ក្រសួងការបរទេសកម្ពុជាអំពាវនាវឲ្យមន្ត្រីរបស់ខ្លួន កុំមានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួនមន្ត្រីរបស់ក្រសួងមួយនេះ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី៣១ខែមីនា។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃដដែលនោះ ក្រសួងការបទេសសរសេរថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនមន្ត្រីក្រសួងនេះមួយរូប តែមិនប្រាប់ឈ្មោះ ដោយក្រសួងនេះថាមន្រ្តីនោះបានទទួលលុយពីក្រុមហ៊ុនបរទទេសដើម្បីប្រថាប់ត្រាលើកឯកសារ ដែលមិនពាក់ព័ន្ធនឹងក្រសួងការបរទេស។
ក្រសួងសរសេរទៀតថា៖ “សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងបន្តបន្តការងាររបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់”។
ក្រសួងការបរទេសកម្ពុជា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ មានភស្តុតាងច្បាស់លាស់មុននឹងមានការចាប់ខ្លួនមន្រ្តីរូបនោះ។
វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននៅឡើយទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សាទរចំពោះវិធានការរបស់អង្គភាពប្រឆាំងអំពើពុកនេះ ហើយលោកថា អង្គភាពនេះនៅមានការងារច្រើនទៀតទាក់ទងនឹងសំណុំរឿងប្រហាក់ប្រហែលគ្នានេះ ដោយលោកថា ករណីពុករលួយនេះនៅមានច្រើនទៀតនៅកម្ពុជា។
លោកបន្ថែមថា៖ “មន្ត្រីគ្រប់ឋានៈ គ្រប់ក្រសួងស្ថាប័នណាដែលប្រព្រឹត្តិខុស ហើយមានភស្តុតាងគ្រប់គ្រាន់ត្រូវទទួលទោស ហើយយើងរង់ចាំមើលករណីស៊ើបអង្កេតសំណុំរឿងនេះបន្តទៀត…ខ្ញុំថាករណីស្រដៀងគ្នានេះមានច្រើនណាស់នៅកម្ពុជា”៕