កងទ័ពស៊ីរីដណ្ដើមបានមកវិញទីក្រុងបុរាណប៉ាលម៉ៃរ៉ា (Palmyra) ពីក្រុមរដ្ឋអ៊ីស្លាមកាលពីថ្ងៃអាទិត្យ និងបានសន្យាធ្វើការកសាងជ័យជម្នះបន្ថែមទៀតប្រឆាំងនឹងតំបន់កាន់កាប់ផ្សេងទៀតរបស់ក្រុមជីហាដ។
សារព័ត៌មាន Channel News Asia បានចុះផ្សាយថា លោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar al-Assad)បានសាទរចំពោះជ័យជម្នះនេះ និងចាត់ទុកថាជារឿង “សំខាន់” ខណៈដែលសមភាគីរុស្ស៊ី និងជាសម្ព័ន្ធមិត្តលោក Vladimir Putin បានអបអរសាទរសម្រាប់ការកាន់កាប់ឡើងវិញតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ។
អ្នកឆ្លើយឆ្លងឲ្យភ្នាក់ងារព័ត៌មាន AFP ម្នាក់ដែលស្ថិតនៅក្រុងប៉ាលម៉ៃរ៉ាបាននិយាយថា បូជនីយដ្ឋាននានាដែលត្រូវបានបំផ្លាញដោយសង្គ្រាមសាសនា រាប់បញ្ចូលទាំងប្រាសាទ Bel ផងស្ថិតនៅក្នុងស្ថានភាពជាបំណែក ប៉ុន្តែភាគច្រើននៃទីក្រុងបុរាណនេះគឺនៅដដែលមិនត្រូវបានខូចខាតនោះទេ។
អ្នកកាសែតរូបនេះបានបន្តទៀតថា លំនៅដ្ឋានរបស់ពលរដ្ឋនៅក្នុងទីក្រុងទំនើបជាប់គ្នានោះ ដែលពីមុនមានមនុស្សប្រមាណ៧០០០នាក់រស់នៅនេះ ត្រូវបានគេបោះបង់ចោល និងរងការខូចខាតស្ទើរគ្រប់ទីកន្លែង។
សង្គ្រាមសាសនារដ្ឋអ៊ីស្លាមបានបង្កឱ្យមានការតវ៉ាជាសកលនៅពេលដែលពួកគេបានចាប់ផ្តើមបំផ្លាញបូជនីយដ្ឋានដ៏មានតម្លៃរបស់ក្រុងប៉ាលម៉ៃរ៉ា នៅពេលដែលពួកគេបានគ្រប់គ្រងលើទីក្រុងនេះកាលពីខែឧសភា ឆ្នាំ២០១៥។
កងទ័ពស៊ីរីបាននិយាយថា ជ័យជម្នះកាលពីថ្ងៃអាទិត្យ មានន័យថាឥឡូវនេះទីក្រុងនេះនឹងបម្រើជាមូលដ្ឋានដើម្បី “ពង្រីកប្រតិបត្ដិការ” ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម រួមបញ្ចូលទាំងនៅតំបន់កាន់កាប់របស់ពួកគេនៅក្រុងរ៉ាកា (Raga) និងក្រុងដាយ អេស័រ (Deir Ezzor) ភាគខាងកើត៕