នៅអ៊ីស្លង់កំពុងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីអ្នកចាស់លាលែងពីតំណែង​

(រូបភាពពី ecelandreview)

គណបក្សនយោបាយនៅក្នុងប្រទេសអ៊ីស្លង់បានព្រមព្រៀងគ្នាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅ​ពេលខាងមុខ ប៉ុន្តែពេលនេះ​ពួកគេបានជ្រើសរើសរដ្ឋមន្ត្រីមួយរូបឲ្យកាន់តំណែងនេះបណ្តោះអាសន្ន។​

កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីអ៊ីស្លង់​លោក​ Sigmundur David Gunnlaugsson បានប្រកាសលាលែងចេញពីតំណែងបន្ទាប់ពីមានការចោទថាលោក​បានលាក់លុយនៅក្រៅប្រទេសតាមការបែកធ្លាយឯកសាររបស់ក្រុមអ្នកច្បាប់នៅប៉ាណាម៉ា។​ ទោះយ៉ាងណានាយករដ្ឋមន្ត្រីរូបនេះបដិសេធថាលោកមិនបានលាក់លុយដូចការចោទប្រកាន់ទេតែលោកលាលែងដើម្បីឲ្យមានការស៊ើបអង្កេតលើករណីនេះតាមការទាមទាររបស់ប្រជាពលរដ្ឋ។

ក្រោយការប្រកាសលាលែងពី​តំណែងនាយករដ្ឋមន្ត្រី១ថ្ងៃគឺនៅថ្ងៃពុធ គណបក្សរីកចម្រើននិងគណបក្សឯក​រាជ្យបានជជែកគ្នាពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅពេលខាងមុខ ប៉ុន្តែក្នុងស្ថានភាពបច្ចុប្បន្ននេះ ពួកគេបានជ្រើសរើសរដ្ឋមន្ត្រីក្រសួងកសិកម្មគឺលោក​ Sigurdur Ingi Johannssonn អាយុ៥៣ឆ្នាំឲ្យកាន់តំណែងនេះបណ្តោះអាសន្ន។

លោក Johannssonn ដែលត្រូវទទួលតំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននេះ លោកបង្ហាញក្តីសង្ឃឹមថា នឹងមានការបោះឆ្នោតជាផ្លូវការ​ជ្រើសរើសនាយករដ្ឋមន្ត្រីនៅចុងឆ្នាំនេះដោយការគ្រោងទុក។​ លោកថ្លែងថា លោកនឹងធ្វើការរួមគ្នាដើម្បីរក្សាលំនឹងស្ថិរភាពនយោបាយ។​

លោក​ Sigmundur David Gunnlaugsson​ អាយុ៤១ឆ្នាំជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣ ហើយតាមគម្រោងលោកនឹងផុតអាណត្តិឆ្នាំ២០១៧តែដោយសារលោកមានឈ្មោះក្នុងបញ្ជីអ្នកលាក់លុយនៅក្រៅប្រទេស ហើយប្រជាពលរដ្ឋ​ទាមទារឲ្យលោកលាលែងចេញពីតំណែង ទើបនាយករដ្ឋមន្ត្រីរូបនេះសម្រេចប្រកាសលា​ឈប់កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ