គណបក្សសង្គ្រោះជាតិបានកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់និងមិនតបតចំពោះអ្វីដែលកំពុងកើតមានមកលើគណបក្សមួយនេះ ដោយបក្សនេះថាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនិង”ការផ្លាស់ប្តូរដោយវិជ្ជមាន”។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ គណបក្សប្រឆាំងបានបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់ខ្លួន ដោយមានសមាជិកប្រមាណ១៥០០នាក់ចូលរួម។ ក្រោយបញ្ចប់សន្និបាតនេះ គណបក្សបានចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិងគោលនយោបាយរបស់ខ្លួនចំនួន១២ចំណុចដែលចំណុចសំខាន់ៗមានដូចជាប្រកាន់គោលការណ៍អហិង្សា មិនគុំគួន មិនយកខ្មែរណាធ្វើជាសត្រូវនិងប្រកាន់នូវគោលការណ៍មិនឈ្លោះ មិនឆ្លើយនិងមិនឆ្លងជាដើម។
ថ្មីៗនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងរងការរំខានពីការចោទប្រកាន់ថាមានរឿងអាស្រូវស្នេហាជាមួយនារីម្នាក់ហើយរឿងអាស្រូវនេះត្រូវបាននិស្សិតមួយក្រុមដាក់ញត្តិទៅកាន់រដ្ឋសភា ដើម្បីឲ្យលោកបកស្រាយ។ យុវជនមួយក្រុមនោះក៏បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដោយប្តឹងលោក កឹម សុខា និងចោទថាលោកបានប្រព្រឹត្តអំពើពុករលួយមានប្រាក់ទិញផ្ទះឲ្យនារីម្នាក់។ ចំណែកប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ លើកឡើងថាគោលនយោបាយនេះអាចធ្វើឲ្យគណបក្សប្រឆាំងមួយនេះនឹងកាន់តែមានប្រជាប្រិយភាពជាងគណបក្សកាន់អំណាច ប្រសិនបើគណបក្សប្រឆាំងនោះនៅតែបន្តរងការធ្វើទុក្ខបុកម្នេញពីក្រុមណាមួយនោះ។ លោកបន្ថែមថា៖ “ឥឡូវមានប្រសិទ្ធភាពត្រង់ថាមានគេខឹងរដ្ឋាភិបាល គេអត់ជឿរដ្ឋាភិបាលណា វានៅកណ្តាលវាលពេក វាធ្វើមិនត្រឹមត្រូវ ខ្ញុំមើលទៅការមិនឆ្លើយឆ្លងរបស់គណបក្សសង្គ្រោះជាតិមានប្រសិទ្ធភាព”។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក សូរ ចន្ថា យល់ថាវាជាការល្អដែលអ្នកនយោបាយប្រកាន់គោលការណ៍អហិង្សា មិនគុំគួននិងមិនរើសអើងគ្នាទៅវិញទៅមក ដោយលោកថាចំណុចទាំងនេះធ្វើឲ្យខ្មែរមានការរួបរួមនិងអាចរួមគ្នាគិតពីប្រយោជន៍ជាតិ។ ទោះយ៉ាងណា លោកថាការមិនឈ្លោះ មិនឆ្លើយ មិនឆ្លងរបស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើងដើម្បីតែបញ្ចប់បញ្ហាមួយចំនួនដែលគណបក្សនេះឬមេដឹកនាំគណបក្សនេះកំពុងជួបប្រទះប៉ុណ្ណោះ។ លោកថាបញ្ហាមួយចំនួនដែលកំពុងកើតឡើងចំពោះគណបក្សនេះបានរំខានដល់ការបំពេញតួនាទីនិងការងាររបស់គណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថាខ្មែរគ្រប់ភាគីបក្សនយោបាយគួរប្រកួតប្រជែងគ្នាពីគោលនយោបាយជាជាងវាយប្រហាររឿងបុគ្គល។
លោកមានប្រសាសន៍ថា៖ “ខ្ញុំចង់ឲ្យខ្មែរគ្រប់រូប ខ្មែរគ្រប់និន្នាការរួបរួមគ្នាគិតពីប្រយោជន៍ជាតិ ហើយងាកមកប្រកួតប្រជែងគ្នាដោយគោលនយោបាយ ជាងជាងការវាយប្រហារគ្នាដោយបុគ្គល ការវាយប្រហារគ្នាដោយបុគ្គលមិនមានអីចំណេញដល់ជាតិទេ ប៉ុន្តែបែរជាធ្វើឲ្យបែកបាក់ជាតិទៅវិញបាទ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថាអ្វីដែលមានក្នុងទិសដៅនិងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាទ្រឹស្តីដែលគណបក្សនេះមិនបានអនុវត្តតាមនៅឡើយ។ លោកលើកជាឧទាហរណ៍ថាគណបក្សសង្គ្រោះជាតិប្រកាន់គោលការអហិង្សា តែលោកថាក្រោយការបោះឆ្នោត គណបក្សនេះបានដឹកនាំបាតុកម្មចង់ទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីតំណែង ដែលលោកថាទង្វើនេះបានប្រឆាំងទៅនឹងឆន្ទៈម្ចាស់ឆ្នោត។
លោកបន្ថែមថា៖ “យកតាមពាក្យស្លោកថាដូរមិនដូរ ដូរ ដូរមិនដូរ ដូរ ហ៊ុន សែន អើយចុះចេញទៅហើយដាក់ជណ្តើរឲ្យចុះ បើហ៊ុន សែន មិនចុះទេទាញទម្លាក់ រំលោភរដ្ឋធម្មនុញ្ញ រំលោភឆន្ទៈប្រជាពលរដ្ឋទាំងស្រុងហើយ គាត់ថាគាត់អត់មានធ្វើអីអំពើហិង្សា គ្រាន់តែពាក្យសម្តីហ្នឹងហឹង្សាបាត់ទៅហើយ”។
អ្នកនាំពាក្យរូបនេះលើកឡើងទៀតថាថ្នាក់ដឹកនាំគណបក្សនេះមិនបានអនុវត្តវប្បធម៌សន្ទនាឲ្យបានពេញលេញនោះទេ ដោយលោកថាលោក សម រង្ស៊ី តែងតែចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនថាជាជនផ្តាច់ការនិងប្រមាថលាបពណ៌ឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនជាដើម។
បើតាមសេចក្តីសម្រេចរបស់សន្និបាត សមាជិកបក្សបានគាំទ្រឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិព្យាយាមអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហានានាដោយសន្តិវិធីជាមួយគណបក្សកាន់អំណាចតាមគោលការណ៍វប្បធម៌សន្ទនា៕