បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ប៉ាគីស្ថាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦៩​នាក់ របួស​ជា​ច្រើន​រយ​នាក់​

(រូបភាពពី BBC)

មន្ត្រី​ប៉ាគីស្ថាន​ឲ្យ​ដឹង​ថា យ៉ាងហោចណាស់មនុស្ស៦៩​នាក់បានស្លាប់ និងរាប់រយ​នាក់​ផ្សេង​ទៀត​បាន​រងរបួសនៅក្នុងការបំផ្ទុះគ្រាប់​បែក​​នៅសួនសាធារណៈមួយកាល​ពី​ថ្ងៃ​អាទិត្យ នៅក្នុងទីក្រុង Lahore ​ភាគកើត​ប្រទេស​ប៉ាគីស្ថាន ដោយ​ភាគច្រើន​នៃ​អ្នក​ស្លាប់​ជា​ស្ត្រី​ និង​កុមារ។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC បាន​រាយការណ៍​ថា នៅ​ពេល​ដែល​គ្រាប់​បែក​ត្រូវ​បាន​ផ្ទុះឡើង មាន​មនុស្ស​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​សួន Gulshan-i-Iqbal ដ៏​ពេញ​និយម ដោយ​អ្នក​ខ្លះ​កំពុង​ប្រារព្ធ​ពិធី​បុណ្យ Easter ដែល​ជា​បុណ្យ​ធំ​មួយ​នៅ​ក្នុង​សាសនា​គ្រិស្ត​។

មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​នៃ​ទីក្រុង​ Lahore លោក Muhammad Usman បាន​ប្រាប់ភ្នាក់ងារ​សារព័ត៌មាន​ AFP ថា ករណី​នេះ​គឺ​ជា​ការវាយ​ប្រហារ​គ្រាប់​បែក​អត្តឃាត ដោយ​លោក​ថា អ្នក​បំផ្ទុះ​គ្រាប់​បែកនោះ​បាន​ចូល​ទៅ​ក្នុង​សួន​នោះ​ រួច​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​កន្លែង​ក្មេង​​លេង ​ក្បែរ​ច្រករថយន្ត​ចេញ​ចូល​​។

មន្ទីរពេទ្យធំ​ៗ​ទាំងអស់នៅក្នុងតំបន់បានស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ បន្ទាប់ពីការផ្ទុះនេះ។ ប្រធានាធិបតីប៉ាគីស្ថានបានថ្កោលទោសចំពោះការផ្ទុះនេះ ហើយ​រដ្ឋាភិបាលក្នុងតំបន់បានប្រកាសកាន់​ទុក្ខ​រយៈ​ពេល​៣ថ្ងៃ។

ក្រុងLahoreគឺជាទីក្រុង​ធំ​របស់​ខេត្ត​ Punjab ដែល​ជា​ខេត្តធំបំផុត និងមានជាង​គេ​របស់ប៉ាគីស្ថាន ហើយ​ជាមូលដ្ឋានអំណាចនយោបាយរបស់នាយករដ្ឋមន្រ្តី Nawaz Sharif ផងដែរ​។

ពួកបំបែក​ខ្លួន​តាលីបង់ Jamaat-ul-Ahrar បាន​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិចថា ពួក​គេ​គឺជាអ្នក​នៅពីក្រោយការវាយប្រហារនេះ។ អ្នកនាំពាក្យឲ្យ​ក្រុម​នេះ លោក Ehsanullah Ehsan បានប្រាប់ព័ត៌មាន Express Tribune របស់​ប៉ាគីស្ថានថា៖ “យើងប្រកាស​ពី​ការ​ទទួលខុសត្រូវចំពោះការវាយប្រហារទៅលើពួកអ្នកកាន់​សាសនា​គ្រិស្ត​ទាំងនោះ ខណៈពេល​ពួក​គេ​ប្រារព្វពិធីបុណ្យ Easter”​។

ប្រទេស​ប៉ាគីស្ថានបានទទួលរងនូវឧប្បត្តិហេតុហិង្សាជា​ប្រចាំជាប់​ពាក់ព័ន្ធ​នឹងពួកតាលីបង់​ដូចជា​ជម្លោះនិកាយ និងសកម្មភាពទំនើងព្រហ្មទណ្ឌ។

ទន្ទឹមនឹងនេះដែរ នៅក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាត នគរបាល​បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់​អ្នក​តវ៉ារាប់ពាន់នាក់ដែលបានដើរជាក្បួនបង្ហាញ​ការគាំទ្រដល់​ខ្មាន់កាំភ្លើងអ៊ិស្លាមនិយមលោក Mumtaz Qadri ដែលពួកគេមើលឃើញថាជាវីរបុរសសាសនា។ លោក Mujmtaz Qadri ត្រូវ​បានគេព្យួរកកាលពីខែមុន ពីបទសម្លាប់លោក Salman Taseer អភិបាលនៃរដ្ឋ Punjab កាល​ពី​ប្រាំឆ្នាំមុន​។ លោក Taseer ដែល​ត្រូវ​បាន​សម្លាប់​នោះ​បានការពារស្ដ្រីកាន់សាសនា​គ្រិស្ត​ម្នាក់ដែល​បាន​ជាប់គុកពីបទចោទប្រកាន់ប្រមាថព្រះជាម្ចាស់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ