នាយករដ្ឋមន្រ្តី​បញ្ចប់​មុខងារ​រដ្ឋមន្រ្តី​​៣រូបនិង​ផ្លាស់ប្តូរការដឹកនាំរបស់​​រដ្ឋមន្រ្តី​៥រូប

(រាប់ពីធ្វេង) លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួង​ដែនដី និង​លោក មិន ឃិន រដ្ឋមន្រ្តីក្រសួង​ធម្មការ​និង​សាសនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេចបញ្ចប់មុខ​ងារ​រដ្ឋមន្រ្តីចំនួន​៣រូបនិង​ផ្លាស់ប្តូរ​​រដ្ឋមន្រ្តីចំនួន​៥រូប ឲ្យ​ទៅ​ដឹកនាំ​ក្រសួងផ្សេងវិញ​។​ ​ នេះ​បើ​យោង​តាមសំណើ​របស់នាយករដ្ឋមន្រ្តី​ដាក់ទៅរដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត។​

សំណើ​ចុះថ្ងៃ​ទី​១៦ខែមីនា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា​បញ្ចប់មុខងារ​ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស តាម​សំណើរបស់សាមីឥស្សរជន ដោយ​រក្សា​មុខងារ​ជា​ឧបនាយ​ករដ្ឋមន្រ្តីដដែល និង​តែង​តាំង​ លោក​ ប្រាក់ សុខុន ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជា​​រដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែក​លោក​ត្រាំ អ៊ីវតឹក បច្ចុប្បន្ន​ជារដ្ឋមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ចូន​ ត្រូវផ្លាស់ប្តូរ​ទៅ​ជា​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ចំណែក​​លោក ស៊ុន ចាន់​ថុល​ ដែល​បច្ចុប្បន្ន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បានតែ​ងតាំង​ជា​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក ហើយ​លោក ប៉ាន សូរស័ក្តិ​ ដែល​បច្ចុប្បន្នជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្រ្តី​មន្រ្តីក្រសួងពាណិជ្ជកម្ម។​

បើតាមសំណើនោះ លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ចប់មុខងារ ​លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម ​ តាមសំណើសាមី​របស់​ឥស្សរជន ហើយ​តែង​តាំង​លោក ជា សុផារ៉ា ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍​ជន​បទ ទៅ​ជា​​ក្រសួង​រៀបចំដែនដី នគររូបនីយកម្មនិង​សំណង់។

​បើ​តាម​សំណើនោះ នាយករដ្ឋមន្រ្តី​បាន​សម្រេច​បញ្ចប់​មុខងារ​រដ្ឋមន្រ្តី​ក្រសួងធម្មការ​និង​សាសនា លោក មិន ឃិន ដោយ​ដាក់​ជំនួស​លោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រ​សិល្បៈ ទៅ​​ជារដ្ឋមន្រ្តីវិញ។ ចំណែក​លោក មិន ឃិន ដែលត្រូវបានតែងតាំង​ជា​ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចបេសកកម្មពិសេស។

ចំណែក​លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបាន​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និងនេសាទ ជំនួស​លោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជា​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍ជនបទ។

បើតាមសំណើនោះ ក៏មាន​ការតែងតាំង​មន្រ្តីចំ​នួន​១១នាក់​​ទៅ​​ជា​រដ្ឋលេខាធិការតាម​ក្រសួង​មួយចំនួន​ផងដែរ។​

កាលពីថ្ងៃព្រហស្បតិ៍ លោក​នាយករ​ដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ថ្លែង​ថាការរុះរើគណៈរដ្ឋមន្រ្តីនេះ ​ដើម្បីធានា”ប្រសិទ្ធភាព​ការងារ” ​មិនមែន​ជា”កម្ចាត់ចោល​”នោះទេ។​ លោក​បញ្ជាក់​​ថា​ដោយ​សារ​រដ្ឋមន្រ្តីមួយចំនួនបានដឹង​ពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យ​សុំលាឈប់ផងដែរ​។​

លោកបាន​​​ស្នើ​​រដ្ឋមន្រ្តីដែល​​បានដឹងខ្លួន​ថា​ទទួលការផ្លាស់ប្តូរ​ បន្ត​ការងារ​រហូត​ដល់​មាន​ព្រះរាជ​ក្រឹត្យពីព្រះមហាក្សត្រ​​តែងតាំង។ លោក​បញ្ជាក់ថា​ដំណើរ​ការនេះ​គឺ​​រង់​ចាំ​រដ្ឋសភាបោះឆ្នោត​ហើយ​មានព្រះរាជក្រឹត្យ​តែងតាំង​និងពិធីផ្លាស់ប្តូរ​និង​តែងតាំង​រដ្ឋមន្រ្តីថ្មី​។​

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី(VOD)នៅ​ព្រឹកថ្ងៃ​សុក្រនេះ​ថារដ្ឋសភាមិនទាន់កំណត់​កាលបរិច្ឆេតដើម្បីប្រជុំគណៈអចិន្ត្រៃយ៍នៃរដ្ឋសភានៅឡើយទេ ដោយលោកថាប្រធានរដ្ឋសភាលោក ហេង សំរិន កំពុងមានការងារមមា​ញឹក។ ទោះយ៉ាងណា លោកបន្ត​ថា​សភាបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលដែលស្នើយកថ្ងៃទី៤ ខែមេសា សម្រាប់ប្រជុំសភាពេញអង្គដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាភាពគណៈរដ្ឋមន្ត្រីថ្មីនេះរួចហើយ។

លោក ឡេង ប៉េងឡុង ឲ្យដឹងដែរថា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះត្រូវការសំឡេងគាំទ្រពីសមាជិកសភាចំនួន៥០ភាគរយបូក១ ហើយ​រដ្ឋមន្រ្តី​ដែល​ត្រូវផ្លាស់ប្តូរ​និង​មាន​តួនាទី​ជាតំណាងរាស្រ្ត​ក៏​អាច​ចូល​រួម​បោះឆ្នោត​បានដែរ ដោយ​លោក​បញ្ជាក់ថា​ជា​តួនាទីពីរផ្សេងគ្នា។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿងល្អមួយដែលរដ្ឋាភិបាលបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីដែលមានវ័យចំណាស់មួយចំនួន ហើយលោកថាអ្នកកាន់តំ​ណែងថ្មីជាមនុស្សវ័យក្មេងមានថាម​ពលនិងអាចធ្វើការបានរហ័សជាង។ ទោះយ៉ាងណា លោកថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយ​ក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នានិងមិនមានតួនាទីច្បាស់លាស់។

លោកមានប្រសាសន៍ថា៖ “ខ្ញុំថាក្រសួងស្រុកខ្មែរមានត្រឹម១៧អីល្មម ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍​ជនបទ ក្រសួងបរិស្ថានគួរតែចូលតែមួយ…មានក្រសួងផ្សេងទៀតគួរតែចូលតែមួយ…ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា…លុបចោលតែម្តង ហើយប្រគល់តួនាតីនេះទៅក្រសួងពាណិ​ជ្ជកម្មតែម្តងទៅវាចប់បាត់ទៅហើយ”

គួរបញ្ជាក់ថាកាលពីថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកចំៗថាមា​ន​រដ្ឋមន្រ្តីយ៉ាងតិចចំនួនពីរក្រសួងដែលអសកម្មនឹងការងារជាងគេគឺរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួងកសិកម្មដែលទើបតែចូលកាន់អំណាចនៅអាណត្តិទី៥នេះគឺលោក អ៊ុក រ៉ាប៊ុន៕ ដោយ ស៊ុន ណារិន និង​ទូច សុខា​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ