សមាគមអាដហុក បានច្រានចោលចំពោះការលើកឡើងថា មេធាវីការពារក្ដីឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ ដកខ្លួនចេញ ខណៈតុលាការចេញដីកាកោះ ហៅកូនក្តីឲ្យចូលបំភ្លឺដោយសង្គមស៊ីវិលថា ករណីកោះហៅនេះជារឿងថ្មី ហើយសាមីុជនក៏ត្រូវដាក់ពាក្យជាថ្មីសុំមេធាវីការពារ។
ការច្រានចោលរបស់សមាគមអាដហុក នោះបន្ទាប់ពីមានគេហទំព័រក្នុងស្រុកខ្លះ បានចុះផ្សាយថា មេធាវីការពារក្តី «ស្រីមុំ» ដកខ្លួនចេញ ខណៈស្រីមុំ ត្រូវកោះហៅឱ្យចូលបំភ្លឺ នៅមុខតុលាការ ថ្ងៃទី ៨ មេសាខាងមុខ។
កញ្ញាស្រី មុំ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះឲ្យចូលបំភ្លឺនៅថ្ងៃទី ៨ ខែ មេសា ម៉ោង៨ និង ៣០ នាទីព្រឹក ដែលព្រះរាជអាជ្ញាថា ដើម្បីសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនបង្ហាញថា មានករណីផ្ដល់សក្ខីកម្មក្លែង និង មានអំពើពេស្យាចារ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ប្រាប់វីអូឌី(VOD)នៅថ្ងៃទី៣ មេសានេះថា ដីកាកោះហៅនោះ ជាករណីពីរថ្មីទៀត ដែលតម្រូវឲ្យកញ្ញា ស្រី មុំ ស្នើរសុំឲ្យមានការរៀបចំមេធាវីថ្មីដើម្បីការពារលើសំណុំរឿងនេះ។ លោកថា មិនមែនមានន័យថា មេធាវីបានដកខ្លួនចេញឈប់ការពារកូនក្តីនោះទេ។
លោកបន្ថែមថា៖ “ជាធម្មតាមេធាវីគេដាក់ការពារលើករណីមុន ករណីមុនគេនៅតែការពារធម្មតា ចំណែកឯរឿងក្រោយ កាលណាមានរឿងថ្មី គេត្រូវតែសុំឡើងវិញថ្មីទៀត ព្រោះអីរឿងខុសគ្នា”។
លោកបន្ថែមថា មកដល់ពេលនេះសមាគមការពារសិទ្ធិមនុស្សអាដហុក មិនទាន់ចាត់មេធាវីណាមួយសម្រាប់កញ្ញាស្រី មុំ លើសំណុំរឿងនេះនៅឡើយទេ ព្រោះមិនទាន់មានការស្នើរពីសមីុជន។
គួរបញ្ជាក់ថា កាលពីដើមខែមីនា សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្ដល់មេធាវីការពារក្ដីឲ្យកញ្ញាស្រីមុំ ចំពោះការចូលបំភ្លឺទាក់ទងទៅនឹងបញ្ហាខ្សែអាត់សំឡេងសន្ទនាស្នេហាដែលគេសង្ស័យថា ជាប់ពាក់ពន្ធជាមួយនឹងប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា។