អ្នកនាំពាក្យឲ្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភាបានថ្លែងកាលពីថ្ងៃអង្គារថាលោក កឹម សុខា តំណាងរាស្រ្តមកពីមណ្ឌលខេត្តកំពង់ចាមនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែលាលែងពីតំណែង ប្រសិនបើករណីអាស្រូវស្នេហាជារឿងពិត ដោយគំរាមថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើករណីនេះ។
លោក ឈាង វុន តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យឲ្យតំណាងរាស្រ្តរបស់គណបក្សកាន់អំណាចទាំង៦៨រូប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលទទួលញត្តិរបស់ក្រុមយុវជនប្រឆាំងនឹងលោក កឹម សុខា ថាប្រសិនបើអាស្រូវស្នេហាជារឿងពិត លោក កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរនិងសិទ្ធិនារី” ដោយលោកចាត់ទុកថាជា”គ្រោះថ្នាក់មែនទែន”។ លោកបន្ថែមថាករណីនេះជាការរំលោភច្បាប់ឯកពន្ធភាព(ប្តីមួយប្រពន្ធមួយ)ទៀតផង។
លោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា គំរាមថាគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាមានសិទ្ធិបង្កើតគណៈកម្មការស៊ើបអង្កេតរឿងនេះនៅក្នុងរដ្ឋសភា។ លោកផ្តល់យោបល់ថាលោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្រ្ត ប្រសិនបើអាស្រូវស្នេហាជារឿងពិត។
លោកមានប្រសាសន៍ថា៖ “ជាការពិតយើងមិនអាចលើកអភ័យឯកសិទ្ធិគាត់បានទេ ព្រោះ ទាល់តែពីរភាគបី ក៏ប៉ុន្តែបង្ហាញពីសីលធម៌ អ្នកតំណាងរាស្រ្ត បើសិនរឿងនេះពិតប្រាកដ គាត់ត្រូវលាលែងចេញពីតំណាងរាស្រ្ត”។
វីអូឌី (VOD) មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បាននៅឡើយទេ។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ មានប្រសាសន៍ថាប្រសិនបើដូចអ្វីដែលលោក ឈាង វុន ថាករណីលោក កឹម សុខា ជាការរំលោភ”តម្លៃស្រ្តីខ្មែរនិងសិទ្ធិនារី”នោះ លោកស្រីថាមានបុរស៦០ភាគរយនឹងត្រូវជាប់ចោទពីបទរំលោភសិទ្ធិស្រ្តី។ប៉ុន្តែលោកស្រីយល់ថាករណីលោក កឹម សុខា នេះគឺគេកំពុងតែយកស្រ្តីធ្វើជាឈ្នាន់នយោបាយដើម្បីផ្តួលគូរប្រកួត។ លោកស្រីបញ្ជាក់ថា៖ “ការដែលប្រើប្រាស់ស្រ្តីជាមូលហេតុដើម្បីគោលបំណងនយោបាយអីមួយគឺវាធ្វើឲ្យមានការច្របូកច្របល់ ហើយច្បាស់លាស់ថា វារំលោភទៅសិទ្ធិស្រ្តី។ ប៉ុន្តែអ្វីដែលលោក ឈាង វុន និយាយ មិនមែនតែទៅលើតែលោក កឹម សុខា មួយទេ ប្រហែលជាត្រូវថាទាំងអស់លើអ្នកដែលរំលោភរឿងស្រ្តី”។
កាលពីថ្ងៃចន្ទ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។ កាលពីថ្ងៃទី២១ខែមីនា អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញ៉ិល បានចេញលិខិតមួយស្នើឲ្យលោក កឹម សុខា បំភ្លឺរឿងញត្តិរបស់យុវជនមួយក្រុម ទាក់ទងនឹងរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក។ រដ្ឋសភាបញ្ជាក់ថា៖ “…ដើម្បីការពារកិត្យានុភាពរបស់រដ្ឋសភា ការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្រ្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានរដ្ឋសភាស្តីទី បានប្រគល់ភារកិច្ចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនញត្តិនេះជូនឯកឧត្តម”។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាគារមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយ តែមជ្ឈដ្ឋានជាច្រើនគិតថាលោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានរឿងអាស្រូវស្នេហា៕ រាយការណ៍បន្ថែមដោយលោក អ៊ឹង ប៊ុនថន