មន្ត្រីសហជីពអះអាងថា នៅសប្តាហ៍ក្រោយនេះ អតីតអ្នកបើកបរថយន្តឲ្យក្រុមហ៊ុនកាពីតូលនឹងប្រមូលផ្តុំគ្នាតវ៉ាថ្មីទៀត នៅមុខស្នាក់ការក្រមហ៊ុន ជិតផ្សារអូឬស្សី ដែលពួកគេថា ដើម្បីបន្តជំរុញលក្ខខណ្ឌការងារ និងទាមទារឲ្យក្រុមហ៊ុនយកពួកគេទាំង៤៥នាក់ចូលធ្វើការវិញ។
កាលពីពេលកន្លងទៅអតីតបុគ្គលិកក្រុមហ៊ុនកាពីតូលបានតវ៉ាម្តងហើយនៅមុខស្នាក់ការក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញជិតផ្សារអូឬស្សីនេះ ក្រោយពីពួកគេត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារ។ ប៉ុន្តែគម្រោងនោះបានផ្អាកទៅវិញក្រោយពីមានការបង្ក្រាបនឹងអ្នកតវ៉ាខ្លះត្រូវបានចាប់ខ្លួន។
គម្រោងតវ៉ាជាថ្មីឡើងវិញនៅមុខស្នាក់ការក្រុមហ៊ុនរបស់អ្នកដែលក្រុមហ៊ុន បញ្ឈប់ការងារនេះ ធ្វើឡើងចំពេលដែលពលរដ្ឋជាច្រើនចាប់ផ្តើមស្វែងរកសេវារថយន្តក្រុង ដើម្បីជាមធ្យោបាយធ្វើដំណើរទៅលេងស្រុកកំណើតក្នុងរដូវចូលឆ្នាំខ្មែរ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យវីអូឌី(VOD)ដឹងនៅថ្ងៃទី៣ ខែមេសា នេះថា ក្រុមអ្នកតវ៉ាបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួចហើយកាលពីសប្តាហ៍មុនព្រមទាំងសុំកម្លាំងការពារពីក្រសួងមហាផ្ទៃពីគម្រោងតវ៉ានៅមុខស្នាក់ការក្រុមហ៊ុនកាពីតូលនេះ។
លោក អាត់ ធន់ ឲ្យដឹងទៀតថា ក្រុមអ្នកតស៊ូមតិនឹងចាប់ផ្តើមប្រមូលផ្តុំតវ៉ានៅមុខក្រុមហ៊ុននេះ ចាប់ពីថ្ងៃទី៦ ខែមេសាសប្តាហ៍ក្រោយនេះទៅ។
បើតាមលោក អាត់ ធន់ ការតវ៉ានោះ ពួកគេទាមទារឲ្យទម្លាក់ចោលនូវពាក្យបណ្តឹងប្តឹងសកម្មជនសហជីព ជំរុញឲ្យសមត្ថកិច្ចចាត់វិធានការជនដៃដល់ដែលប្រើញញួ ដែកសសៃ វាយក្រុមអ្នកតវ៉ាឲ្យរងរបួសកាលពីថ្ងៃទី៦ ខែកុម្ភៈ ទាមទារឲ្យតុលការដោះលែងពួកគេពីរនាក់ដែលកំពុងជាប់ឃុំ និងទាមទារឲ្យក្រុមហ៊ុនកាតូលយកពួកគេទាំង៤៥នាក់ចូលធ្វើការវិញ។
កាលពីចុងឆ្នាំ២០១៥ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ បានបញ្ឈប់បុគ្គលិករបស់ខ្លួនជាអ្នកបើកបររថយន្តចំនួន៤៥នាក់ ។ ប៉ុន្តែការបញ្ឈប់នោះ បង្កឲ្យមានការតវ៉ាជាបន្តបន្ទាប់ពីអ្នកដែលបានបណ្តេញចេញពីការងាររហូតផ្ទុះហិង្សាជាមួយមនុស្សមួយក្រុមទៀត ដែលគាំក្រុមហ៊ុន។ ចំណែកដំណោះស្រាយនៅតែមិនអាចរកច្រកចេញរួចរហូតមកដល់ពេលនេះ។