នាយករដ្ឋមន្រ្តី​ចំអកឲ្យ​បក្សប្រឆាំងរឿងមិន​បោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភា នៅព្រឹកថ្ងៃចន្ទនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃចន្ទនេះ បានថ្លែង​បែប​ចំអក​ទៅកាន់​​តំណាងរាស្រ្ត​​គណបក្ស​ស​ង្រ្គោះ​​​​ជាតិ​ ដែល​សម្រេច​មិន​បោះឆ្នោត​គាំទ្រ​ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ដែល​ស្នើ​ដោយ​នាយករដ្ឋមន្រ្តី ដោយ​​លោក​ថា​បក្ស​កាន់អំណាច​ខ្លាច​ជំពាក់គុណបក្ស​ប្រឆាំង។​​

លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខតំណាងរាស្រ្ត​បក្ស​ប្រឆាំង​ប្រមាណ៤០រូប​ដែលមានវត្តមាន​ក្នុងកិច្ចប្រជុំ​ថា“សូមអរ​គុណណាស់”ដែល​តំណាងរាស្រ្តបក្ស​ប្រឆាំង​បានប្រកាស​ថា​មិន​បោះឆ្នោតគាំទ្រ​សំណើ​ផ្លាស់​​ប្តូរគណៈរដ្ឋមន្រ្តីនេះ។ លោក​បន្ត​ថា​គណបក្ស​ប្រជាជនកម្ពុជា​មិន​ត្រូវ​ការ​សំឡេ​ងពីគណបក្ស​ប្រឆាំងនោះ​​ទេ ដោយ​លោកថ្លែង​បែ​បចំអក​ថា​ការបោះឆ្នោតគាំទ្រ​​នាំ​តែជំពាក់​គុណបក្ស​ប្រឆាំង។​

លោក​មានប្រសាសន៍ថា៖ “ខ្ញុំសូមយក​ឱកាស​នេះ ថ្លែង​អរគុណ​សមាជិក​ សមាជិកា​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​បាន​លើក​ឡើង​ថា​នឹង​មិន​បោះឆ្នោតគាំទ្រនោះទេ។ សូមអរគុណណាស់ ព្រោះថា​គណបក្ស​ប្រជា​ជនមិនត្រូវការសំឡេង​របស់​អស់​លោក​អ្នក​នោះទេ។ ហើយ​ប្រសិន​បើ​បោះឆ្នោត មាន​តែ​គណបក្ស​ប្រជាជនជំពាក់​គុណ​របស់​ឯក​ឧត្តមលោក​ជំទាវ អញ្ចឹង​សូមមេត្តា កុំ​បោះឆ្នោត​ឲ្យ​សោះ”

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌី(VOD)នៅព្រឹកថ្ងៃចន្ទនេះថាតំណាងរាស្រ្ត​គណប​ក្ស​សង្រ្គោះជាតិទាំងអស់បានសម្រេចថានឹងមិនបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនោះ​​​ទេ ដោយលោកថាដោយសារគណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរ​នោះ​នឹង​ធានាប្រសិ​ទ្ធ​​ភាព​​ការងារ។  លោកបញ្ជាក់ថា៖ “យើងមិនឃើញមានមនុស្សថ្មី ហើយទំហំគណៈរដ្ឋមន្រ្តីនៅតែធំដដែល វាមិនដែលគណៈរដ្ឋមន្រ្តីមានទៅដល់ជិត៤០០នាក់ ខណៈប្រទេសតូចមួយមានប្រជាជនជាង១៥លាននាក់ប៉ុណ្ណោះ​”

ការបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ត្រូវធ្វើឡើងក្នុងសំឡេង៥០បូក១តែប៉ុណ្ណោះ។ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមានចំនួន៦៨រូប លើសពីសំឡេង​៥០បូក១។

បើតា​មសំណើដាក់ទៅរដ្ឋសភាកាលពីខែមីនា​ លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូប ក្នុងនោះមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូប​នីយកម្ម  រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក មិន ឃិន។ លោកក៏បានស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញផងដែរ​។

បើតាមសំណើរុះរើ​គណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​សម្រេចតែងតាំងលោក ប្រាក់ សុខុន ដែលបច្ចុប្ប​ន្នជា​រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោកត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រ​សួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ចំណែកលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ហើយលោក ប៉ាន សូរស័ក្តិ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម។ រដ្ឋាភិបាលតែងតាំងលោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាមសំណើនោះ ក៏មានការតែងតាំងមន្រ្តីចំនួន១១នាក់ទៅជារដ្ឋលេខាធិការតាមក្រសួងមួយចំនួនផងដែរ។ លោក ហ៊ុន សែន បានបញ្ជាក់ថាការរុះរើគណៈរដ្ឋមន្រ្តីនេះ ដើម្បីធានា”ប្រសិទ្ធភាពការងារ” មិនមែនជា”កម្ចាត់ចោល”នោះទេ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿងល្អមួយដែលរដ្ឋាភិបាលបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីដែលមានវ័យចំណាស់មួយចំនួន ហើយលោកថាអ្នកកាន់តំណែងថ្មីជាមនុស្សវ័យក្មេងមានថាម​ពលនិងអាចធ្វើការបានរហ័សជាង។ ទោះយ៉ាងណា លោកថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់​ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនស​មាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នា​និងមិនមានតួនាទីច្បាស់លាស់។

លោ​កមានប្រសាសន៍ថា៖ “ខ្ញុំថាក្រសួងស្រុកខ្មែរមានត្រឹម១៧អីល្មម ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថានគួរតែចូលតែមួយ…មានក្រសួងផ្សេងទៀតគួរតែចូលតែមួយ…ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…លុបចោលតែម្តង ហើយប្រគល់តួនាតីនេះទៅក្រសួងពាណិជ្ជកម្មតែម្តងទៅវាចប់បាត់ទៅហើយ”៕​ រាយការណ៍បន្ថែម​ដោយ ស៊ុន ណារិន​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ