នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនហ្សូ អាបេ ចេញមុខថ្លែងការពារច្បាប់សន្តិសុខថ្មីថាបង្កើតឡើងដើម្បីពង្រឹងការពារសន្តិសុខរបស់ជាតិដោយខ្លួនឯង ខណៈមានក្រុមអ្នកតវ៉ាកើនឡើងដោយពួកគេបារម្ភថាច្បាប់នោះនឹងអាចទាញជប៉ុនធ្លាក់ខ្លួនចូលក្នុងសង្គ្រាមជាថ្មីទៀត។
កាលពីថ្ងៃអង្គារម្សិលមិញលោក អាបេ ថ្លែងថាច្បាប់ស្តីពីសុខជាតិថ្មីអាចធ្វើឲ្យរដ្ឋាភិបាលមានលទ្ធភាពកាន់តែខ្លាំងក្នុងការពង្រឹងសន្តិសុខដោយខ្លួនឯងប្រឆាំងពីការគំរាមកំហែងនានា ខណៈប្រជាពលរដ្ឋកាន់តែច្រើនដើរតាមដងផ្លូវដើម្បីប្រកាសប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មីនេះ។
ច្បាប់សន្តិសុខថ្មីរបស់ជប៉ុនដែលសភាបានអនុម័តកាលពីខែកញ្ញាឆ្នាំ២០១៥គឺបានអនុញ្ញាតិឲ្យជប៉ុនបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសក្នុងការជួយដល់សម្ព័ន្ធដើម្បីថែរក្សាសន្តិសុខសណ្តាប់ពិភពលោក។ នេះជាលើកដំបូងហើយដែលជប៉ុនអាចបញ្ជូនកម្លាំងទ័ពរបស់ខ្លួនទៅលើឆាកអន្តរជាតិចាប់តាំងពីសង្គ្រាមលោកលើកទី២បានបញ្ចប់មក។
ប្រជាពលរដ្ឋជប៉ុនមួយចំនួននិងអ្នកនយោបាយក្រុមប្រឆាំងតវ៉ាមិនឲ្យមានច្បាប់នេះដោយពួកគេមិនចង់ឲ្យបញ្ជូនកងទ័ពចេញទៅជួយសម្ព័ន្ធមិត្តនៅក្រៅប្រទេសខ្លាចប្រទេសជួបសង្គ្រាមបង្កគ្រោះមហន្តរាយដល់ប្រទេសដូចកាលពីសម័យសង្គ្រាមលោកលើកទី២ទៀត៕