អតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង នៅរសៀលថ្ងៃអង្គារនេះ បានថ្លែងសុំទោសមន្រ្តីក្រោមឱវាទដែលលោកថាពេលខ្លះលោកបានប្រើពាក្យសម្តី”មិនគួរសម” នៅពេលលោកធ្វើជារដ្ឋមន្រ្តីអស់រយៈពេលជិត១៨ឆ្នាំមកហើយរហូតមកដល់ពេលនេះ។
ក្នុងពិធីផ្លាស់ប្តូរតំណែងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហោ ណាំហុង បានថ្លែងថា៖ “ខ្ញុំក៏សូមលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា មេត្តាអធ្យាស្រ័យឲ្យខ្ញុំ ដែលនៅពេលខ្លះបានប្រើពាក្យសម្តីមិនគួរសមខ្លះចំពោះលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា កន្លងមក។ នេះគឺពុំមែនជាចេតនាខ្ញុំទេ តែខ្ញុំសង្ឃឹមថាលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា យល់ថានេះគឺបណ្តាលមកពីសំពាធការងារ ដូចលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា បានឃើញជាសក្ខីកម្មស្រាប់”។
លោក ហោ ណាំហុង បានថ្លែងអរគុណនាយករដ្ឋមន្រ្តីដែលលោកថាបានយោគយល់និងអនុគ្រោះដល់រូបលោកនិងបានណែនាំលោកដោយផ្ទាល់អស់រយៈពេលប្រមាណ៣៧ឆ្នាំ។ លោកបន្តថាក្នុងរយៈពេលជាង៣ទស្សវត្សរ៍មកនេះ “ខ្ញុំក៏បានខិតខំអស់ពីកម្លាំងកាយនិងស្មារតីបម្រើជាតិនិងបក្ស បំពេញភារកិច្ចដែលសម្តេចតេជោប្រគល់ឲ្យ ដោយពុំបានធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងបក្សឡើយ”។
លោក ហោ ណាំហុង បន្តថាលោកសង្ឃឹមថារដ្ឋមន្រ្តីថ្មី លោក ប្រាក់ សុខុន នឹងសម្រេច”លទ្ធផលដ៏សំខាន់ៗ”ថែមទៀត។ លោកបានកោតសរសើរលោក ប្រាក់ សុខុន ជាមនុស្សមាន”សមត្ថភាពការងារនិងទស្សនៈនយោបាយខ្ពស់”។
កាលពីថ្ងៃចន្ទ នៅក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តការរុះរើគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក ហោ ណាំហុង បានស្នើសុំបញ្ចប់មុខតំណែងរបស់ខ្លួនទាំងអស់ តែលោកថាលោកបានស្នើរក្សាមុខងារជាឧបនាយករដ្ឋមន្រ្តីសម្រាប់ការពិភាក្សាការងារមួយចំនួន។ លោកមានប្រសាសន៍ថា៖ “ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើលែងទាំងអស់ចេញពីរដ្ឋាភិបាល ក៏ប៉ុន្តែសំណូមពររបស់ខ្ញុំ ស្នើរក្សាទុកជាឧបនាយករដ្ឋមន្រ្តី ដើម្បីពិគ្រោះយោបល់ទៅលើកិច្ចការមួយចំនួន”។
គួរបញ្ជាក់ថា លោក ហោ ណាំហុង មានឋានៈជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣និងចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៦ លោកមានឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។ ចាប់តាំងពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨២ លោកធ្វើជាអនុរដ្ឋមន្រ្តីការបរទេសហើយបន្តបន្ទាប់លោកបម្រើការជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសមួយចំនួន៕ ដោយ ហ៊ុន សិរីវឌ្ឍន៍និងស៊ុន ណារិន