អ្នកបើករថយន្តបណ្តាលឲ្យមនុស្សស្លាប់៧នាក់ប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលសម្រេចចោទអ្នកបើករថយន្តជ្រុលធ្លាក់ពីទូកដែលបណ្តាលឲ្យស្លាប់មនុស្ស៧នាក់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ដោយយោងតាមបទចោទ អ្នកបើកបររថយន្តរូបនោះអាចនឹងត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ។

កាលពីយប់ថ្ងៃអាទិត្យ នៅកំពង់ចម្លងព្រែកអុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មានហេតុការណ៍បើករថយន្តធ្លាក់ទឹក បណ្ដាលឲ្យមានមនុស្ស៧នាក់ស្លាប់ ក្នុងនោះមានក្មេង៥នាក់ស្លាប់ដោយសារលង់ទឹកនៅក្នុងរថយន្ត។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកឡានឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ និងបានបញ្ជូនទៅកាន់តុលាការនៅវេលាម៉ោង៩និង៣០នាទីម្សិលមិញ។

ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តកណ្តាលលោក សេង ឫទ្ធី បានឲ្យវីអូឌី(VOD)ដឹងនៅព្រឹកថ្ងៃពុធនេះថា ក្រោយពីព្រះរាជអជ្ញាបានបើកកិច្ចស៊ើបអង្កេត ព្រះរាជអជ្ញាបានធ្វើការចោទប្រកាន់អ្នកបើកបរឈ្មោះ សាក់ សារ៉ាក់ ពីបទបើកបរបណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ ទោះយ៉ាងណា លោកបដិសេធមិនព័ត៌មានលម្អិត ដោយលោកថា សំណុំរឿងនេះបានចូលទៅដល់ចៅក្រមស៊ើបសួរហើយ។

វីអូឌីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលលោក គឹម ម៉េង ដែលកាន់សំណុំរឿងនេះបាននៅឡើយទេ។

មាត្រា៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ឆ្នាំ និងត្រូវពិន័យជាប្រាក់ពីបួនលានរៀល ទៅដប់ប្រាំលានរៀល និងអាចផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា៨៥នៃចរាចរណ៍ផ្លូវគោកថ្មីក៏បានចែងផងដែរថា អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពីដប់លានរៀលទៅម្ភៃប្រាំលានរៀលកាលបើអំពើនេះបានប្រព្រឹត្តិក្នុងករណីណាមួយដូចជា បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត បើកបរក្នុងស្ថានភាពស្រវឹងដោយមានជាតិអាកុលចាប់ពី០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ គ្រោះថ្នាក់នោះបណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់ ជនបង្ករត់គេចពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

បើតាមស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន ប្រាប់វីអូឌី(VOD)កាលពីថ្ងៃចន្ទថា ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រមាណ៧និង១៥នាទីល្ងាច ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក្រោយពីជនរងគ្រោះបានត្រឡប់មកពីសែនសង្កត់ផ្នូរ​ថ្ងៃឆេងម៉េង។ លោកបន្តថា ក្នុងរថយន្តនោះមានមនុស្សសរុបទាំងអស់ចំនួន១១នាក់ តែ៣នាក់បានចុះពីរថយន្តនៅពេលដែលចុះកំពង់ចម្លង។ លោកមានប្រសាសន៍ថា អ្នកបើកបរត្រូវក្មួយម្ចាស់រថយន្តហើយនៅរស់ និង​បានពិសារគ្រឿងស្រវឹងមុនពេលហេតុការណ៍កើតឡើង។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះដែលបានស្លាប់ទាំង៧នាក់មានបុរសម្នាក់អាយុ៣៥ឆ្នាំ ស្រ្តីអាយុ៣៥ឆ្នាំម្នាក់ ក្មេងអាយុ៤ឆ្នាំ ៧ឆ្នាំ ៨ឆ្នាំ ១២ឆ្នាំនិង១៣ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ