ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ថា“អយុត្តិធម៌ណាស់”

លោក ស៊ុត ឌីណា ពេល​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិិ៍​នេះ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ ហើយលោកបានស្រែកថា ករណីនេះជារឿង“អយុត្តិធម៌”។

កាលពីព្រឹកថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ស៊ុត ឌីណា ពីក្រសួងការបរទេសកម្ពុជាទៅកាន់អង្គភាព ដើម្បីសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ។

បន្ទាប់ស្ថិតក្រោមការឃុំខ្លួន និងសាកសួរពីអង្គភាពប្រឆាំងអំពើពុករលួយអស់រយៈពេល៣ថ្ងៃមក លោក ស៊ុត ឌីណា ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៩និង៣០នាទី រួចត្រូវបាននាំខ្លួនទៅសាកសួរ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូងរាជធានី លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។

កាលពីម្សិលមិញ ឪពុកម្តាយរបស់លោក ស៊ុត ឌីណា បានចេញមុខសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឲ្យកូនប្រុសបានរួចខ្លួនពីការចោទប្រកាន់និងអះអាងថាកូនរបស់គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

បើយោងតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ត្រូវឃាត់ខ្លួនក្រោយពីលោកត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជាកាលពីយប់ថ្ងៃអាទិត្យ។ លោកបញ្ជាក់ថា លោក ស៊ុត ឌីណា ត្រូវឃាត់ខ្លួនមកសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយ តាមបណ្តឹងមួយចំនួន។

កាលពីថ្ងៃទី១៤ខែមីនា លោក ស៊ុត ឌីណា បានផ្ញើសារមួយតាមរយៈហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីមេត្តាពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយលោកថាលោកកំពុងត្រូវបានគេមូលបង្កាច់និងមានចេតនាទម្លាក់លោកចេញពីតំណែង។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”។

លោក ស៊ុត ឌីណា បានបញ្ជាក់ក្នុងសារទៅនាយករដ្ឋមន្រ្តីថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”។

លោក ស៊ុត ឌីណា ក៏បានសុំទោសនាយករដ្ឋមន្រ្តី ដែលលោកបានស្នើសុំនៅលើហ្វេសប៊ុកបែបនេះ។

លោក ស៊ុត ឌីណា ធ្លាប់ប្រាប់វីអូឌី(VOD)លោកចង់ផ្ញើសារនេះទៅកាន់មន្រ្តីពាក់ព័ន្ធមួយចំនួនដែលលោកថាចង់ឲ្យចេះធ្វើការជាមួយបញ្ញវន្តនិងតាមបរិបទនៃកំណែទម្រង់ស៊ីជម្រៅ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសរសេរហ្នឹងក្នុងន័យចង់ឲ្យមន្រ្តីដែលមកបុករុកហ្នឹង ដឹងឭ។ ចង់ឲ្យមន្រ្តីមួយចំនួនពាក់ព័ន្ធហ្នឹងចេះធ្វើការជាមួយបញ្ញវ័ន្ត ក្នុងបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ មន្រ្តីអសកម្ម កុំឲ្យគាត់នាំគ្នាបង្កបរិយាកាសធ្វើឲ្យពិបាក”។ លោកបដិសេធមិនអត្ថាធិប្បាយលម្អិតលើបញ្ហាដែលលោកជួបប្រទះ។

លោក ស៊ុត ឌីណា បន្តថា មូលហេតុដែលលោកសរសេរជាសាធារណៈបែបនេះ ដោយថាចង់ឲ្យមានតម្លាភាពនិងឲ្យសាធារណជនបានដឹងពីបញ្ហានេះ។ លោកបញ្ជាក់ថាលោកមិនបារម្ភពីការបាត់បង់តំណែង ដោយសារការសរសេរសារបែបនេះនោះទេ។

គួរបញ្ជាក់ថាលោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ