទេ”។
កាលពីថ្ងៃទី២១ខែមីនា អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញ៉ិល បានចេញលិខិតមួយស្នើឲ្យលោក កឹម សុខា បំភ្លឺរឿងញត្តិរបស់យុវជនមួយក្រុម ទាក់ទងនឹងរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក។ រដ្ឋសភាបញ្ជាក់ថា៖ “…ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្រ្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនញត្តិនេះជូនឯកឧត្តម”។
ចំណែកនៅថ្ងៃចន្ទនេះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានជូនដំណឹងទៅប្រធានរដ្ឋសភា លោក ហេង សំរិនថាគណៈកម្មការមិនអាចកោះហៅលោក កឹម សុខា តាមញត្តិរបស់យុវជនដែលដាក់ទៅគណៈកម្មការកាលពីកន្លងទៅ ដោយថានេះផ្ទុយពីរដ្ឋធម្មនុញ្ញ។ នៅក្នុងលិខិតមួយចុះថ្ងៃទី២៨ខែមីនា ប្រធានគណៈកម្មការ លោក អេង ឆៃអ៊ាង ដែលមកពីគណបក្សសង្រ្គោះជាតិបានលើកឡើងប្រាប់ទៅលោក ហេង សំរិនថានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជានិងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ពុំមានមាត្រានិងប្រការណាមួយអនុញ្ញាតឲ្យរដ្ឋសភាកោះអញ្ជើញតំណាងរាស្រ្តមកបំភ្លឺពីបញ្ហាអ្វីឡើយ។
លោក ឡេង ប៉េងឡុង យល់ស្របនឹងការលើកឡើងរបស់លោក អេង ឆៃអ៊ាង។ លោកបញ្ជាក់ថាការកោះហៅតំណាងរាស្រ្តណាម្នាក់ ទាល់តែមានញត្តិរបស់តំណាងរាស្រ្តមួយចំនួន។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា៕