ក្រុមលោក ស្រី ចំរើន ប៉ះពាក្យសម្តីគ្នាជាមួយអ្នកគាំទ្របក្សសង្គ្រោះជាតិ

ក្រុមនិស្សិតកំពុងប៉ះសម្តីគ្នាជាមួយ​អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (រូបភាព៖ ទូច សុខា)

ក្រុម​យុវជនដឹកនាំដោយ​លោក ស្រី ចំរើន និង​ប្រ​ជាពល​រដ្ឋ​គាំទ្រគណបក្ស សង្គ្រោះ ជាតិនៅ​រសៀល​ថ្ងៃសុក្រនេះ បាន​ប៉ះទង្កិចពាក្យ​សម្តីគ្នានៅមុខ​ស្នាក់ការគណបក្ស សង្គ្រោះ ជាតិនៅចាក់អង្រែលើ ខណៈដែលក្រុម​លោក ស្រី​ចំ រើន​ ព្យាយាម​ដាក់ញត្តិ​ឲ្យគណបក្សនេះ​បកស្រាយរឿង​បណ្តឹង​ដែល​គណបក្ស​គ្រោងប្តឹងក្រុម​របស់លោក​។

គណបក្សសង្រ្គោះជាតិកាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បាន​ប្រកាសថា​ខ្លួន​កំពុង​រៀបចំសំណុំ​ឯកសារប្តឹងក្រុម​ យុវជន​ដែល​ដឹកនាំដោយលោក ស្រី ចំរឿន​ ទៅតុលាការ ទាក់ទងនឹងការយកមួក អាវនិងទង់ ដែលមាន​សញ្ញាសម្គាល់របស់គណបក្ស មកធ្វើការ ហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។

នៅ​រសៀល​ថ្ងៃសុក្រនេះ ក្រុម​យុវជន​ដែលដឹកនាំ​ដោយ​លោក ស្រី ចំរើន បាននាំគ្នា​យក​ញត្តិ​របស់ពួកគេ​ទៅ​ដាក់នៅ​ស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយ​ថា​ដើម្បី​ឲ្យ​គណបក្សនេះ​បកស្រាយ​រឿងបណ្តឹងដែល​គណបក្សសង្គ្រោះជាតិ​គ្រោង​ប្តឹង​ពួកគេនោះ។ បើតាម​លោកស្រី ចំរើន ក្រុម​របស់លោកមានគ្នា​ប្រ​ហែល​ជា៥០នាក់​ ដោយថា​បាន​ស្ម័គ្រ​ចិត្ត​​ចូលរួម​ដាក់ញ្ញត្តិនេះ។

ទោះ​យ៉ាងណា គ្មាន​តំណាង​ភាគី​គណបក្សសង្គ្រោះជាតិ​ណាម្នាក់ចេញ​មក​ទទួល​ញត្តិនេះ​នោះទេ ដោយ​សន្តិសុខ​ដែលកំពុង​រារាំងក្រុមយុវជន​លោក ស្រី ចំរើន មិន​ឲ្យចូលបរិវេណ​ស្នាក់ការគណបក្សនោះ​អះអាងថា​គ្មាន​បុគ្គលិក​ ឬ មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ស្នាក់ការបក្ស។ ទោះ​ជា​មិនមាន​អ្នក​ចេញមកទទួល​ញត្តិក៏ដោយ ក៏ពួកគេ​នៅ​តែ​បន្តស្រែកតាម​ឧបករណ៍បំពង​សំឡេង​ឲ្យ​មន្ត្រី​គណបក្សនេះ​ចេញមកទទួល​ញត្តិ និង​បាន​ហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ថា​ជា​ជន​ “កំសាក”។​

មិនត្រឹម​តែ​សន្តិសុខ​របស់​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះទេដែលបាន​ររាំង​ក្រុម​យុវជន​នោះ​មិន​ឲ្យ​ចូល​បរិវេណ​គណបក្ស​សង្គ្រោះជាតិ ក៏មាន​ដែរប្រ​ជាពលរដ្ឋ​ដែលគាំទ្រគណបក្សនេះ​បាន​ចូលរួម​រារាំងដូច​គ្នា ព្រមទាំងបាន​ប៉ះទង្កិច​ពាក្រ​សម្តីខ្លះជាមួយ​ក្រុម​យុវជន​ដែលដឹកនាំ​ដោយ​លោកស្រី ចំរើន​ ផង​ដែរ។​

ក្រុមប្រ​ជាពល​រដ្ឋ​ដែលគាំទ្រ​គណបក្សសង្គ្រោះជាតិ បាន​ហៅយុវជន​ទាំងនោះថា ជា​និស្សិត “ភ្លីភ្លឺ រៀន​បំផ្លាញតែ​លុយឪពុកម្តាយ” និង​ធ្វើឲ្យ​ខូចឈ្មោះដល់និស្សិតដទៃ។ ទោះ​យ៉ាងណា ក្រុមយុវជន​ដែល​អះអាងថាខ្លួនជា​និស្សិត​នោះបាន​ស្រែឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទាំងនោះ​ឲ្យនិយាយឲ្យបាន​សមរម្យ។

​គួរបញ្ជាក់ថា ក្រុម​យុវជន​ដឹកនាំ​ដោយ​លោកស្រី ចំរើន នេះ​បាន​ដាក់ញត្តិជាបន្តបន្ទាប់ទៅកាន់​រដ្ឋសភា អង្គភាពប្រ​ឆាំងអំពើពុករលួយ អង្គការសហប្រ​ជាជាតិទទួលបន្ទុក​សិទ្ធិមនុស្ស និង​ស្នាក់គណបក្ស​សង្គ្រោះជាតិ​ជាដើមនោះ ដើម្បី​ឲ្យ​លោក កឹម សុខា បកស្រាយ​រឿង​ខ្សែអាត់សំឡេង ដែល​ក្រុម​យុវជន​ទាំងនេះ​សង្ស័យ​ថា ជាសំឡេង​សាសងស្នេហារបស់លោក កឹម សុខា និង​ស្រីស្នេហ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ