តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសដាក់លក់ហ៊ុនរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី២០ ខែមេសា

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) ប្រកាសចាប់ផ្ដើមចេញលក់ហ៊ុន (Initial Public Offering ឬIPO) របស់ខ្លួនជាសាធារណៈនៅថ្ងៃទី២០ ខែមេសា បន្ទាប់ពីតំបន់សួនឧស្សាហកម្មនេះត្រូវបានទទួលស្គាល់កាលពីខែមីនា និងកំពុងដំណើរការចុះបញ្ជីនៅលើផ្សារហ៊ុនកម្ពុជា(CSX)។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ Phnom Penh SEZ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា គណៈកម្មការមូលបត្រកម្ពុជា (SECC) បានផ្តល់ការអនុម័តដល់ Phnom Penh SEZ ដើម្បីប្រកាសខ្លួនជាសាធារណៈ ហើយបច្ចុប្បន្ន សួនឧស្សាហកម្មនេះកំពុងស្ថិតនៅលើដំណើរការចុះបញ្ជី។

សេចក្ដីប្រកាសព័ត៌មានបន្តថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងត្រូវចុះបញ្ជីក្រោមឈ្មោះ Phnom Penh SEZ PLC (PPSP) ហើយក្រុមហ៊ុនដែលមានអាយុកាល១០ឆ្នាំនេះនឺងក្លាយទៅជាតំបន់ឧស្សាហកម្មធំដំបូងដែលត្រូវបានចុះឈ្មោះ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរបីទឿតដែលបានចុះឈ្មោះលើផ្សារហ៊ុនកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា នៅថ្ងៃទី២០ ខែមេសា ក្រុមហ៊ុននឹងផ្សព្វផ្សាយអំពីដំណើរការលម្អិតនៃការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូង ផែនការអភិវឌ្ឍនាពេលអនាគត និងឱកាសវិនិយោគបន្ទាប់ពីការចុះបញ្ជីនៅពេលខាងមុខនៅលើផ្សារមូលបត្រកម្ពុជា ដែលកម្មវិធីនេះនឹងធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់។

Phnom Penh SEZ ឲ្យដឹងដឹងដែរថា Phnom Penh SEZ PLC មានបំណងផ្តល់ជូនរហូតដល់ទៅ១១,៦លានហ៊ុននៅលើផ្សារហ៊ុនកម្ពុជា(CSX) ដែលចំនួននេះតំណាងឲ្យ២០ភាគរយនៃភាគហ៊ុនបានចេញពង្រីក។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Phnom Penh SEZ លោក Fong Nee Wai បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “សម្រាប់គម្រោងដំបូង យើងរក្សាបាននូវចំនួនហ៊ុនដែលយើងនឹងដាក់បង្ហាញ។ ជួរតម្លៃត្រូវបានកំណត់សម្រាប់ប៊ុកបៀលឌីង (book building)គឺពី ០,៧០ដុល្លារទៅ១ដុល្លារ ក្នុងមួយហ៊ុនថ្មី។ មូលធនទីផ្សារសរុបរបស់ Phnom Penh SEZ PLC នឹងមានប្រមាណ៤០,៥ទៅ៥៧,៨៨លានដុល្លារ”។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ចម្ងាយប្រមាណ១៨គីឡូមែត្រពីរាជធានីភ្នំពេញ ឬ៨គីឡូមែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ បើតាមសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៧៦កំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ