លោក ហ៊ុន សែន បញ្ជាឲ្យ​ចាប់ខ្លួន​មន្រ្តីរដ្ឋបាល​​ដែល​លោក​ថាបក្សនយោបាយ​​​ប្រើជារនុកក្នុង​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន កាលពីពេល​កន្លងមក

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្រ្តីរដ្ឋបាលមួយចំនួនដែល​លោក​ថា​ជាមនុស្ស​ដែលត្រូវបានប្រើ​ដោយ​បក្ស​នយោបាយ​មួយចំនួនដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះរបស់​​រដ្ឋាភិបាល។​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មនុស្ស​មួយចំនួន​តែ​ប៉ុណ្ណោះ​នៅ​តាម​រដ្ឋបាលសាធារណៈ​ដែល​ធ្វើ​ឲ្យ​ខូចឈ្មោះ​របស់​រដ្ឋាភិបាល ហើយ​មន្រ្តីទាំងនោះ​ជា​មនុស្ស​របស់​បក្ស​នយោបាយ​ផ្សេង។​

លោក​មានប្រសាសន៍ថា៖ “កន្លែង​ខ្លះ ​មន្រ្តី​១ពាន់នាក់ មានមន្រ្តីតែ​បួន​ប្រាំនាក់ទេ ដែលខិលខូច ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខូចមន្រ្តី១ពាន់នាក់។ មិន​មែន​មន្រ្តីយើង​ខូចច្រើន​ជាងល្អទេ ភាគច្រើនល្អ ធ្វើការត្រឹមត្រូវ។ ប៉ុន្តែ​មួយចំនួន​តូចណានោះ​ មានចេតនារុញឲ្យខ្លោច រោច​ឲ្យ​ឆៅ។ ហើយតាមការស្រាវជ្រាវ​ខ្លះ គឺជា​មនុស្ស​របស់បក្ស​ផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បី​ឲ្យ​រដ្ឋបាល​របស់យើងខូចឈ្មោះ”

លោក ហ៊ុន សែន ​បញ្ជាក់បន្ថែម​ថា៖ “អញ្ចឹង​បាន​រដ្ឋបាលសាធារណៈ​មិន​មែនជា​របស់បក្សនយោបាយ​​ណាមួយទេ ប៉ុន្តែ​មានបក្ស​នយោបាយ​ខ្លះបានប្រើប្រាស់នូវមនុស្ស​ដែល​ខ្លួនចាត់តាំងបាននៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញ​កេរ្តិ៍ឈ្មោះនៃ​មន្រ្តីរដ្ឋបាលសាធារណៈ។ ខ្ញុំសូមស្នើ​ឲ្យ​មន្រ្តីដែល​ល្អៗ ចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្តន្ទាទោស​ ហើយ​លាង​សង​ស្អាតភាពស្អាតស្អំសម្រាប់យើងវិញ​”។​

លោកនាយករដ្ឋមន្រ្តីមិន​បាន​បញ្ចេញឈ្មោះមន្រ្តីទាំងនោះនិង​គណបក្ស​នយោបាយ​ណាមួយ​នោះទេ។​ លោកក៏​​បាន​បញ្ជាឲ្យ​មន្រ្តី​របស់ខ្លួន​ធ្វើ​ការងារ​សេវា​តម្រូវ​ការ​ឲ្យ​បានល្អនិង​ឆាប់រហ័ស​ដល់ប្រជា​ពលរដ្ឋ។​លោក​ ហ៊ុន សែន ថ្លែង​បែប​នេះ​ស្រប​ពេល​ដែល​មាន​ការ​រុះរើ​គណៈរដ្ឋមន្រ្តី ដែល​ក្នុង​នោះ​មាន​ការបញ្ចប់តំណែង​​រដ្ឋមន្រ្តី​បីរូប​និ​ង​ផ្លាស់ប្តូរ​ការដឹកនាំ​រដ្ឋមន្រ្តីចំនួន​៥រូប។

អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ មានប្រសាសន៍ថា​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន មិន​ទទួល​ស្គាល់​ដែល​លោកថា​”មន្រ្តីរដ្ឋបាលច្រើន​ដែល​ខូចខិល”។ លោក​មានប្រសាសន៍ថា៖ “ទីមួយ មន្រ្តីរដ្ឋបាលគឺខូចច្រើន មិនមែនតិចបែបហ្នឹងទេ មិនមែន៥ទេ ទីពីរកុំបន្ទោស​អ្នកដទៃ គ្មាននរណាទៅធ្វើអីណា បញ្ចូល​ ដូចគាត់គិតនោះទេ។ ល្បែង​នយោបាយ​បែប​ហ្នឹង គឺ​ខ្ញុំមើលទៅ​គ្មានអ្នកផ្សេងប្រើទេ។ ការបន្ទោស​អ្នកដទៃ គឺការអត់ទទួលខុសត្រូវ អត់ទទួលស្គាល់នូវការពិត វាអាច​ធ្វើ​ឲ្យអត់ឈាន​ដល់​កំណែ​ទម្រង់ពិតប្រាកដដែលអាចល្អសម្រាប់ប្រទេស​ជាតិ​”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ