រដ្ឋាភិបាលទីក្រុងប៉េកាំងប្រកាសផ្អាកការនាំចូលរ៉ែមាសនិងធនធានកម្រផ្សេងៗទៀតពីកូរ៉េខាងជើង ហើយក៏ឈប់នាំចេញទៅលក់ឲ្យប្រទេសនេះវិញនូវ ប្រេងសាំងនិងធនធានផ្សេងៗទៀតសម្រាប់ធ្វើរ៉ុកែតដែរ។
ការប្រកាសរឹតបន្តឹងការធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនេះ ទីក្រុងប៉េកាំងបានធ្វើឡើងកាលពីម្សិលមិញគឺជាការអនុវត្តការដាក់ទណ្ឌកម្មថ្មីទៀតតាមការអនុម័តរបស់អង្គការសហប្រជាជាតិ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចឯកភាពកាលពីដើមខែមីនាក្នុងការដាក់ទណ្ឌបន្ថែមលើកូរ៉េខាងជើងក្នុងគោលបំណងកាត់បន្ថយថវិកាដំណើរការអាវុធនុយក្លេអ៊ែនិងមីស៊ីលឆ្លងទ្វីបរបស់ប្រទេសនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានសាកល្បងអាវុធនុយក្លេអ៊ែលើកទី៤របស់ខ្លួនកាលពីខែមករានិងរ៉ុកែតខ្នាតវែងកាលពីខែកុម្ភៈ។
ការនាំចេញធនធានរ៉ែគឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ហើយពេលនេះមានការបញ្ឈប់ការទទួលទិញពីគ្រប់ប្រទេសនៅលើពិភពលោក។ ក្រុមអ្នកជំនាញជឿជាក់ថាប្រាក់ចំណូលពីវិស័យនេះអាចជួយធានាការចំណាយផ្នែកយោធារបស់ប្រទេសកូរ៉េខាងជើង។
មន្ត្រីរបស់ចិនបានថ្លែងថាខ្លួនក៏បានផ្អាកការទិញធ្យូងថ្មពីកូរ៉េខាងជើង ស្របពេលដែការដាក់ទណ្ឌកម្មនេះហើយក៏ជាចំណុចដែលត្រូវគិតសុខុមាលភាពរបស់ប្រជាពលរដ្ឋដោយមិនឲ្យជាប់ទាក់ទងជាមួយកម្មវិធីអាវុធនុយក្លេអ៊ែឬមីស៊ីល។
កាលពីឆ្នាំមុនកូរ៉េខាងជើងបានលក់ធ្យូងថ្មទៅឲ្យចិនប្រមាណ២០លានតោនដែលស្មើនឹង២៧ភាគរយនៃការលក់ទៅរុស្ស៊ីនិងម៉ុងហ្គោលីដែលចិនគឺជាប្រទេសធំលំដាប់ទី៣ដែលទទួលការផ្គត់ផ្គង់នេះ។
សហរដ្ឋអាមេរិកបង្ហាញការជឿជាក់ថាការដាក់ទណ្ឌកម្មនេះនឹងអាចមានឥទ្ធិពលបន្ថែមទៀតក្នុងការទប់ស្កាត់កម្មវិធីអាវុធនុយក្លេងអ៊ែរបស់កូរ៉េខាងជើងដែលកំពុងគំរាមកំហែងដល់សន្តិសុខតំបន់និងពិភពលោក៕