ពលរដ្ឋ១៤០គ្រួសារទទូចឲ្យលោក ហ៊ុន សែន ដោះស្រាយសំណងពីការបណ្តេញចេញ

អតីតសហគមន៍​បុរីកីឡា​ឡើង​តវ៉ា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​អន្តរាគមន៍​ដោះស្រាយ (រូបភាព៖ ញឹម សុខន)

អតីសហគមន៍បុរីកីឡា១៤០គ្រួសារទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកកន្លែងឲ្យពួកគេបានរស់នៅសមរម្យ ដោយអះអាងថា ការដែលក្រមហ៊ុនបណ្តេញពួកគេចេញពីរាជធានីភ្នំពេញ ជាង៥ឆ្នាំមកនេះ ពួកគេថា អ្នកភូមិបានប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២មានព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំមួយ នៅសហគមន៍បុរីកីឡាស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នោះ អ្នកភូមិថា ផ្ទះពួកគេជាង៣០០ខ្នងត្រូវបានក្រុមហ៊ុនផានអ៊ីមិចរបស់លោកស្រី ស៊ុយ សូផាន សហការជាមួយកម្លាំងប្រដាប់អាវុធយកគ្រឿងចក្រទៅឈូសកម្ទេចចោល រួចបង្ខំឲ្យពួកគេចេញ។ ក្នុងនោះ១៤០គ្រួសារត្រូវបណ្តេញឲ្យទៅរស់នៅក្រោយភ្នំឧត្តុង នៅភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ចង្ងាយប្រមាណប្រមាណជាង៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងជិត២០០គ្រួសារផ្សេងទៀតមិនព្រមចាកចេញបន្តតវ៉ារហូតមានដំណោះស្រាយ។

ប្រាប់អ្នកសារព័ត៌មានមុនដាក់ញត្តិទៅខុទ្ទការល័យនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ស្ត្រីអ្នកតវ៉ាម្នាក់ឈ្មោះ ខេង ថា អាយុ៥៧ឆ្នាំ អះអាងថា ជិត៥ឆ្នាំមកនេះ ពួកគេរស់នៅប្រឈមនឹងសេចក្តីស្លាប់ មានតែដីផ្ទះតែមួយប្លង់តូច គ្មានដីសម្រាប់ធ្វើស្រែចំការ គ្មានមុខរបរ គ្មានមន្ទីរពេទ្យ។ ស្ត្រីរូបនោះបន្តថា ក្មេងៗបានក្លាយជាអ្នកដើរសុំទាន សម្រាប់ចិញ្ចឹមគ្រួសារ។

ស្ត្រីរូបនោះបន្ថែមថា៖ “សំទានពួកទេសចរណ៍ដែលគេទៅលេង លើកដៃសុំទានគេ។ គេឲ្យអញ្ចឹងទៅ យកទៅឲ្យម្តាយទិញអង្ករទិញអីទៅ។ ទឹកមួយធុងមួយពាងហ្នឹង៥០០០រៀល បើយើងអត់រក តើមានលុយឯណាទិញទឹកហ្នឹង។ ម្លោះហើយកូនហ្នឹងវាទៅសុំទានគេយកមកទិញទឹកទិញអីហ្នឹងសព្វបែបយ៉ាង។ ខ្ញុំវាជួបការលំបាកហ្នឹងវាច្រើនណាស់ ម្លោះហើយ និយាយទៅវាអួលដើមក ខ្ញុំថាមកនេះនឹងបានសេចក្តីសុខ តែអត់បានសុខទេ វាជួបការលំបាករហូត ម្លោះហើយខ្ញុំសុំសម្តេច ហ៊ុន សែន ជួយកូនចៅផង ឲ្យកូនចៅផុតពីទុក្ខលំបាកនេះផងទៅ”

ក្រុម​អ្នក​តវ៉ា​ដាក់​ញត្តិ​ទៅ​មន្ត្រី​នៅ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី (រូបភាព​៖ ញឹម សុខន)
ក្រុម​អ្នក​តវ៉ា​ដាក់​ញត្តិ​ទៅ​មន្ត្រី​នៅ​ខុទ្ធកាល័យ​នាយករដ្ឋមន្ត្រី (រូបភាព​៖ ញឹម សុខន)

ស្ត្រីតវ៉ាម្នាក់ទៀត ឈ្មោះ នុត ជួន អះអាងថា ពេលបណ្តេញពួកគាត់ចេញ ស្ត្រីរូបនោះថា ក្រុមហ៊ុន បានសន្យាថាដោះស្រាយរាល់បញ្ហារបស់ពួកគាត់ដែលពួកគេបង្ខំឲ្យទៅរស់នៅទីតាំងថ្មី។ ប៉ុន្តែស្រី្តអ្នកតវ៉ារូបនោះថា រហូតដល់ពេលនេះ ក្រុមហ៊ុនបានបំភ្លេចការសន្យានោះចោល ទុកឲ្យពួកគាត់រស់នៅទាំងវេទនា។
ស្តី្រតវ៉ាអាយុ៧៥ឆ្នាំនោះទទូចឲ្យនាយករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ឲ្យពួកគេបាន រស់នៅក្នុងភូមិអណ្តូង ជាយរាជធានីភ្នំពេញ ដូចអ្នកបណ្តេញចេញផ្សេងទៀត ដែលសាលារាជធានីភ្នំពេញ បានដោះស្រាយកន្លងទៅនាពេលថ្មីៗនេះ។

ស្ត្រីនោះថា៖ “ខ្ញុំរង់ចំា រង់ចាំ អត់ឃើញដោះស្រាយអីបានជាខ្ញុំឡើងមក ឲ្យជួយដោះស្រាយផង ព្រោះខ្ញុំវេទនាណាស់។ ខ្ញុំនិយាយទៅពិបាកនឹងចៅរកកន្លែងរៀនសូត្រគ្មានទេ ចៅខ្ញុំផ្ទុកមេរោគទៀត (មេរោគអេដស៍)។ ម៉ែឱវាស្លាប់អស់ហើយ នៅជាមួយខ្ញុំសូមសម្តេចហ៊ុន សែន ជួយកូនចៅខ្ញុំផង ជួយដោះស្រាយខ្ញុំផង ខ្ញុំឈឺ ខ្ញុំអាយុ៧៥ឆ្នាំហើយ រស់បានប៉ុណ្ណាទៀត? ធ្វើម៉េចឲ្យតែកូនចៅមានដីនៅ”

ទោះជាយ៉ាងណា ញត្តិរបស់អ្នកភូមិត្រូវបានមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីគឺលោក គង់ ចំរើន ទទួលយក និងអះអាងថា នឹងផ្តល់ព័ត៌មានបន្ថែមទៅក្រុមអ្នកតវ៉ានៅពេលក្រោយ។

នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ លើកឡើងថា ការបណ្តោយឲ្យមានព្រឹត្តិការណ៍បណ្តញពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំ លោកថា ជាកំហុសធ្ងន់ធ្ងររបស់រដ្ឋាភិបាល ដែលលោកថា មិនបានចាត់វិធានការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពទៅលើមន្ត្រីខិលខូច ធ្វើឲ្យពលរដ្ឋបន្តរងគ្រោះ។

លោកថា៖ “អ្វីដែលបានកើតមានកន្លងមកហ្នឹង វាជាការឆកល្វែងរបស់នាយករដ្ឋមន្ត្រីដែលមិនបានដាក់ទោសទណ្ឌទៅលើកូនចៅរបស់ខ្លួន ដែលមិនបានធ្វើការងារ ផ្តល់សេវាកម្មឲ្យបានត្រឹមត្រូវ។ អញ្ចឹងជាការទទួលខុសត្រូវនាយករដ្ឋមន្ត្រីក៏ត្រូវលាលែងពីតំណែង ដើម្បីទុកឱកាសឲ្យអ្នកផ្សេងគេឡើងទៅដោះស្រាយ”

បើតាមញត្តិរបស់អ្នកភូមិដែលបានដាក់ជូន ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះពួកគេបានសុំឲ្យនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យពួកគេបានរស់នៅភូមិអណ្តូង ផ្ទះមួយបន្ទប់ និងប្រាក់៥០០០ដុល្លារ។ ប៉ុន្តែពួកគេទាមទារប្រាក់១ម៉ឺនដុល្លារក្នុងមួយគ្រួសារ ក្នុងករណីឲ្យពួកគេនៅកន្លែងចាស់នៅភូមិស្រះពោធិ៍ តំបន់ភ្នំបាតដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ