សមត្ថកិច្ចហ្វីលីពីនបើកការបង្ក្រាបលើកសិកររាប់ពាន់នាក់នៅថ្ងៃសុក្រនេះ ដែលចេញ មុខតវ៉ាដោយ សារដំណាំរបស់ពួកគេ ខូចព្រោះភាពរាំងស្ងួត តែមិនមានដំណោះស្រាយ ហេតុ ការណ៍បង្ក្រាបនេះ បណ្តាលឲ្យកសិករម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
នៅព្រឹកនេះថ្ងៃសុក្រនេះ កសិករប្រមាណ៦០០០នាក់ បានបិទផ្នែកខ្លះនៃផ្លូវជាតិ នៅ ភាគខាងជើងនៃខេត្ត កូតាបាតូ នៅភាគខាងត្បូងនៃកោះមីនដាណាវ ដោយពួកគេទាម ទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដំណាំរាប់ពាន់ហិកតា បានខូចខាត ដោយ សារភាព រាំងស្ងួត។ នេះ បើតាមសារព័ត៌មានChannel News Asia។
អ្នកដឹកនាំកសិករតវ៉ាលោក Norma Capuyan ថ្លែងថា មានសំឡេងផ្ទុះកាំភ្លើងខ្លាំង ពេលដែលសមត្ថកិច្ចបំបែកក្រុមបាតុករ ពេលនោះអ្នកតវ៉ារត់បែកគ្នា។ លោកថ្លែងថា ក្នុងពេលបំបែកនេះ បានបណ្តាលឲ្យកសិករម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
លោក Norma Capuyan បញ្ចាក់ថា ដំបូងឡើយសមត្ថកិច្ចប្រើរថយន្តបាញ់ទឹកដើម្បីបំបែកអ្នកតវ៉ា តែពួកគាត់បាននាំគ្នាក្រាបនៅនឹងដី បន្ទាប់មកទើបសមត្ថកិច្ចបាញ់កាំភ្លើង។
អភិបាលខេត្ត កូតាបាតូ លោកស្រី Emmylou Mendoza ថ្លែងថា ក្នុងហេតុការណ៍នេះសមត្ថកិច្ចរងរបួសប្រមាណ២០នាក់ ដោយសារកសិករចោលដំបង និង ដុំថ្ម។
កសិករបានចាប់ផ្តើមតវ៉ាតាំងពីថ្ងៃពុធ ដើម្បីទាមទារជួបជាមួយអភិបាលខេត្ត ជជែករក ដំណោះស្រាយ ដើម្បីសុំអង្ករចំនួន១៥០០០ ប៉ាវ ដែលអភិបាលខេត្តបានសន្យាផ្តល់ឲ្យពេល កន្លងមក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ដីស្រែចំការមានដំណាំស្រូវនិង ពោតប្រមាណ៣០០ ០០០ហិកតា បានខូចខាតដោយ សារភាពរាំងស្ងួត ដែលធ្វើឲ្យខាតបង់ជាទឹកប្រាក់ប្រមាណ ជាង១០០លានដុល្លារអាមេរិក៕