ប្រធានាធិបតីជិតផុតអាណត្តិរបស់មីយ៉ាន់ម៉ាលោក ថេន សេន បានប្រកាសដកភាពអាសន្ននៅក្នុងរដ្ឋរ៉ាខីននៃភាគខាងលិខនៃប្រទេសបន្ទាប់ពីរដ្ឋាភិបាលដាក់ការរឹតបន្តឹងសេរីភាពប្រជាជននៅក្នុងរដ្ឋដែលមានជនជាតិភាគតិចរ៉ូហ៊ីងយាកាន់សាសនាឥស្លាមកំពុងរស់នៅច្រើនមួយនេះជិត៤ឆ្នាំ។
សារព័ត៌មានមីយ៉ាន់ម៉ាដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលចុះផ្សាយថា ការប្រកាសរបស់លោក ថេន សេន បានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្រេចដាក់រដ្ឋរ៉ាខីនក្នុងស្ថានភាពប្រកាសអាសន្នបន្ទាប់ពីមានហិង្សាផ្ទុះឡើងរវាងអ្នកភូមិកាន់សាសនាព្រះពុទ្ធនិងអ្នកកាន់សាសនាឥស្លាម កាលពីឆ្នាំ២០១២ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង២០០នាក់និងរាប់ម៉ឺននាក់ទៀតត្រូវបាត់បង់ផ្ទះសំបែងដែលជនជាតិភាគតិចររ៉ូហ៊ីងយ៉ាជាអ្នកប៉ះពាល់ខ្លាំងជាងគេ។
លោក ថេន សេន ថ្លែងថាលោកមិនបារម្ភថាការប្រកាសដកស្ថានភាពអាសន្នចេញពីរដ្ឋនេះបង្កបញ្ហាអ្វីនោះទេ ព្រោះកម្លាំងការពារសន្តិសុខនៅតែដាក់ប្រចាំនៅទីនោះរហូតដល់ស្ថានភាពនៃការប្រឈមដាក់គ្នាបានប្រសើរឡើង។
ទោះយ៉ាងណាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបានប្រកាសថាកម្លាំងយោធារបស់ជាតិនឹងដកថយខ្លះពីការជួយរក្សាសន្តិសុខនៅតំបន់នោះ ពីព្រោះបច្ចុប្បន្នរដ្ឋរ៉ាខីនមិនមានការគំរាមកំហែងដល់អាយុជីវិតរបស់ទៀតទេ៕