អ្នករាយការណ៍ពិសេសUN៖ កម្ពុជាគឺកំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith)បានបង្ហាញក្តីព្រួយបារម្ភថា កម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយ ដោយលើកឡើងថាមានការជ្រែតជ្រែងផ្នែកនយោបាយពីអ្នកមានអំណាច ការដាក់សម្ពាធលើគណបក្សប្រឆាំងតាមរយៈប្រព័ន្ធតុលាការ និងការបង្កើតច្បាប់មួយចំនួនមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព។

លោកស្រី រ៉ូណា ស្មីត បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានារសៀលនេះ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃ។

លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ច្បាប់ទាំងអស់នៅកម្ពុជាត្រូវតែអនុវត្តឲ្យស្មើភាពគ្នា និងដោយយុត្តិធម៌ដល់គ្រប់គណបក្សនយោបាយ និងសមាជិកគណបក្សនយោបាយ។ លោកស្រីថា ការអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាចំពោះគណបក្សនយោបាយនេះ ដោយបញ្ជាក់ថា ដើម្បីរក្សាលំហរប្រជាធិបតេយ្យក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅពេលខាងមុខ។

អ្នកស្រីបន្តថា ការជ្រែតជ្រែងជាថ្មីរបស់អ្នកមានអំណាចលើប្រព័ន្ធតុលាការ និងការវាយដំលើរាងកាយរបស់អ្នកតំណាងរាស្រ្តបក្សប្រឆាំងនាពេលថ្មីៗក៏ជាចំណុចគួរឲ្យព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា។

អ្នកស្រីបន្ថែមថា៖ “ខ្ញុំបានដឹងពីសំណុំរឿងមួយចំនួនបានកើតមាន និងដំណើរកាជាថ្មីប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង។ ជាការពិតតុលាការនៅកម្ពុជាត្រូវអនុវត្តច្បាប់កម្ពុជាឲ្យបានស្មើភាពគ្នា និងមិនជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយ…សំណុំរឿងប្រឆាំងនឹងគណបក្សប្រឆាំងនេះបានដាក់សម្ពាធលើគណបក្សប្រឆាំង ហើយសំណុំរឿងបែបនេះមិនឃើញមានកើតឡើងចំពោះគណបក្សដទៃនោះទេ”

លោកស្រី រ៉ូណា ស្មីត បានលើកឡើងទៀតថា ការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកសភា និងសេចក្តីព្រាងច្បាប់សហជីព បានធ្វើឲ្យមានកង្វល់លើសេរីភាពសម្តែងមតិ និងការជួបជុំជាដើម។ លោកស្រីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងធានាការអនុវត្តច្បាប់នេះស្របទៅនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា ក្នុងការបង្កើតច្បាប់មួយៗ រដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យពិនិត្យ និងពិភាក្សាជាច្រើនដំណាក់កាលដែលលោកថា ដើម្បីធានាឲ្យគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបាន។ លោកថា កម្ពុជាបានអនុវត្តតាមកតិកាសញ្ញា សន្ធិសញ្ញា និងពិធីសារជាច្រើន ដើម្បីធានាពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា លោកស្រី រ៉ូណា ស្មីត បានចំណាយពេលតិចតួចនៅកម្ពុជា និងមិនបានយល់ច្បាស់ពីស្ថានភាពនៅកម្ពុជា។ លោកចាត់ទុកការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ថាគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ។

លោកបន្ថែមថា៖ “ហើយអូនឃើញស្រាប់ហើយ ច្បាប់អង្គការចេញហើយឥឡូវមានអ្នកណាធ្វើការតវ៉ាដូចជាអត់មានអីទេ ទាំងការអនុវត្តក៏រលូន អ៊ីចឹងបានថាការលើកឡើងគាត់ចេះតែលើកទៅកុំឲ្យអង្គការអស់ហ្នឹងថាម៉េចមិនលើកទាមទារខ្លះផង ខ្ញុំគិតថាមានតែប៉ុណ្ណឹងទេ”

គួរបញ្ជាក់ថា នេះជាការបំពេញបេសកកម្មលើកទីពីររបស់លោកស្រីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកស្រីត្រូវបានអង្គការសហប្រជាជាតិតែងតាំងកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងដំណើរបេសកកម្មរបស់លោកស្រីនៅកម្ពុជារយៈពេល១០ថ្ងៃនេះ លោកស្រីបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរខេត្តមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered