មន្ទីរសាធារណការរាជធានីភ្នំពេញបានចាប់ផ្តើមភ្លាមៗការងារជួសជុលផ្លូវនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានដកតំណែងប្រធានមន្ទីរសាធារណការ ករណីមិនជួសជុលផ្លូវកាលពីកន្លងទៅ។
បើតាមហ្វេសប៊ុករបស់មន្ទីរសាធារណការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានចាប់ផ្តើមដំណើរការជួសជុលគ្រលុកសំបុកមាន់ផ្លូវលេខ២០A ចាប់ពីរង្វង់មូលដីក្រហមខណ្ឌដង្កោដល់ស្រុកកណ្តាលស្ទឹង ប្រវែង៩០២០ម៉ែត្រ។ ចំណែកកាលពីថ្ងៃចន្ទ មន្ទីរសាធា រណការបានបង្ហោះព័ត៌មានថានៅថ្ងៃទី០២-០៥ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានី បានជួសជុលផ្លូវដោយប្រើកៅស៊ូអ៊ុតACនៅមហាវិថីម៉ៅសេទុង ត្រង់ចំណុចកែងមហាវិថីព្រះនរោត្តម ផ្លូវលេខ១៦៣ ចាប់ពីមហាវិថីម៉ៅសេទុងដល់ផ្លូវលេខ២៧១និងផ្លូវលេខ៣៩២ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦៣។
ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបដិសេធមិនអត្ថាធិប្បាយលើការងារនេះ ដោយបង្វែរសំណួរទៅសាលារាជធានីភ្នំពេញវិញ។ វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ បាននៅឡើយទេ។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅតែអនុវត្តតួនាទីមិនបានល្អ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា តាំងពីលោកទទួលតំណែងនេះមក ផ្លូវនៅក្នុងរាជធានីកាន់តែសភាពយ៉ាប់យ៉ឺន។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនិយាយត្រង់នេះ តាំងពីពេលលោកឯង (លោក សាំ ពិសិដ្ឋ) ឡើងមកគឺផ្លូវវាយ៉ាប់! អាធ្វើថ្មីវាបានហើយ ខ្ញុំអបអរហើយ ប៉ុន្តែវាមិនព្រមជួសជុលឲ្យធ្វើម៉េចវា… អាហ្នឹងនិយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្ត ព្រោះខ្ញុំបង្ខំឲ្យដក”។
លោកក៏បានស្ដីបន្ទោសដល់អនុប្រធានមន្ទីរសាធារណការ និងអភិបាលខណ្ឌ ថាមិនយកចិត្តទុកដាក់ជួសជុលផ្លូវដែលខូចនៅតាមខណ្ឌក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ។
លោក ហ៊ុន សែន ក៏បានរិះគន់ដល់មន្ត្រីក្រោមឱវាទរបស់លោកពាក់ព័ន្ធនឹងការជីកផ្លូវនានានៅក្នុងរាជធានីភ្នំពេញញឹកញាប់ក្នុងការដាក់លូថ្មីឬតបណ្ដាញខ្សែកាប ដែលលោកថាបានបង្កការរំខានអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ លោកបានថ្លែងថា៖ “ធ្វើកន្លែងមួយ ធ្វើម្ដង បន្តិចៗមកជីកហើយ ជីកដាក់លូនេះ ជីកដាក់ខ្សែកាប ហើយចុះម៉េច មុននឹងធ្វើម៉េចមិនសិក្សាឲ្យហើយ? ចាំជីកច្រើនដង? អាហ្នឹងគាត់និយាយត្រូវ”៕