ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់អ្នកនេសាទចិន៤១នាក់នៅក្បែរកោះដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយរឹបអូសបានផ្កាថ្មនិងអណ្តើកជិតផុតពូជមួយប្រភេទសរុបប្រមាណ១៥តោន។
សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរតៃវ៉ាន់បានឃាត់ខ្លួនអ្នកនេសាទចិនទាំង៤១នាក់កាលពីថ្ងៃទី២២ ខែមីនា បន្ទាប់ពីរកឃើញថាអ្នកទាំងនោះកំពុងប្រើប្រាស់នាវាចំណុះ៣០០តោនរបស់ពួកគេដើម្បីនេសាទខុសច្បាប់នៅតំបន់ដែនកោះមានជម្លោះTongsha។
មន្ត្រីតៃវ៉ាន់បានឲ្យដឹងថា ពួកគេបានរកឃើញផ្កាថ្មនៅលើនាវារបស់ជនជាតិចិនទាំងនោះ ជាមួយនឹងអណ្ដើកជិតផុតពូជ៣ក្បាល និងសារធាតុគីមីប្រហែល៤០គីឡូក្រាមប្រើសម្រាប់សម្លាប់ត្រី។
លោក Allen Chen អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវជីវចំរុះរបស់តៃវ៉ាន់បានប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា៖ “ការខូចខាតដែលពួកគេធ្វើឱ្យប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ីនៅតំបន់កោះTongsha នេះគឺពិបាកក្នុងការប៉ាន់ស្មាន”។
លោកបន្តថា “នាវាចិននេះនឹងទទួលបានទ្រព្យសម្បត្តិច្រើន ប្រសិនបើពួកគេអាចបើកចេញទៅជាមួយនិងចំនួនដ៏ច្រើននៃផ្កាថ្មប៉ប្រះទឹកដ៏មានតម្លៃនេះ ហើយលក់វានៅប្រទេសរបស់ខ្លួន”។ លោកបន្ថែមទៀតថា តម្រូវការផ្កាថ្មនៅក្នុងប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលនៅតែបន្តរបស់ខ្លួន។
កោះ Tongsha ស្ថិតនៅប្រហែល ២៤០ម៉ាយ (៣៨៦គីឡូម៉ែត) ពីកំពង់ផែ Kaohsiung ភាគខាងត្បូងរបស់កោះតៃវ៉ាន់ ហើយប្រទេសចិនក៏ទាមទារយកកោះនេះផងដែរ។
រដ្ឋអាជ្ញារបស់តៃវ៉ាន់កំពុងរៀបចំចោទប្រកាន់នាវិកចិន ដោយចោទប្រកាន់ពីបទរំលោភច្បាប់ការពារសត្វព្រៃ និងច្បាប់ដែលគ្រប់គ្រងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងចិនដីគោក។ ប្រសិនពួកគេត្រូវបានផ្តន្ទាទោស អ្នកនេសាទទាំងនោះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរួមជាមួយនឹងការពិន័យ៕