អង្គភាពប្រឆាំងអំពើពុករលួយ​ថា​លោក ស៊ុត ឌីណា មាន​ត្បូង​៥០០គ្រាប់និងដី១០កន្លែងថែមទៀត​

ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា(រូបថតពីហ្វេសប៊ុករបស់លោក)

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ លោក ឱម យ៉ិន​ទៀង បាន​បញ្ជាក់ថា​អង្គភាព​បាន​ដឹង​ថា​​​លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាង​ត្បូង មាន​ដី១០កន្លែងធំៗ​និង​ត្បូង​ប្រមាណ​៥០០គ្រាប់ បន្ថែម​លើ​លុយ​សុទ្ធក្រៅធនាគារ​ជាង​៧លានដុល្លារអាមេរិក។​

លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។​

ក្នុងសន្និសីទសារព័ត៌មាន លោក ឱម យ៉ិន​ទៀង បាន​ថ្លែង​ថា​យោ​ង​​តាម​ការចុះស៊ើបអង្កេតរបស់ACU នៅក្នុងប្រទេស​និងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចម្លើយសារ​ភាពរបស់លោក ស៊ុត ឌីណានិងសាក្សីជាច្រើនទៀត អង្គភាពបានរកឃើញថាលោក ស៊ុត ឌីណា មាន​លុយនៅក្រៅធានាគារចំនួន៧,២លានដុល្លារនិងមានមាស១២,៤៧គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់​រ​បស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមាន​ប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។ លោក ឱម យ៉ិនទៀង បញ្ជាក់ថា​លោក​មិន​ទាន់ដឹង​ថា​លុយ​ក្នុង​កុងធានាគារមានចំនួន​ប៉ុន្មាននោះទេ។​

ក្រៅពីលុយសុទ្ធនិង​មាស ប្រធានអង្គភាព​បាន​បន្ថែម​ថា​លោក ស៊ុត ឌីណា មានដី​និង​ត្បូង​ថែមទៀត។ ​មាន​ប្រសាសន៍ថា៖ “​ក្រៅពីសាច់លុយ​មាស នៅមានត្បូង​៥០០គ្រាប់​ នៅមានដីជាង​១០កន្លែងធំៗទៀត បូកទៅ​ក៏ប្រាក់លានដែរ​ ផ្ទះដូចពីរផ្ទះវីឡា ខ្ញុំចាំមិនអស់ដែរ។ ផ្អែកទៅលើព័ត៌មានប៉ុននេះហើយ យើងខ្ញុំមានអំណាច​សួរទៅប្រធាន​សុរិយោដីគ្រប់ខេត្ត ទាំងអស់ ២៤ខេត្តរាជធានី សូមជួយ​រក​ឲ្យខ្ញុំ បើ​មានដី មានផ្ទះ​ណា​របស់ស៊ុត ឌីណា សូម​រាយការណ៍​ឲ្យយើងដឹង​ផង​”។​

នៅពេល​សួរ​ថា​ហេតុអ្វីបានជា​អង្គភាព​អាចរកឃើញពីលុយ​និងទ្រព្យ​សម្បត្តិទាំងនេះ លោក ឱម យ៉ិន​ទៀង បាន​បដិសេធមិនអត្ថាធិប្បាយលើ​បញ្ហានេះ ដោយ​ថា​នេះ​ជា​ការងារ​របស់អង្គភាព។ លោក​បញ្ជាក់​ថា​៖ “សូមជម្រាប​ថា​ACUដឹង​មកពីណា មុខ​របរ​របស់យើងខ្ញុំ​ ក្មួយ កុំចង់ ក្មួយ​ចង់ មកចូលធ្វើការមក គេបង្រៀន​រឿងថា​ដឹង​មកពីណា”?​  លោក​បញ្ជាក់​ថាប្រសិន​បើ​​សាម៉ីខ្លួន លោក ស៊ុត ឌីណា ​​តវ៉ាប្រឆាំងនឹង​ការ​លើក​ឡើង​នេះ រដ្ឋ​នឹង​រឹបអូស​យក​ទ្រព្យ​សម្បត្តិទាំងនេះ។ លោក​បញ្ជាក់​ថា​អ្វី​ដែល​អង្គភាព​ស៊ើបអង្កេត ថាតើ​លុយ​របស់​លោក​ ស៊ុត ឌីណា មាន​កំណើន​៣លានដុល្លារនោះ មកពីណាដែរ​។ លោក​បញ្ជាក់​​ថា​មិនមែន​អ្នក​មានលុយទាំងអស់​ ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ។​

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយឲ្យ​ដឹងទៀត​ថាអង្គភាព​​​បាន​ស្នើ​តុលាការ​ចោទប្រកាន់​ លោក ស៊ុត ឌី​ណា ដែលអង្គភាពបានឃាត់ខ្លួនកាលពីថ្ងៃច​ន្ទ​ ចំនួន​ពីរ​បទល្មើស​គឺ​កេងយក​ផល​ប្រយោជន៍ដោយខុសច្បាប់​និង​រំលោភ​អំណាច​ដោយ​មានប្រសិទ្ធភាព។​ លោក​បានបញ្ជាក់​ថាក្នុងនោះ​មាន​ការយក​លុយស្ទីកឃ័រសម្រាប់​ទិដ្ឋាការសម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន​និង​ការកេង​យក​លុយ​ពីក្រុមគ្រួសារពល​ករដែលស្លាប់​នៅប្រទេស​កូរ៉េ។​ ​លោក​បន្ត​ថាលោក​បាន​រកឃើញ​​បួន​​ប្រាំ​ប​ទ​ល្មើសទៀត​ តែ​លោកថា​អង្គភាព​បញ្ជូនទៅតុលាការ​តែ​ពីរ​បទល្មើសជា​មុនសិន។

ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​បាន​​បញ្ជាក់​បន្ថែម​ថា​លោក ស៊ុត ឌីណា ​ក៏បានជួយ​រត់ឯកសា​រ​សម្រា​ប់​​​​ខ្មែរ​រៀបការ​ជាមួយ​ជនជាតិកូរ៉េផងដែរ ដែល​លោក​ថានេះ​ជា​បទល្មើស​ផ្សេងទៀត ហើយ​លោក​ថា​លោក​មានភស្តុតាងពីរភាគបី​ ដែល​មិនទាន់​ផ្ញើទៅតុលាការ។​ លោក​មានប្រសា​សន៍ថា​អង្គភាព​​មាន”ភស្តុតាងរឹងជាច្រើន” ទាក់ទង​នឹង​ការ​ចោទប្រកាន់នេះ។​ លោក​បញ្ជាក់​ថា​លោក ​ស៊ុត ឌីណា មិនមែន”ក្រ”ដូច​ការចុះផ្សាយ​តាមហ្វេសប៊ុក​នោះ​។

តាមក្រមព្រហ្មទណ្ឌ ​មាត្រា​៥៩៨ លោក ស៊ុត ឌីណា អាច​ត្រូវ​ផ្តន្ទាទោសពី២ទៅ​៥ឆ្នាំនិងពិន័យជាប្រាក់ពី​៤លាន​ទៅ​១០លានរៀល ប្រសិន​បើ​រក​ឃើញ​ជាប់បទល្មើស​កេងផលប្រយោជន៍​ដោយ​ខុសច្បាប់។​ លោក ឱម ​យ៉ិន​​ទៀង ​បញ្ជាក់​ថា​ចំណែក​បទល្មើស​រំលោភអំណាចមានប្រសិទ្ធភាព លោក ស៊ុត ឌីណា អាចជាប់ពន្ធនា​គារពី​៥ទៅ​១០ឆ្នាំ។​

អង្គភាពបញ្ជាក់ដែរ​​ថា​ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាពេលលោកចាកចេញទៅធ្វើជាឯកអគ្គរាជទូត​ប្រចាំប្រទេស​កូរ៉េខាងត្បូង រហូតមកដល់បច្ចុប្បន្ន លោក ស៊ុត ឌីណា បានធ្វើដំណើរទៅមករវាងប្រទេសកូរ៉េនិងប្រទេសកម្ពុជាចំនួន២១លើក ក្នុងរយៈពេល​២៥ខែនោះ ដែលមានន័យថាស្ទើរតែ១ខែ១លើក។ អង្គភាពលើក​ឡើង​ថា​ខ្លួនមានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំ​បែបបទបញ្ជូនលោក ស៊ុត ឌីណា ទៅតុលាកា​រ។

អង្គភាព​បញ្ជាក់​ថា​ការ​ឃាត់ខ្លួន​លោក ស៊ុត ឌីណា ធ្វើឡើ​ងតាមពាក្យ​បណ្តឹង​របស់​ពលករខ្មែរ​នៅប្រទេស​កូរ៉េខាងត្បូង​និង​ពាក្យ​បណ្តឹង​របស់​មន្រ្តីក្រសួងការបរទេស​កម្ពុជានិង​កំណត់​ហេតុ​សវនកម្ម​នៃ​ប្រតិភូចម្រុះក្រសួងសេដ្ឋកិច្ច​និងក្រសួងការបរទេសដែល​អង្គភាព​បានអះអាង​ថា​លោក​ ស៊ុត ឌីណា បាន​ឃើញ​និង​ឯកភាព​កាលពីថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦។​

ម្តាយ​របស់​លោក ស៊ុត ឌីណា អ្នក​ស្រី យ៉ាំ ឈីវអេង អាយុ​៦៧ ឆ្នាំ បាន​បដិសេធ​នឹង​ការលើក​ឡើង​របស់អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ ដោយ​ថា​កូន​របស់អ្នកស្រីមិន​មានលុយ​ទៅដល់​ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង ​មាន​មាស​ប៉ុន្មាន​១០គីឡូ​ អាណាស្អី។ ឲ្យ​ដើ​រសួរធនាគារ​គ្រប់ទៅ វា​មិនពិត​ទេអូន ខ្ញុំ​ឲ្យគាត់​ដើរសួរតាមធនាគារទាំងអស់ទៅ​​ ទៅ​ដាក់ធនាគារ​ឯណា៧លាន ៧សែន ឯណោះ​ បើ​មានលុយប៉ុណ្ណោះ ​ទិញឡានជិះ ខ្ញុំ​​លើកផ្ទះថ្មនៅ​”

បើតាម​អ្នក​ស្រី យ៉ាំ ឈីវអេង ភរិយា​របស់​លោក​ ស៊ុត ឌីណា កំពុង​បម្រើការ​នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី តែ​អ្នកស្រី​មិនដឹង​ថា​មានតួនាទីអ្វីនោះទេ។​

ឪពុករបស់លោក ស៊ុត ឌីណា ​លោក ស៊ុត ប៉េងគុណ បានអំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រកយុត្តិធម៌ឲ្យកូន។ លោក​មានប្រសាសន៍ថា៖ “កូនខ្ញុំ​មិនអញ្ចឹង​ទេ សូមសម្តេចជួយ កូន​មក​ឃើញ​តែ​ល្ហេមល្ហាម​ ទៅ​កូរ៉េ​មិនដែលផ្ញើលុយ​មកប៉ា”

គួរបញ្ជាក់​ថា​លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ