ការិយាល័យប្រឆាំងការលាងលុយកខ្វក់របស់ថៃចាប់ផ្តើមស្វែងរកព័ត៌មានពីសមភាគីបរទេសពាក់ព័ន្ធអ្នកមានប្រាក់និងមានអំណាចដែលជាប់ពាក់ព័ន្ធលាក់លុយនៅក្រៅប្រទេសក្នុងការលាងលុយនិងការគេចវេសពីកាតព្វកិច្ចបង់ពន្ធ។
ក្នុងបញ្ជីឈ្មោះមួយដែលផ្សព្វផ្សាយចេញពីប្រទេសប៉ាណាម៉ាគឺ Panama Papers អំពីការលាក់លុយនៅក្រៅប្រទេសបានបង្ហាញឈ្មោះមនុស្សមានអំណាចនិងមានប្រាក់នៅទូទាំងពិភពលោក ហើយក្នុងនោះនៅក្នុងប្រទេសថៃមានចំនួន៧៨០នាក់ជាលក្ខណៈបុគ្គលនិងក្រុមហ៊ុនចំនួន៥០។
ក្នុងបញ្ជីឈ្មោះដែលលេចធ្លាយនោះរួមមានទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនធំឈ្មោះ បាងកកឡែន និងក្រុមហ៊ុនហិរញ្ញវត្ថុ ផាត្រា ផងដែរ។
លោកវរសេនីយ៍ឯក Pol Col Seehanat Prayoonrat ប្រធានស្តីទីការិយាល័យប្រឆាំងការលាងលុយកខ្វក់ថ្លែងថា បើយោងតាមរបាយការណ៍ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ(ICIJ) ដែលបានទម្លាយឯកសារនោះគឺជាការជំនួយដល់អ្នកនយោបាយនិងមេដឹកនាំលើពិភពលោកក្នុងការធ្វើការប្រឆាំងអ្នកលាក់លុយខុសច្បាប់ចំនួន២១ប្រទេសក្នុងនោះរួមទាំងប្រទេសថៃផងដែរ។
លោកថាពេលនេះទើបតែទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះមិនទាន់មានប្រទេសជាមិត្តណាផ្តល់ដំណឹងទេ។ លោកបញ្ជាក់ថាជាធម្មតាប្រទេសនានាដែលរកឃើញថាមានការលាងលុយនៅក្រៅប្រទេស គឺអាជ្ញាធរនៃប្រទេសដែលទទួលបានព័ត៌មាននោះត្រូវរាយការណ៍ឲ្យប្រទេសកំណើតនៃជនឬក្រុមប្រព្រឹត្តនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Sansern Kaewkamnerd ថ្លែងថាពេលនេះនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានដឹងពីព័ត៌មាននៃការលាក់លុយនៅក្រៅប្រទេសនេះហើយ។
អាជ្ញាធរពន្ធដារនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់បានបើកការស៊ើបអង្កេតអតិថិជនរបស់ក្រុមហ៊ុនអ្នកច្បាប់ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាណាម៉ានិងបណ្តាប្រទេសនៅអាស៊ាន ហើយបានអំពាវនាវឲ្យមានការបង្ក្រាបលើសកម្មភាពលាក់លុយតាមរយៈធនាគារនិងក្រុមហ៊ុននៅក្រៅប្រទេសដើម្បីលាងលុយឬគេចចេញពីការបង់ពន្ធចូលរដ្ឋរបស់អ្នកមានប្រាក់និងមានអំណាចនៅទូទាំងពិភពលោក។
រដ្ឋអំណាចនៃប្រទេសផ្សេងទៀតអាចនឹងចាត់វិធានការលើជនល្មើសគេចពន្ធនិងលាងលុយតាមឯកសារបង្ហាញពីមនុស្សរាប់ម៉ឺននាក់មានឯកសារជាង១១លាន៥សែនឯកសារដែលគេយកបានពីក្រុមអ្នកច្បាប់ Mossack Fonseca មានមូលដ្ឋាននៅក្នុងប្រទេសប៉ាណាម៉ា។
ឯកសារដែលផ្សព្វផ្សាយទាំងនោះគឺជាការស៊ើបអង្កេតក្នុងដំណាក់កាលកណ្តាលមួយ ហើយបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យដោយក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិមកពីអង្គភាពព័ត៌មានជាង១០០ផ្សេងគ្នាជុំវិញពិភពលោក៕