តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកាស៊ើបអង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជាអ្នករៀបចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាលពីចុងឆ្នាំ២០១៥។
កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោយមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថាធិប្បាយក្នុងកិច្ចពិភាក្សាតុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេតុផលកេងចំណេញនយោបាយ។
នៅថ្ងៃទី៦ ខែមេសានេះ តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសលោក គង់ សភា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ បង្ហាញការខកចិត្តទៅនឹងការលើកឡើងរបស់លោក ឈាង វុន នោះ និងបានអំពាវនាវឲ្យតុលាការនិងគណ:កម្មាធិការស៊ើបអង្កេតរបស់រដ្ឋាភិបាលបើកការស៊ើបអង្កេតករណីនេះ។
លោក គង់ សភា សរសេរទៀតថាការអត្ថាធិប្បាយនេះ លោកថាលោក ឈាង វុន ប្រហែលជាអ្នករៀចំផែនការនេះជាមួយជនមានអំណាចនិងជនដៃដល់ ដោយលោកថាមុនពីរបីថ្ងៃនៃហេតុការណ៍ប្រើហិង្សានោះ លោកមានជម្លោះជាមួយជាមួយលោក ឈាង វុន។
បញ្ជាក់លើការសរសេរនេះ លោក គង់ សភា បានអះអាងថាបើស្ថាប័នពាក់ព័ន្ធមិនបើកការស៊ើបអង្កេតរកការពិតនៃការអត្ថាធិប្បាយរបស់លោក ឈាង វុន នេះទេលោកថាលោកនឹងក្លាយជាជនរងគ្រោះដោយការវាយដំផង និងរងគ្រោះដោយការចោទប្រកាន់ខុសពីការពិតទៀត ។ លោកថា៖ជនល្មើសដែលចូលសារភាព៣នាក់ហ្នឹង គាត់បានសារភាពថា គាត់ជាកងអង្គរក្ស ហើយគាត់បានមកចូលរួមបាតុកម្ម ហើយគាត់បានវ៉ៃពួកខ្ញុំ។ អញ្ចឹងធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងសម្តីគាត់ដែលគាត់ថាហ្នឹងហាក់ដូចជាគាត់បានដឹងរឿងហេតុការណ៍ហ្នឹងរៀបចំទុកជាមុនហើយ ជាមួយអ្នកមានអំណាច និងជនល្មើសហ្នឹង អញ្ចឹងសុំអំពាវនាវឲ្យតុលាការ ឬមួយសភាខ្លួនឯងបើកការស៊ើបអង្កេតករណីសម្តីឯកឧត្តម ឈាង វុន ហ្នឹង ដើម្បីផ្តល់យុត្តិធម៌ដល់យើងខ្ញុំទំាងពីរនាក់ហ្នឹង ដែលរងគ្រោះពីព្រឹត្តិការណ៍គេវ៉ៃឲ្យរងគ្រោះរាងកាយហើយ។ ឥឡូវរងគ្រោះ ពីការចោទប្រកាន់ពីតំណាងរាស្ត្រខ្លួនឯងទៀតចេញឲ្យគេវ៉ា បើមិនចេញគេមិនវ៉ៃទេ ព្រោះបោះសភាប្រជុំចាប់ហើយ ខ្ញុំប្រញាប់បន្តដំណើរ ទៅប្រជុំនៅក្នុងគណបក្សទៀត ខ្ញុំត្រូវតែចេញហើយ អញ្ចឹងវាអយុត្តិធម៌ពេក សម្រាប់ពួកខ្ញុំទាំងពីរបាទ”។
VODមិនអាចសុំការឆ្លើយតបពីលោក ឈាង វុន បានទេជុំវិញការលើកឡើង របស់តំណាងបក្សប្រឆាំងនេះ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េង ឡុង មិនអត្ថាធិប្បាយពីករណីនេះទេ ដោយអះអាងថារង់ចាំការសម្រេចពីប្រធានរដ្ឋសភា លោក ហេង សំរិន ជាមុនសិន។
លោកថា៖ខ្ញុំមិនដឹងទេទាល់តែសម្តេចគាត់សម្រេច គាត់ប្រជុំគណៈអចិន្ត្រៃយ៍អីម៉េចៗ ទាល់ខ្ញុំដាក់ទៅជូនគាត់ឲ្យគាត់សម្រេច។
សង្គមស៊ីវិលធ្លាប់រិះគន់ថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរគឺបើអ្នកមានអំណាចឬអ្នកមានប្រាក់ជាដើមបណ្តឹងនោះ តុលាការប្រញាប់ចាត់ការ តែបើដើមបណ្តឹងជាជនក្រីក្រឬជាសកម្មជននយោបាយបក្សប្រឆាំងវិញ គឺតុលាការច្រើនតែមិនចាត់ការបណ្តឹងនោះ៕