នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លង់លាលែងពីតំណែងនៅថ្ងៃអង្គារម្សិលមិញដែលជានាយករដ្ឋមន្ត្រីទី១សម្រេចចាកចេញពីតួនាទីរបស់ខ្លួនបន្ទាប់ពីមានការចោទថាមានពាក់ព័ន្ធនឹងការលាក់លុយនៅក្រៅប្រទេស។
នាយករដ្ឋមន្ត្រីអ៊ីស្លង់លោក Sigmundur David Gunnlaugsson គឺមានការចោទថាពាក់ព័ន្ធខ្លាំងជាងគេក្នុងការស៊ើបអង្កេតរបស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិបានទម្លាយឯកសាររបស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ាចំនួន១១លាន៥សែន។ ក្នុងឯកសារបង្ហាញពីការលាក់លុយនៅក្រៅប្រទេសក្នុងគោលបំណងលាងលុយកខ្វក់និង គេចវេសពីការបង់ពន្ធនោះ មានអ្នកនយោបាយល្បីឈ្មោះ១៤០រូបនិងរួមទាំងអតីតនិងបច្ចុប្បន្នជាប្រមុខរដ្ឋ ចំនួន២០រូបផងដែលក្នុងនោះក៏មាននាយករដ្ឋអ៊ីស្លង់១រូបដែរ។
លោក Gunnlaugsson ថ្លែងប្រាប់សមាជិកសភាកាលពីម្សិលមិញថា លោកនឹងលាលែងចេញពីតំណែង។ ទោះយ៉ាងណាលោកបដិសេធថាលោកមិនបានជាប់ពាក់ព័ន្ធនឹងការលាក់លុយនៅក្រៅប្រទេសដូចការចុះផ្សាយរបស់សមាគមអ្នកព័ត៌មានអន្តរជាតិនោះទេ។ នេះបើតាមសារព័ត៌មាន Wall Street Journal។
កាលពីថ្ងៃអាទិត្យមានការផ្សព្វផ្សាយចេញពីក្រុមសមាគមអ្នកសារព័ត៌មានអន្តរជាតិអំពីមេដឹកនាំអ្នកមានប្រាក់ និងតារាល្បីៗបានលាក់លុយនៅក្រៅប្រទេសក្រោយមកមួយថ្ងៃនៅថ្ងៃចន្ទប្រជាពលរដ្ឋអ៊ីស្លង់ប្រមាណ១០ ០០០ទៅ២០ ០០០នាក់ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេសមាន៣៣០ ០០០នាក់បានតវ៉ាឲ្យនាយករដ្ឋមន្ត្រីរបស់គេដែលមានឈ្មោះលាក់លុយនៅក្រៅប្រទេសឲ្យលាលែងចេញពីតំណែង ក្រោយមកមួយថ្ងៃទៀតនៅថ្ងៃអង្គារនាយករដ្ឋមន្ត្រីនៃប្រទេសនេះក៏បានសម្រេចចិត្តលាលែងចេញពីតំណែង៕