ប៊ុត សីហា ថាហង្សមាសមិនខុស

ម្ចាស់ជ័យលាភីកម្មវិធីThe Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា (រូបភាព៖ វង្ស សុម៉ាលីន)

ឆ្លើយតបនឹងការរិះគន់ថាហង្សមាសលើកស្ទួយមិនស្មើគ្នា ទើបធ្វើឲ្យម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនសូវលេចធ្លោ តារាចម្រៀងរូបនេះបានអះអាងថា បញ្ហានោះគឺហង្សមាសមិនខុសនោះទេ។ ផ្ទុយទៅវិញ លោកបានបន្ទោសខ្លួនឯងថា លោកជាអ្នកបោះបង់ឱកាសខ្លួនឯង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះហាក់នៅមានកម្រិត បើធៀបនឹងមិត្តរួមក្រុម ជាពិសេសគឺ នី រតនា ដែលទើបទទួលពានពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នា។

ក្នុងជំនួបដោយផ្ទាល់ពាក់ព័ន្ធនឹងការចោទសួរថា មានអារម្មណ៍អន់ចិត្តកម្រិតណានៅពេលកេរ្តិ៍ឈ្មោះរបស់ខ្លួននៅមានកម្រិតព្រោះមិនសូវមានបទល្បី លោក ប៊ុត សីហា និយាយថា ហង្សមាសបានសម្រិតសម្រាំងបទចម្រៀងល្អៗឲ្យលោកច្រើនណាស់ ក្នុងពេលភ្លាមៗដែលលោកទើបនឹងជាប់ចំណាត់ថ្នាក់ដំបូងកាលពីឆ្នាំមុន។ ប៉ុន្តែលោកថា មកពីលោកខ្លួនឯងក្នុងមួយរយៈមុនបែងចែកពេលវេលាមិនបានច្បាស់លាស់ ហើយធ្វើឲ្យរាំងស្ទះដល់ក្រុមការងាររបស់ហង្សមាស ទើបបទចម្រៀងភាគច្រើនត្រូវហង្សមាសប្រគល់ទៅឲ្យតារាចម្រៀងផ្សេង។

លោក ប៊ុត សីហា បន្តថា តារាចម្រៀងនៅក្នុងផលិតកម្មV Production របស់ហង្សមាស រួមមានលោក សយ រតនៈ លោក វង្ស តារារតនា លោកឃុន វត្ថា និងលោកវ៉ាន់ ផល្លី ដែលចូលទ្រនំជំនាន់គ្នា សុទ្ធតែមានបទល្អ តែលោកថា ដោយសារតែលោកធ្វើរឿងឲ្យហង្សមាសអន់ចិត្ត ទើបផលិតកម្មប្រគល់បទទាំងនោះទៅតារាផ្សេងវិញ។ លោកមានប្រសាសន៍ថា៖ “ការពិតហង្សមាស គាត់ឲ្យបទល្អៗមកខ្ញុំច្រើនតើ ប៉ុន្តែមកពីខ្ញុំរវល់ពេលកាលមុន ទើបគាត់(ហង្សមាស)ឲ្យបទទាំងអស់ ទៅអ្នកផ្សេងច្រៀងវិញ”។ លោកទទួលស្គាល់ថា ក្នុងនាមជាម្ចាស់ពានរបស់កម្មវិធីលំដាប់ពិភពលោកមួយរូប លោកពិតជាមានបទល្អប្រជែងលើទីផ្សារតិចតួច បើធៀបនឹងមិត្តរួមជំនាន់ ជាពិសេសគឺម្ចាស់ពានCambodian Idol លោក នី រតនា។

ទោះយ៉ាងណា ម្ចាស់ពានកម្មវិធី The Voice រដូវកាលទី១ រូបនេះអះអាងថាមិនមានបញ្ហាអន់ចិត្តនោះទេ ក្រៅពីមានអារម្មណ៍សោកស្ដាយ ក្នុងពេលដែលលោក សាយ រតនៈ លោក វង្ស តារារតនា និងឃុន វត្ថា សុទ្ធតែមានកេរ្តិ៍ឈ្មោះលេចធ្លោរជាង។ លោកបន្ថែមថា៖ “បទរបស់ខ្ញុំដែលគាត់ប្រគល់មកហាត់ជាច្រើនត្រូវបានហង្សមាសគាត់ប្រគល់ឲ្យលោក វង្ស តារារតនា លោក ឃុន វត្ថា ច្រៀង និងអ្នកផ្សេងច្រៀង ប៉ុន្តែគាត់អត់ខុសទេ ព្រោះកាលហ្នឹងខ្ញុំគឺជាអ្នករវល់ ហើយធ្វើឲ្យគាត់ពិបាកខ្លួនឯងទេ”

លោក ប៊ុត សីហា ទទួល​ពាន​រង្វាន់​ The Voice Cambodia រដូវ​កាល​ទី​១​ កាល​ពី​ចុង​ឆ្នាំ​២០១៤ (រូប​ពី ហ្វេសប៊ុក)
លោក ប៊ុត សីហា ទទួល​ពាន​រង្វាន់​ The Voice Cambodia រដូវ​កាល​ទី​១​ កាល​ពី​ចុង​ឆ្នាំ​២០១៤ (រូប​ពី ហ្វេសប៊ុក)

មកទល់ពេលនេះ គេកត់សម្គាល់ថាតារាចម្រៀងដែលផុសចេញពីកម្មវិធីThe Voice Cambodia រដូវកាលទី១ សុទ្ធតែលេចធ្លោ និងមានបទចម្រៀងល្បីៗ ជាពិសេសលោក វង្ស តារារតនា ម្ចាស់បទ «ស៊ូឃ្លាត» និងឃុន វត្ថា ត្រូវគេឃើញហង្សមាសបញ្ចេញបទចម្រៀងឲ្យច្រើន និងបានដាក់ឲ្យច្រៀងក្នុងកម្មវិធីបន្តផ្ទាល់ ធ្វើឲ្យមានភាពលេចធ្លោខ្លាំង។ បើធៀបនឹង នី រតនា ម្ចាស់ពានដូចគ្នាក្នុងកម្មវិធីCambodian Idol គឺ ប៊ុត សីហា កាន់តែធ្លាក់លេខឆ្ងាយ។

ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ នី រតនា ត្រូវបានហង្សមាសលើកស្ទួយឲ្យឡើងកូដខ្លាំង ដោយបទចម្រៀងរបស់លោកត្រូវគេដាក់នៅក្នុងខ្សែរឿងលើកញ្ចក់ទូរទស្សន៍ និងតម្រូវឲ្យចេញច្រៀងលើឆាកគគ្រឹកគគ្រេង ខុសគ្នាពីស្ថានភាពរបស់លោកប៊ុត សីហា។ ជាក់ស្ដែងបទចម្រៀងជាច្រើនបទរបស់លោក នី រតនា សម្រាប់ឱកាសចូលឆ្នាំនេះ ដូចជាបទ «លង់ហើយ» បទ «មានចិត្តស្មោះទេ» និងបទចម្រៀងថ្មីៗជាច្រើនទៀត សុទ្ធតែជួយឲ្យលោក នី រតនា កាន់តែមានប្រជាប្រិយភាពដាច់ឆ្ងាយ។

លោក មាស រិទ្ធី អគ្គនាយករងហង្សមាស ធ្លាប់បានប្រកាសថា ហង្សមាសមិនលើកស្ទួយលោក ប៊ុត សីហា គឺដោយសារតែតារាកំព្រាឪពុករូបនេះ មិនគោរពពេលវេលា មិនគោរពការងារដែលហង្សមាសដាក់ចេញ។ លោករិះគន់ថា ប៊ុត សីហា គឺជាតារាមួយរូបដែលហង្សមាសឈឺក្បាលមិនធ្លាប់ជូប ដោយសារតែក្រុមការងារណាត់ម៉ោងនេះលោកមកម៉ោងនេះ ហើយជួនកាលក៏បិទទូរស័ព្ទធ្វើឲ្យក្រុមការងាររាំងស្ទះ។ យ៉ាងណាក៏ដោយ លោក ប៊ុត សីហា បានអះអាងថា រវាងលោក និងហង្សមាស ត្រូវបានសម្រួលគ្នាជាថ្មីវិញហើយ ដោយលោកថា ហង្សមាសទើបនឹងផ្ដល់ឱកាសឡើងច្រៀងលើឆាកញឹកញាប់ជាថ្មី និងបានបញ្ចេញបទចម្រៀងល្អៗរបស់លោកដាក់លក់ត្រៀមចូលឆ្នាំ បើទោះជាបទចម្រៀងទាំងនោះនៅមិនទាន់មានសន្ទុះដូចគ្នានឹងបទរបស់ នី រតនា និងតារាចម្រៀងផ្សេងរួមទ្រនំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ