អាជីវកនៅខេត្ដព្រះវិហារស្នើឲ្យអាជ្ញាធររៀបចំតូបលក់ដូរឲ្យមានស្ដង់ដា

ក្រុមអាជីវកនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ​ស្នើឲ្យអាជ្ញាធររៀបចំតូបលក់ដូរ​ជូនពួកគេឲ្យមានស្ដង់ដាត្រឹមត្រូវដោយពួកគាត់អះអាងថាដើម្បីកុំឲ្យ​ប៉ះ​ពាល់ដល់​ការធ្វើអាជីវកម្ម។

អាជីវកម្នាក់អះអាងថាជាតំណាងអាជីករជាង៤០នាក់នៅក្រុងព្រះវិហារអ្នកស្រី អ៊ូច សុគន្ទា ប្រាប់​VODនៅ​ថ្ងៃ​នេះ​ថាអាជ្ញាធរក្រុង​បានសន្យាកែលំអរតូបលក់ដូរនៅផ្សារកំពង់ប្រណាកឲ្យមានស្តង់​ដាត្រឹម​ត្រូវនិងមាន​ស​ណ្ដា​ប់​ធ្នា​ប់ល្អ​ដោយទុកទំហំតូបនៅដដែល គឺទំហំ២ម៉ែត្រគុណនិង៤ម៉ែត្រ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញអ្នកស្រីថាការរៀបចំនេះ អាជ្ញា​ធរ​មិន​បាន​អនុវត្ដដូច​ការ​សន្សា​នោះទេ។ អ្នកស្រីថាតូបលក់​មួយ​ចំនួន​បានបែកចេញជា​ពីរនិងខ្លះទៀត​សង់លើផ្លូវដើរដើម្បីទុកឲ្យអាជីវកថ្មីលក់ដូរបន្ថែម ។​អ្នកស្រី​មាន​ប្រសាសន៍ថានិយាយទៅការរៀបចំធ្វើហ្នឹងតូ​បប៉ុណ្ណាឲ្យនៅប៉ុណ្ណឹងវិញអោយមានតាមស្ដង់ដាអោយមានតា​មជាក់ស្ដែងពីមុនវិញពីរម៉ែត្រជាបី​ម៉ែត្រ​ជា​ងដល់ធ្វើជាក់ស្ដែងទៅវាស់សល់មុខសល់ក្រោយខ្លះមួយចឹងទៅ​បានពីរខ្លះមួយបានបួនខ្លះ​បានបីមិនដឹង​បាន​មកពីណាចេះតែដាក់ចឹងទៅ

អាជីវកលក់ស្បែងជើងមួយរូបទៀតអ្នកស្រី លឺម ណារ៉ែន ឲ្យដឹងថាតូបអ្នកស្រីត្រូវបានតូបអាជីវ​ក​ម្នាក់​សង់បិទផ្លូវដែលអ្នកស្រីថាធ្វើឲ្យមានការលំបាក់ដល់អតិថិជន​ដើរចូលទិញទំនិញ។ អ្នកស្រីបន្ដថាពួកគាត់​​បាន​ស្វែងរកអន្ដរាគមន៍ពីថ្នាក់ក្រុងរ​ហូត​​ដល់ថ្នាក់ខេត្ដជាច្រើនលើក​ ប៉ុន្ដែគ្មានដំណោះស្រាយឡើយដោយ​ស្ថាប័នទាំងនោះរុញដាក់គ្នាទៅវិញ​ទៅមក។​ អ្នកស្រីបន្ដថា៖ “និយាយរួមអ្នកណាគេឃើញគេដឹងថាឆ្គងតាម៉ង​វាខុសពេញទំហឹងតូបធ្វើបិទផ្លូវចឹងណាវាអត់​សមម៉ង។​ ដល់ពេលតូបមួយគេមានផ្លូវនៅខាងក្រោយខ្ញុំវារង្វង់​មូលម៉ងអត់មាន​តូបផ្សេងទៅ​អោបម៉ាផ្សារមានតែតូបមួយមួយហ្នឹងខុសគេ

ករណីនេះVODមិនអាចទាក់ទងអភិបាលក្រុងព្រះវិហារលោក នុត សោភ័ណ្ឌ ដើម្បីសាក​សួរពី​បញ្ហា​នេះ​​បានទេ ដោយអ្នកលើកទូរស័ព្ទប្រាប់ថាលោកទៅប្រទេសវៀតណាម។ អ្នកលើកទូរស័ព្ទថាអត់ដឹងដែរចឹង​ចាំគាត់មក​ពី​វៀតណាមវិញចាំសួរគាត់។

ចំណែកប្រធានគណៈកម្មការផ្សារកំពង់ប្រណាកនិងជាអភិបាលរងក្រុងព្រះវិហារលោក ស៊ិន រស្មី ក៏មិនអាចទាក់ទងបានដែរ។

ទោះជាយ៉ាងណាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ​ចាន់ មានប្រសាសន៍ថាតាមការស៊ើបអង្កេតកន្លងមកឃើញថាការរៀបចំផ្សារនោះ លោកថាគ្មានសណ្ដាប់​ធ្នាប់​តាម​គម្រោង​​អាជ្ញាធរ​នោះ​ទេដែលធ្វើឲ្យអាជីវកមួ​យចំនួនមានជម្លោះគ្នានិងប៉ះពាល់ដល់សេដ្ឋកិច្ច​គ្រួសារ​។ លោកជំរុញឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយជូនអាជីវករឲ្យមានប្រសិទ្ធិភាពនិង​ទាន់ពេល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ