លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវកុំឲ្យមានការដំឡើងថ្លៃទៅលើមធ្យោបាយដឹកជញ្ជូន នៅពេលចូលឆ្នាំខាងមុខនេះ។
ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ លោក ហ៊ុន សែន បានថ្លែងអំពាវនាវដល់រថយន្តធំនិងតាក់ស៊ី កុំឲ្យដំឡើងថ្លៃរថយន្តនៅពេលចូលឆ្នាំខាងមុខ ដោយលោកថាតម្លៃប្រេងសាំងបានធ្លាក់ចុះ ដូច្នេះមិនគួរមានការដំឡើងថ្លៃឈ្នួលនោះទេ។ លោកបញ្ជាក់ថាការមិនដំឡើងថ្លៃនេះជា”កាយវិការមួយនៃការយោគយល់គ្នា”។
ជារៀងរាល់ឆ្នាំ លោក ហ៊ុន សែន តែងតែបានអំពាវនាវដល់អ្នកបើកបររថយន្តឈ្នួលនិងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងអស់ កុំឲ្យដំឡើងថ្លៃរថយន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះជាយ៉ាងណា គេតែងសង្កេតឃើញមានការដំឡើងថ្លៃនៅមុន អំឡុងពេល និងក្រោយថ្ងៃចូលឆ្នាំ។
ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ និងអ្នកបើកបររថយន្តឈ្នួលលើកឡើងថាខ្លួនឡើងថ្លៃព្រោះសមត្ថកិច្ចតាមគោលដៅនីមួយៗ បង្ខំឲ្យបង់ប្រាក់ខុសច្បាប់ ។ ឯម្ចាស់ក្រុមហ៊ុនខ្លះលើកឡើងថាការឡើងថ្លៃនេះ ដើម្បីទូទាត់ប្រាក់បន្ថែមឲ្យបុគ្គលិកដែលធ្វើនៅថ្ងៃសម្រាកបុណ្យទាន។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមលោក សន ជ័យ មានប្រសាសន៍ថាលោកមិនមានជំនឿថាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមានប្រសិទ្ធភាពទេ ដោយលោកអះអាងថាដោយសារតែកម្ពុជាប្រកាន់របបទីផ្សារសេរីហើយច្បាប់វិនិយោគបានហាមការប៉ះពាល់ទៅលើតម្លៃសេវារបស់វិស័យឯកជន។ លោកបានឲ្យជាយោបល់ថាដើម្បីរក្សាតម្លៃក៏ដូចជាការអំពាវនាវរបស់រដ្ឋមានប្រសិទ្ធភាព រដ្ឋគួរតែបង្កើតឲ្យមានសេវាកម្មរថយន្តក្រុងរបស់រដ្ឋ ដោយលោកថាការធ្វើបែបនេះជាការផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសយកសេវារបស់រដ្ឋឬសេវាឯកជន។
លោកមានប្រសាសន៍ថា៖ “យើងឃើញដូចសព្វថ្ងៃនេះហើយវិស័យឯកជនគេជិះសេះលែងដៃហើយ … ជាសំណូមពរយើងចង់ឲ្យរដ្ឋាភិបាលនោះយកឡានក្រុងរបស់សាលាក្រុងសព្វថ្ងៃនោះដឹកប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យទាននោះទៅក៏បានដែរព្រោះអី នៅក្នុងរដូវបុណ្យទាននេះឃើញថាអ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសអ្នកដែលមកពីខេត្តមកភ្នំពេញធ្វើការអីហ្នឹងគេទៅស្រុកអស់ហើយអត់មានអ្នកណាជិះឡានក្រុងទេ ខ្ញុំសង្កេតឃើញអញ្ចឹង! ដឹកមនុស្សពីរបីនាក់ ក្នុងមួយជើងៗ ក្នុងពិធីបុណ្យធំៗអញ្ចឹង បានន័យថាគេទៅស្រុកអស់ហើយ អញ្ចឹងរដ្ឋគួរតែពិចារណាយកឡានក្រុងដែលមានស្រាប់ហ្នឹងសម្រាប់ជួយសម្រួលដឹកអ្នកដំណើរទៅខេត្តទៅ ដើម្បីកុំឲ្យពួកវិស័យឯកជនវាជិះសេះលែងដៃខ្លាំងពេក”៕ រាយការណ៍បន្ថែមដោយ ហ៊ុន សិរីវឌ្ឍន៍