នាយករដ្ឋមន្រ្តី​សម្រេច​​តែង​តាំងរដ្ឋលេខា​ធិការ៤រូប​បន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ស្នើ​តែង​តាំង​រដ្ឋលេខា​ធិការចំនួន​៤រូបបន្ថែម​ទៅក្នុង​ក្រសួង​​ចំនួន​ ដោយ​អះ​អាង​ថាការ​តែង​តាំង​នេះជាសេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​​រដ្ឋាភិបាល។

ក្នុង​លិខិត​ចុះ​ថ្ងៃ​២៥ខែមីនាផ្ញើទៅ​ប្រធានរដ្ឋសភា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរថាលោក​​ស្នើ​​តែ​ងតាំង​បំពេញ​សមាស​ភាព​នៃ​​រដ្ឋាភិបាលបន្ថែម ដែល​ក្នុង​នោះមាន​​លោក អ៊ី ឈាន អតីត​​អភិបាល​ខេត្ត​ប៉ៃ​លិននិង​មន្រ្តីក្រសួងមហាផ្ទៃ​ ត្រូវ​បានតែងតាំង​ជា​​​រដ្ឋលេខា​ធិការក្រសួង​ការពារ​ជាតិ និងលោក​ លុយ ដាវីត ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេសនិង​សហប្រតិ​បត្តិការ​អន្តរជាតិ។

លោក​នាយក​រដ្ឋ​មន្ត្រីក៏បាន​ស្នើ​​តែង​តាំង​ លោក ណៅ​ ធួក​ និង​ លោក លី​ ផល្លា ដែល​លោក​អ្នកទាំងពីរ​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និងនេសាទ ​ជា​​រដ្ឋ​លេខាធិការនៃ​ក្រសួង​នេះ។

ក្នុង​លិខិត​នោះ​ លោកនាយករដ្ឋមន្រ្តី​បញ្ជាក់​ថាការ​តែ​ង​តាំង​អ្នក​ទាំង​៤​​នេះគឺ​​ដោយ​យោ​ង​ទៅ​លើ​សមត្ថ​ភាពនិង​បទ​ពិសោធន៍ការ​ងារ ព្រម​ទាំង​យោង​តាម​សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​​រដ្ឋាភិបាល។​

គួរ​បញ្ជាក់​ផងដែរ​ថាកាល​ពីថ្ងៃ​ទី​១៦ មីនា លោក​នាយករដ្ឋ​មន្ត្រី​ក៏បាន​ផ្ញើ​លិខិត​ទៅ​កាន់ប្រធាន​រដ្ឋសភា​អំពី​សំណើ​សុំឲ្យ​មានការរៀបចំបោះឆ្នោតផ្តល់​សេចក្តី​ទុកចិត្ត​ពីរដ្ឋសភា​លើការ​កែសម្រួល​សមាស​ភាព​រដ្ឋា​ភិបា​ល។ ក្នុងសំណើនោះលោកនាយក​រដ្ឋ​មន្ត្រីបានសម្រេចបញ្ចប់​មុខងាររដ្ឋមន្រ្តី​ចំនួន៣​រូប​និង​ផ្លាស់​ប្តូរ​​រដ្ឋ​មន្រ្តី​ចំនួន៥រូប​ឲ្យទៅ​ដឹកនាំក្រសួងផ្សេងវិញ។ ក្នុង​នោះ​ផង​ដែរក្រៅពីការស្នើសុំបញ្ចប់និង​ផ្លាស់​ប្ដូរតួនាទីរដ្ឋមន្ត្រី លោក​​ក៏បាន​ស្នើ​តែង​តាំង​មន្ត្រី​១១រូប​ផ្សេងទៀត​សម្រាប់​តំណែង​រដ្ឋ​លេខា​ធិ​ការផងដែរ។ ទោះ​បី​ជា​​មាន​ការ​រុះ​រើនិង​ផ្លាស់​ប្តូរ​បែបនេះ​ក៏​ដោយ អ្នក​វិភាគ​ឲ្យ​ជាយោ​បល់​ថា​រដ្ឋា​ភិ​បាល​​គួរ​តែកាត់​បន្ថយ​សមាជិ​ក​គណៈ​រដ្ឋ​មន្ត្រី​របស់ខ្លួនឲ្យនៅតិចជាងនេះ ដោយ​លោក​ថានៅ​ប្រទេស​ដែល​មានសេដ្ឋកិច្ច​លូតលា​ស់​​ជាង​កម្ពុជា​ដូចជា​ប្រទេសថៃនិងសិង្ហបុរី គឺមានចំនួន​សមា​ជិក​គណៈ​រដ្ឋ​មន្ត្រី​តិចជាងកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ