គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹងថាយុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅផ្ទះរបស់លោក កឹម សុខា នៅរសៀលថ្ងៃអង្គារនេះ។
លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះអាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌីថាកាលពីថ្ងៃចន្ទ គណបក្សបានដាក់លិខិតទៅក្រសួងមហាផ្ទៃឲ្យជួយការពារសុវត្ថិភាពថ្នាក់ដឹកនាំនៅទីកន្លែងដែលក្រុមយុវជនគ្រោងតវ៉ា។ លោកបន្តថាការហែញត្តិគឺជាសិទ្ធិរបស់យុវជនទាំងនោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួងបានទទួលលិខិតរបស់គណបក្សសង្រ្គោះជាតិរួចហើយ តែលោកបានស្នើឲ្យគណបក្សរកអន្តរាគមន៍ពីប៉ុស្តិ៍នគរបាលនៅជិតនោះ ប្រសិនបើមានករណីចាំបាច់ណាមួយ។
នៅពេលទាក់ទងម្តងទៀត លោក យឹម សុវណ្ណ បានបញ្ជាក់ថានេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃក្នុងការចាត់ចែងកម្លាំងការពារសុវត្ថិភាព។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិធ្លាប់បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើឲ្យចាត់កម្លាំងការពារផ្ទះរបស់មេដឹកនាំបក្សប្រឆាំង ព្រមទាំងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោម ក្រោយពីមានហេតុការណ៍នៃការវាយតំណាងរាស្រ្តបក្សប្រឆាំងនៅក្បែររដ្ឋសភា។ កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥ បាតុករមួយក្រុមបានតវ៉ានៅផ្ទះរបស់លោក កឹម សុខា ទាមទារឲ្យលោកចុះចេញពីតំណែងជាប្រធានទី១នៃរដ្ឋសភា។ ការតវ៉ានោះមានការគប់ដំថ្មមួយចំនួនចូលផ្ទះរបស់លោក កឹម សុខា ផងដែរ។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហានេះ កាលពីសប្តាហ៍មុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយថាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណែករដ្ឋសភាបានផ្ញើលិខិតមួយទៅលោក កឹម សុខា ឲ្យបកស្រាយរឿងអាស្រូវស្នេហានេះ តាមញត្តិរបស់យុវជនដែលបានដាក់ទៅរដ្ឋសភា៕