ឪពុកម្តាយរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ដែលអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនកាលពីថ្ងៃចន្ទ បានអះអាងថាកូនប្រុសត្រូវបានហៅមកប្រជុំនៅកម្ពុជា មុនពេលត្រូវបានឃាត់ខ្លួនសាកសួរ។
ម្តាយរបស់លោក ស៊ុត ឌីណា អ្នកស្រី យ៉ាំ ឈីវអេង អាយុ៦៧ឆ្នាំ ប្រាប់វីអូឌីក្នុងបទសម្ភាសន៍មួយនៅថ្ងៃព្រហស្បតិ៍នេះថាលោក ស៊ុត ឌីណា ត្រូវបានអតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង ហៅមកប្រជុំនៅកម្ពុជា ហើយត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃចន្ទ នៅក្រសួងការបរទេស។ អ្នកស្រីបានច្រានចោលការចោទប្រកាន់ថាកូនប្រុសមិនបានប្រព្រឹត្តអំពើពុករលួយនោះទេ។
វីអូឌីមិនទាន់អាចទាក់ទង លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបាននៅឡើយទេ ដោយទូរស័ព្ទរបស់លោកហៅមិនចូល។
ឪពុករបស់លោក ស៊ុត ឌីណា លោក ស៊ុត ប៉េងគុណ បានអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យកូន។ លោកមានប្រសាសន៍ថា៖ “កូនខ្ញុំមិនអញ្ចឹងទេ សូមសម្តេចជួយ កូនមកឃើញតែល្ហេមល្ហាម ទៅកូរ៉េមិនដែលផ្ញើលុយមកប៉ា”។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថាយោងតាមការចុះស៊ើបអង្កេតរបស់ACU នៅក្នុងប្រទេសនិងនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងចម្លើយសារភាពរបស់លោក ស៊ុត ឌីណានិងសាក្សីជាច្រើនទៀត អង្គភាពបានរកឃើញថាលោក ស៊ុត ឌីណា មានលុយនៅក្រៅធានាគារចំនួន៧,២លានដុល្លារនិងមានមាស១២,៤៧គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាស់ចំនួន៤,២លានដុល្លារអាមេរិក។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល អង្គភាពបញ្ជាក់ថាចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាពេល លោកចាកចេញទៅធ្វើជាឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង រហូតមកដល់បច្ចុប្បន្ន លោក ស៊ុត ឌីណា បានធ្វើដំណើរទៅមករវាងប្រទេសកូរ៉េនិងប្រទេសកម្ពុជាចំនួន២១លើក ក្នុងរយៈពេល២៥ខែនោះ ដែលមានន័យថាស្ទើរតែ១ខែ១លើក។ អង្គភាពលើកឡើងថាខ្លួនមានភស្តុតាងគ្រប់គ្រាន់ដើម្បីកសាងសំណុំបែបបទបញ្ជូនលោក ស៊ុត ឌីណា ទៅតុលាការ។ អង្គភាពឲ្យដឹងទៀតថាអាស្រ័យដោយពេលវេលាកាសងបែបបទមានតែ៤៨ម៉ោង អង្គភាពបានសម្រេចកាសងសំណុំរឿងប្រមូលផ្ដុំលើ២បទល្មើសសិន។
អង្គភាពបញ្ជាក់ថាការឃាត់ខ្លួនលោក ស៊ុត ឌីណា ធ្វើឡើងតាមពាក្យបណ្តឹងរបស់ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងនិងពាក្យបណ្តឹងរបស់មន្រ្តីក្រសួងការបរទេសកម្ពុជានិងកំណត់ហេតុសវនកម្មនៃប្រតិភូចម្រុះក្រសួងសេដ្ឋកិច្ចនិងក្រសួងការបរទេសដែលអង្គភាពបានអះអាងថាលោក ស៊ុត ឌីណា បានឃើញនិងឯកភាពកាលពីថ្ងៃទី១៩ខែមករា ឆ្នាំ២០១៦។
ទោះយ៉ាងណា អង្គភាពពុំបានបញ្ជាក់ថាបទចោទអ្វីនោះទេ។ វីអូឌីមិនទាន់អាចសុំការអធិប្បាយបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាននៅឡើយទេ។
ម្តាយរបស់លោក ស៊ុត ឌីណា បានបដិសេធនឹងការលើកឡើងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយថាកូនរបស់អ្នកស្រីមិនមានលុយទៅដល់ថ្នាក់ហ្នឹងនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “កុហកទាំងស្រុង មានមាសប៉ុន្មាន១០គីឡូ អាណាស្អី។ ឲ្យដើរសួរធនាគារគ្រប់ទៅ វាមិនពិតទេអូន ខ្ញុំឲ្យគាត់ដើរសួរតាមធនាគារទាំងអស់ទៅ ទៅដាក់ធនាគារឯណា៧លាន ៧សែន ឯណោះ បើមានលុយប៉ុណ្ណោះ ទិញឡានជិះ ខ្ញុំលើកផ្ទះថ្មនៅ”។
គួរបញ្ជាក់ថាលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។

លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី១៤ ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។
លោក ស៊ុត ឌីណា ធ្លាប់ប្រាប់វីអូឌី(VOD)លោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក”។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ៕