ក្រោយការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចជាង៣០ឆ្នាំមកនោះបានធ្លាក់ចុះប្រជាប្រិយភាពពោលគឺបានបាត់បង់អាសនៈក្នុងសភាអស់ចំនួន២២។
ការធ្លាក់ចុះប្រជាប្រិយភាពពី៩០អាសនៈមក៦៨អាសនៈរបស់បក្សគ្រប់គ្រងអំណាចវិញនេះធ្វើឲ្យលោក ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតនោះបានប្រកាសធ្វើកំណែទម្រង់រដ្ឋយ៉ាងប្រញាប់ បើទោះបីគណបក្សប្រឆាំងពេលនោះមិនទាន់សម្រេចចិត្តចូលប្រជុំសភាក៏ដោយ។
ជាលទ្ធផលគេសង្កេតឃើញច្បាប់មួយចំនួនត្រូវបានរដ្ឋាភិបាលរុញទៅឲ្យសភាអនុម័តទាំងចម្រូងចម្រាសដោយមានការតវ៉ាប្រឆាំងពីមន្ត្រីអង្គការសង្គមស៊ីវិលនិងតំណាងរាស្ត្របក្សប្រឆាំង។
ច្បាប់ទាំងនោះរួមមានច្បាប់ស្តីពីលក្ខន្តិកចៅក្រមនិងព្រះរាជអាជ្ញា ច្បាប់សមាគមនិងអង្គការសង្គមស៊ីវិល និងច្បាប់សហជីពជាដើម។
តើការបង្កើតច្បាប់ថ្មីក្រោយការបោះឆ្នោតនេះជាការជួយជំរុញដំណើការប្រជាធិបតិយ្យឬក៏យ៉ាងណា?
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា CHRAC លោក សួន ប៊ុនស័ក្តិ លើកឡើងថាច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញាដែលកំពុងតែចូលជាធរមានក្រោយការបោះឆ្នោតនេះ លោកថាច្បាប់ហាក់ទុកចន្លោះឲ្យរដ្ឋាភិបាលមានឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌។
លោក សួន ប៊ុនស័ក្តិ វិភាគថាច្បាប់នោះមិនបានចែងពីការហាមឃាត់មន្ត្រីតុលាការឲ្យដកខ្លួនចេញពីការចូលរួមធ្វើនយោបាយទេ។ លោកថាដូចនេះច្បាប់នេះហាក់មិនបានជំរុញយន្តការប្រជាធិបតេយ្យទេ។
លោក សួន ប៊ុនស័ក្តិ វិភាគទៀតថាច្បាប់សមាគមនិងអង្គការសង្គមស៊ីវិលវិញលោកថាច្បាប់នេះបានបើកដៃឲ្យអាជ្ញាធរដ្ឋមានលេសអាចដាក់គំនាបទៅលើសេរីភាពបញ្ចេញមតិបានគ្រប់ពេលនូវពេលណាដែលមិនសប្បាយចិត្តដោយលោកថា ដូចជាការចែងថាប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈនិងប៉ះពាល់ដល់សន្តិសុខជាតិជាដើម។
លោក សួន ប៊ុនស័ក្តិ គិតថានេះជាភាពចង្អៀតចង្អល់នៃការធ្វើច្បាប់ដើម្បីរឹតបន្តឹងសកម្មភាពលើកកម្ពស់សិទ្ធិមនុស្សរបស់អង្គការសង្គមស៊ីវិល។ លោកថាក្លឹមសានេះធ្វើឲ្យសេរីភាពបញ្ចេញមតិកាន់តែរួមតូច។ លោកថា៖ “យើងគិតមើលសូម្បីប្រជាពលរដ្ឋពីរបីគ្រួសារកាន់រូបថតសម្តេចនាយករដ្ឋមន្ត្រីដើម្បីបញ្ជូនសាទៅនាយករដ្ឋមន្ត្រីដោយសារតែបងប្អូនគាត់ជាប់ឃុំឃាំងដោយសារតែការពារបរិស្ថាននៅខេត្តកោះកុង។ គ្រាន់តែប៉ុណ្ណឹងសោះក៏រាំងស្ទះគ្នាដែរ។ យើងស្រមៃមើលបើប៉ុណ្ណឹងរាំងស្ទះហើយទៅធ្វើអីទៀតបាន ដូច្នេះបើមើលពីចំណាត់ការទប់ស្កាត់សេរីភាពបញ្ចេញមតិនេះ ខ្ញុំមើលទៅមានច្រើនណាស់បាទនៅស្រុកយើង”។
អ្នកគ្រប់គ្រងបច្ចេកទេសផ្នែកស៊ើបអង្កេតនិងជាអ្នកប្រឹក្សាច្បាប់នៅអង្គការលីកាដូលោក អំ សំអាត វិភាគផ្លូវច្បាប់ថា ច្បាប់ដែលរដ្ឋាភិបាលបានបង្កើតក្រោយពីធ្លាក់ប្រជាប្រិយភាពនេះ លោកថាជាការគំរាមកំហែងដល់ អង្គការសង្គមស៊ីវិលក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងគំរាមកំហែងដល់សកម្មភាពធ្វើនយោបាយរបស់គណបក្សប្រឆាំង។
លោក អំ សំអាត វិភាគថាច្បាប់ស្តីពីលក្ខន្តិកៈរបស់ចៅក្រមនិងព្រះរាជអាជ្ញាធរ លោកថាជាឧបករណ៍សម្រាប់គំរាមកំហែងទៅគណបក្សនយោបាយដែលប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាច។
ចំណែកច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលវិញ លោកថាច្បាប់នោះបានបង្រួមសិទ្ធិអង្គការសមាគមក្នុងការចុះធ្វើសកម្មភាពសិទ្ធិមនុស្ស។
រីឯច្បាប់សហជីពទៀតសោតលោកថាបានគំរាមកំហែងដល់សេរីភាពអ្នកធ្វើការលើកកម្ពស់សិទ្ធិការងារក្នុងការទំនាក់ទំនងជាមួយកម្មករពេលពួកគេចុះធ្វើសកម្មភាពជំរុញលក្ខខណ្ឌការងារ។
លោកថា៖ “គោលបំនងរបស់បក្សកាន់អំណាចគេចង់បានអ្វីក៏ដោយគេយកច្បាប់ជាឧបករណ៍ដើម្បីរក្សាអំណាចរបស់គេ”។
អង្គការឃ្លាំមើលការបោះឆ្នោតមួយនៅកម្ពុជាខុមហ្វ្រែលបានបង្ហាញរបាយការណ៍អង្កេតរបស់ខ្លួនកាលពីចុងខែមីនានេះ បង្ហាញថាដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយចាប់ពីបោះឆ្នោតឆ្នាំ២០១៣មក។
របាយការណ៍ដដែលបញ្ជាក់ថាការដែលរដ្ឋាភិបាលមិនអាចជំរុញល្បឿនប្រជាធិបតេយ្យបានអង្គការនោះបានកត់សម្គាល់ថា ដោយសារតែមានការបង្ក្រាបអ្នកតស៊ូមតិ ចាប់សកម្មជនបក្សប្រឆាំង១១នាក់ដាក់ពន្ធនាគារ ការចាប់ឃុំខ្លួនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងលោក ហុង សុខហួរ មិនបានដកអភ័យឯកសិទ្ធិជាមុន។
ការប្រើហិង្សលើតំណាងរាស្ត្របក្សប្រឆាំង ការដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា ដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ដោយមិនប្រើសំឡេង២ភាគ៣ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាដើម។
របាយការណ៍នោះក៏បានបញ្ជាក់ថាបានរកឃើញមាន១១ករណីដែលរដ្ឋាភិបាលរំលោភលើស្ថាប័នតុលាការនិងស្ថាប័នរដ្ឋសភាដែលខុមហ្វ្រែលថាជាផលប្រយោជន៍នយោបាយ។
បញ្ជាក់លើរបាយការណ៍នេះនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតលោក គល់ បញ្ញា បានប្រាប់អ្នកសារព័ត៌មានពេលនោះថាការដែលរដ្ឋាភិបាលបង្កើតច្បាប់ថ្មីៗនិងវិធានការបង្ក្រាបក្រុមអ្នកតវ៉ាកន្លងទៅលោកថាប្រជាធិបតេយ្យនៅកម្ពុជាកំពុងគំរាមកំហែងធ្ងន់ធ្ងរ។
លោកថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាដោយសារការបង្ក្រាបដោយរាជរដ្ឋាភិបាលនិងការធ្វើទុក្ខបុកម្នេញ ការវាយប្រហារហិង្សាប្រឆាំងនឹងអ្នកតំណាងរាស្ត្រ និងការចាប់ដាក់ពន្ធនាគារ លើសមាជិកព្រឹទ្ធសភានិងសកម្មជននៃបក្សប្រឆាំងនេះជាការព្រួយបារម្ភធ្ងន់ធ្ងរទៅលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជា”។
ការព្រួយបារម្ភពីដំណើការប្រជាធិបតេយ្យនៅកម្ពុជាមិនមែនមានតែសង្គមស៊ីវិលនៅកម្ពុជាទេសូម្បីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏បានបង្ហាញពីក្តីព្រួយបារម្ភថា កម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយដោយលោកស្រីលើកឡើងពីការជ្រែតជ្រែកផ្នែកនយោបាយពីអ្នកមានអំណាច។
ការដាក់សម្ពាធលើគណបក្សប្រឆាំងតាមរយៈប្រព័ន្ធតុលាការនិងការបង្កើតច្បាប់មួយចំនួនដែលលោកស្រីថាមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព។
ទោះជាយ៉ាងណារដ្ឋាភិបាលបានរុះរើគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាលអាណត្តិនិងបានបញ្ចប់មុខងាររដ្ឋមន្ត្រីចាស់ៗមួយចំនួនដែលរដ្ឋាភិបាលថាជាការធ្វើកំណែទម្រង់។
ចំណែកក្រសួងយុត្តិធម៌វិញកាលពីថ្ងៃទី១ខែមេសាបានប្រកាសឲ្យសាលាដំបូងរាជធានីខេត្តបង្កើតអ្នកនាំពាក្យសម្រាប់ស្ថាប័ននីមួយៗដែលក្រសួងថាវិស័យយុត្តិធម៌បច្ចុប្បន្ននេះជាវិស័យដែលកំពុងចាប់អារម្មណ៍ពីសាធារណៈជននិងពីបណ្តាញសារព័ត៌មាន។
ទោះជាយ៉ាងណាសង្គមស៊ីវិលយល់ឃើញប្រហាក់ប្រហែលគ្នាថាក្នុងសម័យបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្ននេះការដឹកនាំមួយ ធ្វើឲ្យពលរដ្ឋភាគច្រើនឈឺចាប់មិនទទួលបានយុត្តិធម៌ ពួកគេថាអំពើទាំងនោះនឹងបកទៅរកមេដឹកនាំវិញនៅពេលអ្នកឈឺចាប់ភាគច្រើនទាំងនោះដកសេចក្តីទុកចិត្តពេលពួកគេទៅបោះឆ្នោតនាថ្ងៃខាងមុខ៕