អ្នកនាំពាក្យគណបក្សប្រឆាំងអះអាងថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានសម្រេចរួមគ្នាថានឹងមិនបោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី ដែលត្រូវបានស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ។
បើតាមសំណើដាក់ទៅរដ្ឋសភាកាលពីខែមីនា លោក ហ៊ុន សែន បានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូប ក្នុងនោះមានលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក មិន ឃិន។ លោកក៏បានស្នើសុំផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញផងដែរ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ប្រាប់វីអូឌី(VOD)នៅព្រឹកថ្ងៃចន្ទនេះថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងអស់បានសម្រេចថានឹងមិនបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនោះទេ ដោយលោកថាដោយសារគណបក្សមិនជឿនិងមិនមានសង្ឃឹមថាការផ្លាស់ប្តូរនោះនឹងធានាប្រសិទ្ធភាពការងារ។ លោកបញ្ជាក់ថា៖ “យើងមិនឃើញមានមនុស្សថ្មី ហើយទំហំគណៈរដ្ឋមន្រ្តីនៅតែធំដដែល វាមិនដែលគណៈរដ្ឋមន្រ្តីមានទៅដល់ជិត៤០០នាក់ ខណៈប្រទេសតូចមួយមានប្រជាជនជាង១៥លាននាក់ប៉ុណ្ណោះ”។
លោក យឹម សុវណ្ណ មិនអាចបញ្ជាក់ថាតើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប៉ុន្មានរូបក្នុងចំណោម៥៥រូបនឹងចូលរួមប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះទេ ខណៈតំណាងរាស្រ្តមួយចំនួនកំពុងជាប់បំពេញភារកិច្ចនៅក្រៅប្រទេស។ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានទៅពិនិត្យសុខភាពនៅក្រៅប្រទេស។
ការបោះឆ្នោតគាំទ្រការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ត្រូវធ្វើឡើងក្នុងសំឡេង៥០បូក១តែប៉ុណ្ណោះ។ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមានចំនួន៦៨រូប លើសពីសំឡេង៥០បូក១។
នៅព្រឹកថ្ងៃនេះផងដែរ រដ្ឋសភានឹងពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់សហជីព ដែលកំពុងមាន ចម្រូងចម្រាស។ លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សនឹងពិនិត្យមើលសេចក្តីព្រាងច្បាប់ជាមុនសិន មុននឹងសម្រេចថាត្រូវបោះឆ្នោតគាំទ្រឬយ៉ាងណា។
បើតាមសំណើរុះរើគណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជារដ្ឋមន្រ្តីក្រសួងការបរទស។ ចំណែកលោកត្រាំ អ៊ីវតឹក បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូន ត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ចំណែកលោក ស៊ុន ចាន់ថុល ដែលបច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៊ីវតឹក ហើយលោក ប៉ាន សូរស័ក្តិ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម។ រដ្ឋាភិបាលតែងតាំងលោក ជា សុផារ៉ា ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ លោក វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលត្រូវផ្លាស់ប្តូរជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
បើតាមសំណើនោះ ក៏មានការតែងតាំងមន្រ្តីចំនួន១១នាក់ទៅជារដ្ឋលេខាធិការតាមក្រសួងមួយចំនួនផងដែរ។ លោក ហ៊ុន សែន បានបញ្ជាក់ថាការរុះរើគណៈរដ្ឋមន្រ្តីនេះ ដើម្បីធានា”ប្រសិទ្ធភាពការងារ” មិនមែនជា”កម្ចាត់ចោល”នោះទេ។ លោកបញ្ជាក់ថាដោយសាររដ្ឋមន្រ្តីមួយចំនួនបានដឹងពីការផ្លាស់ប្តូរ ក៏បានដាក់ពាក្យសុំលាឈប់ផងដែរ។
លោកបានស្នើរដ្ឋមន្រ្តីដែលបានដឹងខ្លួនថាទទួលការផ្លាស់ប្តូរ បន្តការងាររហូតដល់មានព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រ។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថាវាជារឿងល្អមួយដែលរដ្ឋាភិបាលបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីដែលមានវ័យចំណាស់មួយចំនួន ហើយលោកថាអ្នកកាន់តំណែងថ្មីជាមនុស្សវ័យក្មេងមានថាមពលនិងអាចធ្វើការបានរហ័សជាង។ ទោះយ៉ាងណា លោកថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នានិងមិនមានតួនាទីច្បាស់លាស់។
លោកមានប្រសាសន៍ថា៖ “ខ្ញុំថាក្រសួងស្រុកខ្មែរមានត្រឹម១៧អីល្មម ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថានគួរតែចូលតែមួយ…មានក្រសួងផ្សេងទៀតគួរតែចូលតែមួយ…ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា…លុបចោលតែម្តង ហើយប្រគល់តួនាតីនេះទៅក្រសួងពាណិជ្ជកម្មតែម្តងទៅវាចប់បាត់ទៅហើយ”៕