អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលយោធាថៃគួរផ្តោតលើការដោះស្រាយបញ្ហាប្រទេស បន្ទាប់ពីទាហានរឹបអូសយកផ្តិលជ័រពណ៌ក្រហមរាប់ពាន់ ដែលលោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកបានផ្ដល់ឲ្យអ្នកគាំទ្រជាកាដូឆ្នាំថ្មី។
កាលពីថ្ងៃសៅរ៍ កងទ័ពថៃបានរឹបអូសយកផ្តិលទាំងនោះពីការិយាល័យរបស់អតីតសមាជិកសភា៣នាក់របស់គណបក្សភឿថៃ ដែលជាគណបក្សគាំទ្រដោយត្រកូល ស៊ីណាវ៉ាត្រា នៅក្នុងខេត្តណាននៅភាគខាងជើង។
លោក ថាក់ស៊ីន ដែលត្រូវបានគេបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០០៦ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះនៅលើ Instagram របស់លោកពីទីក្រុងកងចូវ ប្រទេសចិនថា “ខ្ញុំបានផ្តល់នូវអំណោយជារៀងរាល់ឆ្នាំ”។
លោកបន្ថែមថា៖ “ខ្ញុំមិនគិតថា វានឹងបង្កឱ្យមានបញ្ហាណាមួយ ឬធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខរបស់ប្រទេសនោះទេ។ ពួកគេគួរចំណាយពេលវេលាបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាដែលប្រជាជនថៃប្រឈម ដូចជាគ្រោះរាំងស្ងួត អំពើហិង្សានៅភាគខាងត្បូង និងថ្នាំញៀន”។
យោងតាមរូបភាពដែលលោក ថាក់ស៊ីន បានបង្ហោះនៅលើ Instagram ផ្តិលក្រហមនោះមានសរសេរអក្សរពណ៌សជាភាសាថៃថា “សួស្ដីឆ្នាំថ្មី”។
ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញសារជាអក្សរថៃនៅលើផ្នែកម្ខាងទៀតនៃចានដែលសរសេរថា៖ “ទោះបីជាស្ថានការណ៍ក្តៅ ខ្ញុំសង្ឃឹមថា បងប្អូននឹងនៅរក្សាភាពត្រជាក់ដោយទឹកដែលចេញពីផ្តិលនេះ”។
កាលពីសប្តាហ៍មុន ស្ត្រីម្នាក់ត្រូវបានចោទពីបទបះបោរ ដោយសារស្ត្រីរូបនោះបានបង្ហោះរូបភាពរបស់នាងកាន់ផ្តិលនេះនៅលើហ្វេសប៊ុក។
អ្នកនាំពាក្យនគរបាលថៃលោក ដិចណារ៉ុង សុធីចាន់បានឆា (Dejnarong Suthicharnbancha) បានប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រ(Reuters) ថា អាជ្ញាធរកំពុងស៊ើបអង្កេតលើផ្ដិលដែលត្រូវបានរឹបអូសនៅក្នុងខេត្តណាន ហើយថាមិនទាន់បានចោទប្រកាន់អតីតអ្នកតំណាងរាស្ត្រនោះទេ។
ប្រទេសថៃកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតាមជនបទដែលកំពុងត្រដាបត្រដួសជាមួយបំណុលស្រាប់។
នៅក្នុងបណ្តាខេត្តភាគខាងត្បូងដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាមូស្លីម ចំនួននៃការវាយប្រហារដោយក្រុមបះបោរបានកើនឡើងនៅប៉ុន្មានខែចុងក្រោយនេះ ក្រោយពីចំនួនវាយប្រហារបានធ្លាក់ចុះអស់រយៈពេលមួយទសវត្សរ៍មក ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងបង្កើនសន្តិសុខនៅក្នុងតំបន់នេះ៕