សហជីពមួយជំរុញឲ្យរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់កុំឲ្យម្ចាស់រថយន្តតម្លើងថ្លៃសំបុត្រ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលចូលមកដល់នៅសប្តាហ៍ក្រោយនេះ ដោយអះអាងថា ដើម្បីជួយកាត់បន្ថយដល់ការប្រឈមនានាដល់អ្នកដែលមានប្រាក់ចំណូលទាប។
ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសាខាងមុខ។ ក្នុងពិធីនោះពលរដ្ឋមួយចំនួនធំ បានសម្រុកធ្វើដំណើរចេញពីរាជធានីភ្នំពេញ ត្រឡប់ទៅស្រុកកំណើត យ៉ាងគំហុក ធ្វើឲ្យសេវាដឹកជញ្ជូន និងទំនិញសព្វសារពើហក់ឡើងថ្លៃខ្ពស់។
នៅថ្ងៃទី២ខែមេសានេះ សហភាពចលនាកម្មករកម្ពុជា បានចេញលិខិតអំពាវនាវមួយ ស្នើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងរាជរដ្ឋាភិបាល ឲ្យចាត់វិធានការទប់ស្កាត់ ការតម្លើងថ្លៃសំបុត្ររថយន្ត និងទំនិញនានាដែលពួកគេថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ និយោជិត គ្រូបង្រៀន និងមន្ត្រីរាជការ ដែលមានប្រាក់ចំណូលតិច និងលើទឹកចិត្តឲ្យពួកគេទៅ ចូលរួមប្រារពពិធីបុណ្យប្រពៃណីជាតិនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា មានប្រសាសន៍ថា អាជ្ញាធរមិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ ដោយលោកអះអាងថា សេវាកម្មទាំងនោះ ជារបស់ឯកជនដែលលោកថា អាជ្ញាធរពាក់ព័ន្ធមិនអាចលូកដៃអន្តរាគមន៍ ឬចាត់វិធានការបានទេ។
លោក វ៉ា ស៊ឹមសុរិយា ឲ្យដឹងទៀតថា អ្វីដែលក្រសួងពាក់ព័ន្ធធ្វើបាន គឺការអំពាវនាវ តាមការយោគយល់គ្នាតែប៉ុណ្ណោះ។