សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវសញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាពិធីបំពាក់អាវជាសញ្ញាបត្រកិត្តិយសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្រុមហ៊ុនទ្រី ភាព ក្បែរមន្ទីរពេទ្យអង្គឌួង។ លោកបន្តថាមុននឹងរៀបចំពិធីបំពាក់អាវកិត្តិយសនេះ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។
នៅពេលសួរពីមតិមួយចំនួនដែលថាលោក ទ្រី ភាព ជាឈ្មួញឈើ លោក ឈួន ចាន់ថន មានប្រសាសន៍ថា៖ “ទាក់ទងនឹងរឿងព្រៃឈើហ្នឹង យើងនិយាយដែរ តែគាត់ធ្វើសុទ្ធតែស្របច្បាប់ គាត់បង់ពន្ធត្រឹមត្រូវ ក្រុមហ៊ុនគេមានឯកសារបង់ពន្ធត្រឹមត្រូវទាំងអស់ ធ្វើអីសុទ្ធតែមានច្បាប់ ខុសពីការនិយាយពាក្យចចាមអារ៉ាម”។ លោកបញ្ជាក់ថា៖ “លោកឧកញ៉ាកាប់ឈើអីហ្នឹង ជារឿងមិនត្រឹមត្រូវ។ អ្វីដែលគេធ្វើជារឿងអភិវឌ្ឍន៍ទាំងអស់។ ជាក់ស្តែងលោក ឧកញ៉ាទ្រី ភាព មានស្នាដៃច្រើនមែនទេ”។
លោក ឈួន ចាន់ថន ធ្លាប់ប្រាប់វីអូឌីថាសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងសញ្ញាបត្របណ្ឌិតធម្មតា ដោយលោកថាសញ្ញាបត្របណ្ឌិតកិត្តិយសផ្តល់ជូនសម្រាប់តែអ្នកមានស្នាដៃ មានចរិតលក្ខណៈល្អ មានសីលធម៌ខ្ពស់ខ្ពស់និងបានចូលរួមជួយប្រទេសជាតិ។ លោកបន្ថែមថាក្រោយមានការស្នើសុំពីក្រុមការងាររបស់លោក ទ្រី ភាព គណៈកម្មាធិការនៃសាកលវិទ្យាល័យអាយអាយស៊ីបច្ចេកវិទ្យាបានស្រាវជ្រាវនិងវាយតម្លៃឃើញថា លោក ទ្រី ភាព បានប្រើប្រាស់លុយយ៉ាងច្រើនក្នុងការវិនិយោគធំៗដែលលោកថាដើម្បីជួយដល់ប្រជាជនកម្ពុជាជាង៣០០០នាក់។
លោកមានប្រសាសន៍ថា៖ “អ៊ីចឹងបានយើងសម្រចថាសញ្ញាបត្របណ្ឌិតកិត្តិយសជូនគាត់ជំនាញសេដ្ឋកិច្ចវិទ្យា ហើយនេះគឺសាកសមបំផុត ហើយសរុបមកវិញ លោកឧកញ៉ា ទ្រី ភាព ហ្នឹងមានគុណសម្បត្តិខ្ពស់ៗមែនទែនសម្រាប់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះគាត់ហ្នឹងបានយកលុយរបស់គាត់ ហើយខំរកៗ ហើយយកលុយហ្នឹងមកអភិវឌ្ឍយកលុយហ្នឹងមកវិនិយោគបន្តទៀត ហ្នឹងហើយដែលគណៈកម្មាធិការវាយតម្លៃ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនឯកភាព១០០%”។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ Global Witness បានចេញផ្សាយរបាយការណ៍មួយ ដោយលើកឡើងថា លោក ទ្រី ភាព ដែលគេស្គាល់ថាជាអ្នកជំនួញឈើដ៏ល្បីឈ្មោះនៅកម្ពុជាបានកាប់ឈើខុសច្បាប់ពីតំបន់សំខាន់ៗនៅកម្ពុជា និងបាននាំចេញទៅប្រទេសចិនប្រមាណ៩០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ របាយការណ៍ដែលមានចំណងជើងថា«តម្លៃឈើប្រណីត» នេះឲ្យដឹងថាតម្រូវការឈើប្រណិតនៅប្រទេសចិនសម្រាប់គ្រឿងសង្ហារឹមទំនើបៗកំពុងបង្កជាជំនួញទីផ្សារកខ្វក់នៃលុយជាច្រើនលានដុល្លារ សម្រាប់ការកាប់បំផ្លាញព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ របាយការណ៍បន្តថាលោក ទ្រី ភាព ជាអ្នកគ្រប់គ្រងនៃបណ្តាញកាប់ឈើខុសច្បាប់ ដោយពឹងផ្នែកលើការចូលដៃពីសំណាក់មន្រ្តីរដ្ឋាភិបាល កងប្រដាប់អាវុធ នគរបាល និងគយ ដើម្បីកាប់ឈើដ៏កម្រនៅទូទាំងប្រទេស និងបញ្ជូនដាក់កប៉ាល់ទៅទីក្រុងហុងកុង។
របាយការណ៍លើកឡើងបន្តថា លោក ទ្រី ភាពនិងបណ្តាញរបស់គាត់ កំពុងតែបំផ្លាញព្រៃឈើចុងក្រោយរបស់កម្ពុជា និងទន្ទ្រានការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។ របាយការណ៍បន្តថា ជាមួយគ្នានេះដែរ មន្រ្តីនៅកម្ពុជាដែលមានអំណាចបញ្ឈប់ក្រុមទ្រីភាព បានចូលដៃជាមួយពួកគេ ដើម្បីធានាថាការរត់ពន្ធឈើមានសុវត្ថិភាព។
អង្គការ Global Witness បានដាក់អនុសាសន៍មួយចំនួនទៅរាជរដ្ឋាភិបាលកម្ពុជា ដោយស្នើឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទ្រីភាព និងអង្គការជាបុត្រសម្ព័ន្ធទាំងអស់ ហើយរកមើលសកម្មភាពខុសច្បាប់ និងការប្រតិបត្តិច្បាប់ជាតិនានា។ អង្គការបន្តក្នុងករណីសកម្មភាពខុសច្បាប់ ត្រូវបានរកឃើញ អង្គការស្នើឲ្យចាត់វិធានការលុបអាជ្ញាប័ណ្ណរបស់រដ្ឋាភិបាលពាក់ព័ន្ធ ហើយផ្តួចផ្តើមការកាត់ទោសអ្នកទាំងឡាយដែលទទួលខុសត្រូវ។
វីអូឌីមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទ្រី ភាព បានទេ។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សលោក អ៊ូច ទ្បេង មានប្រសាសន៍ថាអង្គការរបស់លោកក៏ដូចជាអង្គការអន្តរជាតិមួយចំនួនមានរបាយការណ៍ពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់របស់លោក ទ្រី ភាព។ លោកបន្តថាលោកមិនគាំទ្រនឹងការផ្តល់សញ្ញាបត្រកិត្តិយសនោះទេ។ លោកមានប្រសាសន៍ថា៖ “បណ្ឌិតជាអ្នកដែលមានក្រមសីលធម៌ល្អ រកស៊ីសុចរិត ជាមនុស្សដែលគេគោរពសម្រាប់ក្មេងៗជំនាន់ក្រោយជាគំរូជាដើម បើសិនជាគាត់មានប្រវត្តិថាជាអ្នករកស៊ីតែឈើប្រណីត អាហ្នឹងដូចជាបានបណ្ឌិត គឺយើងមិនគាំទ្រទេ”៕