ពលរដ្ឋជាង១០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្ដព្រះវិហារ ខណៈតំណាងពីរនាក់ចូលបំភ្លឺ

ប្រជាពលរដ្ឋជាង១០០នាក់ដែលមានជម្លោះដីធ្លីមកពីស្រុកសង្គមថ្មីខេត្ដព្រះវិហារ បានប្រមូលផ្ដុំគ្នា​នៅ​ខាងមុខតុលាការខេត្ដនេះដោយ​អះអាងថា ខ្លាចតុលាការឃុំខ្លួនតំណាងពួកគេពីរនាក់ ដែលចៅក្រម​សាក​សួរ​តាមបណ្ដឹងក្រុមហ៊ុន។

ពលរដ្ឋដែលត្រូវតុលាការសាកសួរ នៅឃុំស្ដៅ ស្រុកសង្គមថ្មី លោក កែ ឡូត ប្រាប់VODនៅ​ថ្ងៃ​​នេះ​ថាតំណាងពលរដ្ឋពីរនាក់មានរូបលោក និងឈ្មោះ ហ៊ួន សុខ ត្រូវបានតុលាការខេត្ដព្រះវិហារឲ្យចូលបំភ្លឺនៅ​​រសៀលថ្ងៃ​ទី២៨ខែមីនានេះករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនឈ្មោះ អ៊ែមភើលហ្វឃឹស ដោយចោទថាបំផ្លិច​​បំ​ផ្លា​ញ​​ទ្រព្យ​សម្បត្ដិ​អ្នកដទៃកាលពីចុងឆ្នាំ២០១៥។ លោកបន្ដថា ការកោះហៅលោកឲ្យចូលបំភ្លឺនេះជា​រឿង​អយុ​ត្ដិ​ធម៌​ដោយលោកថា លោកមិនបានបំផ្លាញដូចការចោទប្រកាន់ឡើយ​។ លោកបន្ថែមថា៖ “បាទ! ​ខ្ញុំ​មិន​​​បានចូល​រួមទេគឺឈ្មោះខ្ញុំដែលឡើងពីថ្ងៃនេះមិនបានចូលរួម​ទេគឺខ្ញុំនៅក្នុង​ភូមិ​នៅ​​មើល​កីឡ​ប្រដា​ល់​អីណោះ ប៉ុន្ដែគេ​ចោទប្រកាន់ ប៉ុន្ដែប្រជាពលរដ្ឋមានការព្រួយ​បារម្ភទើបឡើង​មក​ការ​ពារ​​​​ដោ​យចាំ​ឃ្លាំ​មើល​ថាការ​ដោះស្រាយ​វាយ៉ាង​ម៉េចវិញ”។

តំណាងពលរដ្ឋមួយរូបទៀតលោក ហ៊ួន សុខ យល់ថាចំណាត់ការបស់តុលាការនេះជាការគំរាមកំ​ហែងនិងបំភិតបំភ័យដល់​​ពល​រដ្ឋ​ដែល​ខ្វះការយល់ដឹងប៉ុណ្ណោះ ប៉ុន្ដែលោកថាពួកគាត់គ្មាន​ការព្រួយបារម្ភពី​តុ​លា​ការ​​ចោទប្រកាន់ឡើយព្រោះពួកលោក​មិនជាប់ពាក់ព័ន្ធនឹងការបំផ្លាញទ្រព្យក្រុម​ហ៊ុន​​អ៊ែមភើលហ្វឃឹស​ឡើយ​។ លោកបន្ថែមថា លោកមានពលរដ្ឋជាង១០០នាក់ធ្វើជាសាក្សីបញ្ជាក់​ថាពួកគាត់មិនជាប់ពាក់ព័ន្ធនឹងការបំផ្លាញទ្រពសម្បត្ដិអ្នកដទៃឡើយ។ ​លោកមានប្រសាសន៍ថា៖ “ចង់​ទាមទារឲ្យតុលា​ការហ្នឹង​គាត់​​រក​យុត្ដិ​​ធម៌ឲ្យ​ជន​ដែល​ជាប់ចោទ ដែលចោទមិនសមហេតុផល ដែលចោទទៅលើដែលគ្នាមិ​នបានទៅដុត​ដៃដុតជើង​សោះ​ចោទប្រកាន់លក្ខណៈធ្ងន់ធ្ងរ គាត់ព្រួយបារម្ភថា គាត់ហ្នឹងអត់មានពាក់​ព័ន្ធអី​ផងបែជា​កោះ​ហៅ​​គា​ត់ព្រួ​យ​បារម្ភ​គាត់មកការ​ពារ​ពួ​កខ្ញុំ”។

ទាក់ទងករណីនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដព្រះវិហារដែលកាន់សំណុំរឿងនេះលោក សាយ ណូរិទ្ធ មានប្រសាសន៍ខ្លីថា លោកបានឲ្យពលរដ្ឋត្រឡប់ទៅលំនៅឋានវិញហើយដោយ​សារ​ខាងពលរដ្ឋគ្មានមេធាវីការពារ។ លោកបន្ថែមថា៖ “ចាំខ្ញុំហៅម្ដងទៀត អត់អីទេអោយទៅផ្ទះវិញហើយបាទ”។

ទោះជាយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា តាមការស៊ើបអង្កេតកន្លងមកពលរដ្ឋដែលបានបំផ្លាញទ្រព្យសម្បត្ដិក្រុមហ៊ុនក្នុងជ​ម្លោះ​ដីធ្លីនោះដោយ​សារតែគ្មានដំណោះស្រាយពីអាជ្ញាធរ។ លោកបន្ថែមថាតំណាងពលរដ្ឋគឺលោក កែ ឡូត និងលោក ហ៊ួន សុខ ដែលតុលាការ​ឲ្យចូល​បំភ្លឺនេះមិនជាប់ពាក់ព័ន្ធ ដូចពាក្យបណ្ដឹងរបស់ក្រុមហ៊ុនឡើយដោយលោកស្នើឲ្យតុលាការពិចារណាទៅលើបទចោទនេះ។ លោកបន្ដថា៖ “ហើយបើយើងឃើញអ្នកប្រព្រឹត្តកន្ល​ងមកគឺមិនមែនតែប៉ុន្មាននាក់ទេគឺរាប់រាយ​នាក់ណោះ តែពីរនាក់ដែលកំពុងសាកសួរនេះ​ជាក់ស្ដែងពួកគាត់​មិនបានទៅដល់ដុតបំផ្លាញរបស់ក្រុមហ៊ុនឡើយ”។

កាលពីខែកញ្ញា​ចុងឆ្នាំ២០១៥ ពលរដ្ឋប្រមាណ៦០០នាក់ នៅឃុំស្ដៅ ស្រុកសង្គមថ្មី បាននាំគ្នាដុត​បំផ្លា​ញ​ផ្ទះស្នាក់នៅរបស់កម្មករក្រុមហ៊ុន អ៊ែមភើលហ្វឃឹសអស់ចំនួន១១ខ្នងក្រោយពេលក្រុមហ៊ុននោះ​ឈូស​ឆាយ​លើដីអ្នកភូមិ​ជាបន្ដបន្ទាប់ដោយពលរដ្ឋថាអាជ្ញាធរ​គ្មានចំណាត់ការលើក្រុមហ៊ុននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ