រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានបដិសេធនឹងការលើកឡើងថាលោកបានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេស។
នៅក្នុងសេចក្តីប្រកាសមួយចេញផ្សាយនៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានបញ្ជាក់ថាមានការចុះផ្សាយថាលោក អង្គ វង្ស វឌ្ឍានា បានចំណាយប្រាក់៥ពាន់ដុល្លារដើម្បីទិញភាគហ៊ុនចំនួន៥ពាន់ក្នុងឆ្នាំ២០០៧ ក្នុងក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅBritish Virgin Islands។ លោកបញ្ជាក់ថា៖ “ឯកឧត្តមរដ្ឋមន្រ្តី មិនធ្លាប់ស្គាល់ក្រុមហ៊ុនខាងលើនេះ ហើយក៏មិនធ្លាប់បានទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបរទសណាមួយឡើយ”។
អ្នកនាំពាក្យរូបនោះបន្តថាក្រសួងយុត្តិធម៌កំពុងព្យាយាមទាក់ទងជាមួយសមាគមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ(International Consortium Investigative Journalists)ដែលបានរកឃើញករណីនេះនិងបណ្តាញសារព័ត៌មានបរទេសនានា ដើម្បីឲ្យបង្ហាញប្រភពឯកសារដែលពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជី«Panama Paper»ដែលជាការបែកធ្លាយនៃកំណត់ត្រាធនាគារពាក់ព័ន្ធនឹងការលាក់លុយនៅក្រៅស្រុក។ បុគ្គលមួយចំនួនដែលមានទ្រព្យសម្បត្តិនិងមានអំណាចជាងគេនៅជុំវិញពិភពលោកត្រូវបានដាក់នៅក្នុងបញ្ជីមួយនេះ។ ឯកសារបែកធ្លាយនោះត្រូវបានពិនិត្យដោយក្រុមអ្នកសារព័ត៌មានជាង៣៧០នាក់ មកពីប្រទេសជាង៧០៕