អាជ្ញាធររារាំងគ្រួសារសកម្មជនមាតាធម្មជាតិដែលជាប់ឃុំមិនឲ្យទៅសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ក្រុមគ្រួសារ​សកម្មជន​ចលនា​មាតាធម្មជាតិ​ដើរទៅ​រក​អន្តរាគមន៍​នៅ​ផ្ទះ​នាយករដ្ឋមន្ត្រី តែ​ត្រូវ​សមត្ថកិច្ច​រារាំង

ក្រុមអាជ្ញាធរបានរារាំងគ្រួសាររបស់សកម្មជនមាតាធម្មជាតិ៣នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកោះកុង មិនឲ្យពួកគេដើរទៅផ្ទះលោកនាយករដ្ឋមន្រ្តី ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងស្វាមី និងកូន។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាច់ញាតិចំនួន៥នាក់របស់សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ បានធ្វើដំណើរដោយថ្មើរជើងពីវត្តភ្នំតម្រង់ទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានអាជ្ញាធររារាំងពេលជិតទៅដល់។

ភរិយារបស់លោក ស៊ីម សំណាង ដែលកំពុងជាប់ឃុំ គឺអ្នកស្រី ថា សុភា មានប្រសាសន៍ថា អ្នកស្រី ចង់ទៅមុខផ្ទះលោកនាយករដ្ឋមន្រ្តី ដើម្បីបង្ហាញពីការលំបាកក្រោយស្វាមីអ្នកស្រីជាប់ឃុំ និងជម្រាបលោកនាយករដ្ឋមន្រ្តីពីភាពស្អាតស្អំរបស់ស្វាមីអ្នកស្រី និងសកម្មជន២នាក់ទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តកោះកុង។ អ្នកស្រីបន្តថា ការរារាំងអ្នកស្រីមិនឲ្យដើរទៅសុំអន្តរាគមន៍នៅផ្ទះនាយករដ្ឋមន្រ្តីគឺជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

[Quote]

ចំណែកអ្នកស្រី សំ សំណាង ត្រូវជាម្តាយរបស់លោក ទ្រី សុវិគា ដែលជាសកម្មជនកំពុងជាប់ឃុំម្នាក់ទៀត មានប្រសាសន៍ថា ចាប់តាំងពីកូនរបស់អ្នកស្រីត្រូវចាប់ឃុំ អ្នកស្រីត្រូវប្រឈមនឹងបញ្ហាជីវភាពយ៉ាងខ្លាំង ដោយអ្នកស្រីថា កូនស្រីរបស់អ្នកស្រីជាជំហរតែម្នាក់គត់ក្នុងគ្រួសារ។ អ្នកស្រីបន្ថែមថា កូនប្រុសរបស់អ្នកស្រីមិនមានកំហុសដូចការចោទប្រកាន់នោះទេ ដូច្នេះហើយទើបអ្នកស្រីមកសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីតែបែរត្រូវអាជ្ញាធររារាំង និងចោទប្រកាន់ថាបានធ្វើឲ្យខូចសណ្តាប់ធ្នាប់។

[Quote2]

ខណៈមានការរារាំងមិនឲ្យពួកគេធ្វើដំណើរទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តី មន្រ្តីខុទ្ទកាល័យ និងកងសន្តិសុខខណ្ឌដូនពេញបាននាំអ្នកទាំង៥ ទៅស្តីបន្ទោសថាមិនស្តាប់តាមអាជ្ញាធរ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់តាមផ្លូវ។ មន្ត្រីខុទ្ទកាល័យ និងកងសន្តិសុខមិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍នោះទេ។

មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមអាដហុកដែលតាមឃ្លាំមើលករណីនេះ លោក យី សុខសាន្ត មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃមានស្តង់ដារពីរក្នុងការអនុវត្តច្បាប់។ លោកបន្ថែមដោយស្នើឲ្យរដ្ឋាភិបាលធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋទៅតាមរដ្ឋធម្មនុញ្ញដើម្បីទទួលបានយុត្តិធម៌ស្មើភាពគ្នា។

[Quote3]

គួរបញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទគំរាមកំហែងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ។ អ្នកទាំង៣ត្រូវបានព្រះរាជអាជ្ញា ប៊ូ ប៊ុនហាំង បានចោទប្រកាន់តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល ប្រសិនបើការគំរាមកំហែងនេះមានភ្ជាប់បញ្ជាឲ្យបំពេញឬមិនបំពេញកិច្ចអ្វីមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ